ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ០២គ្រួសារនៅឃុំស្រឡៅ ទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមស្រុកតាំងគោក
AKP កំពង់ធំ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ --
លោក ហាក់ ម៉ុងហួត ប្រធានអនុសាខាកាកបាទក្រហមស្រុកតាំងគោក និងសហការី នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នេះ បាននាំយកកំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកទៅចុះសួរសុខទុក្ខគ្រួសារដែលរងគ្រោះដោយខ្យល់កន្រ្តាក់កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងភូមិសិរីសាមគ្គីកណ្តាល ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។

លោក ហាក់ ម៉ុងហួត បានបញ្ជាក់ថា គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលឱ្យខូចខាតផ្ទះសម្បែងចំនួន ០២ខ្នងនោះ មានម្ចាស់ផ្ទះ ១. ឈ្មោះ ជា សុភ័សផ្ទះទំហំ ០៦ម៉ែត្រគុណ ០៧ម៉ែត្រ ស្ថានភាពខូចខាត របើកដំបូលទាំងស្រុង១០០%។ ២. ឈ្មោះ ពុំ ច្រិបផ្ទះទំហំ ០៧ម៉ែត្រគុណ ០៨ម៉ែត្រ ខូចខាតអស់ទាំងស្រុង។

ក្នុងឱកាសនោះ លោក ហាក់ ម៉ុងហួត ប្រធានអនុសាខាកាកបាទក្រហមស្រុកតាំងគោក បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីចម្ងាយពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែលជានិច្ចកាលសម្ដេច និងឯកឧត្តម តែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមទិសស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា"។ សូមបញ្ជាក់ថា គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ខូចខាតផ្ទះអស់ទាំងស្រុង ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោកដោយក្នុងមួយ ១គ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ០១កេស ត្រីខ ០២យួរ ទឹកត្រី ០១យួរ ទឹកស៊ីអ៊ីវ ០១យួរ ទឹក ០៦យួរ តង់០១ និងថវិកា ១០ម៉ឺនរៀល ក្នុងនោះរដ្ឋបាលឃុំស្រឡៅក៏បានឧបត្ថម្ភ ០៥ម៉ឺនរៀលផងដែរ៕
ដោយ៖ ស៊ុម វណ្ណា





