លោក ហួត ហៃ៖ ជំរុញសកម្មភាពកីឡា រួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅរាជធានីភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ --
លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា ការជំរុញសកម្មភាពកីឡា ជាការគិតគូរទៅលើសុខភាព គុណភាពនៃការរស់នៅ ពិសេសសុខុមាលភាពប្រជាពលរដ្ឋដែលជាធនធាន និងមូលធនមនុស្សដ៏សំខាន់ រួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍នៅរាជធានីភ្នំពេញ។

លោក ហួត ហៃ តំណាងឯកឧត្ដម ឃូង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញបែបនេះ ក្នុងឱកាសដែលលោកចូលរួមជាអធិបតី ទិវាយោគៈ អន្តរជាតិ ដែលរៀបចំឡើងដោយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នៅបរិវេណសួនច្បារតេជោមាសតេជោយ៉ត់ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ នេះ។ លោកអភិបាលរងរាជធានី បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំលើកកម្ពស់ សុខុមាលភាពសាធារណៈ តាមរយៈការពង្រឹងសេវាសុខាភិបាលឱ្យមានគុណភាព ការកែលម្អអនាម័យបរិស្ថានក្នុងទីក្រុង ការលើកកម្ពស់សុវត្ថិភាពចំណីអាហារ ការចូលរួមទប់ស្កាត់ ការផលិត ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ការលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ការពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ការទប់ស្កាត់ និងបង្ក្រាបល្បែងអនឡាញ និងការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងការផ្តល់សេវាសាធារណៈឱ្យបានល្អ តាមរយៈយន្តការច្រកចេញចូលតែមួយ ទាំងនៅថ្នាក់រាជធានី ថ្នាក់ខណ្ឌ និងថ្នាក់សង្កាត់។

លោក ហួត ហៃ បានបញ្ជាក់ថា ការជំរុញសកម្មភាពកីឡា ក៏ជាការជួយផងដែរក្នុងការទាក់ទាញភ្ញៀវទេសចរ បង្កើនចំណូលសេដ្ឋកិច្ច លើកកម្ពស់កិត្តិយសជាតិ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងផ្សព្វផ្សាយពីវប្បធម៌ រួមផ្សំនឹងសមិទ្ធផលនៃការរីកចម្រើនវិស័យទេសចរណ៍កន្លងទៅ ជាមួយនឹងការព្យាករណ៍ពីការអភិវឌ្ឍនាពេលខាងមុខ ស្របពេលហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលបម្រើដល់វិស័យទេសចរណ៍ត្រូវបានកសាង និងមានគម្រោងកសាងឡើងបន្ថែមទៀត ឥតឈប់ឈរ នឹងប្រែក្លាយគោលដៅទេសចរណ៍ឱ្យកាន់តែមានភាពទាក់ទាញ ងាយស្រួល សុវត្ថិភាព និងបន្តក្លាយជាគោលដៅទេសចរណ៍ដ៏មានសក្តានុពល សម្រាប់ទេសចរណ៍ពិភពលោកនាពេលខាងមុខ។ ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ លោកក៏សូមគាំទ្រ និងចូលរួមជាមួយក្រសួងទេសចរណ៍ ដៃគូពាក់ព័ន្ធ នូវការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ និងសកម្មភាពការងារសំខាន់ៗឆ្ពោះទៅសម្រេចបេសកកម្មរួមរបស់រាជរដ្ឋាភិបាល ។

លោក វ៉ាន់ឡាល់វ៉ាវណា បាវីតឡុង ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា បានថ្លែងរំលឹកថា នៅជុំវិញពិភពលោក មនុស្សកាន់តែច្រើនឡើងៗកំពុងទទួលស្គាល់ថា យោគៈអាចធ្វើឱ្យសុខភាពទូទៅ និងគុណភាពជីវិតមានភាពប្រសើរឡើង។ យោគៈ មានដើមកំណើតនៅប្រទេសឥណ្ឌាតាំងពីសម័យកាលបុរាណមកម៉្លេះ។ វាជាការហាត់ប្រាណមួយ ពង្រឹងរាងកាយ និងចិត្តរួមគ្នា និងផ្សារភ្ជាប់ភាពសុខដុមនៃជិវិតជាមួយធម្មជាតិ។ ប្រទេសកម្ពុជា បានប្រារព្ធទិវាយោគៈអន្តរជាតិជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០១៥ មកម៉្លេះ។ ការប្រារព្ធពិធីទាំងនេះ បានជួយបង្កើនការយល់ដឹង និងចំណាប់អារម្មណ៍លើយោគៈទូទាំងប្រទេស៕
ដោយ៖ សួស សំរិត





