គម្រោង PCRL របស់អង្គការ FAO ជំរុញការធ្វើពិពិធកម្មជីវភាពរស់នៅតាមរយៈសាលារៀនកសិករ
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦–
គម្រោង PCRL របស់អង្គការ FAO បានរៀបចំវគ្គបណ្តុះបណ្តាលសាលារៀនកសិករ នៅខេត្តបាត់ដំបង និងខេត្តសៀមរាប ដើម្បីពង្រឹងចំណេះដឹង និងជំនាញបច្ចេកទេសរបស់កសិករលើការដាំដុះដំណាំដំឡូងមី។ ស្របគ្នានេះ នៅខេត្តសៀមរាប ការបណ្តុះបណ្តាលក៏បានផ្តោតលើបច្ចេកទេសរៀបចំដីសម្រាប់ដំណាំស្វាយចន្ទីផងដែរ ដើម្បីជួយកសិកររៀបចំមូលដ្ឋានផលិតកម្មឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។នេះបើតាមការឱ្យដឹងពីអង្គការ FAO នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ។

តាមរយៈការរៀនសូត្របែបអនុវត្តជាក់ស្តែង កសិករបានស្វែងយល់អំពីការជ្រើសរើសពូជ ការរៀបចំដី ការគ្រប់គ្រងជីជាតិដី ការប្រើប្រាស់ធាតុចូលប្រកបដោយប្រសិទ្ធភាព និងបច្ចេកទេសដាំដុះដែលសមស្រប ដើម្បីបង្កើនទិន្នផល កាត់បន្ថយការចំណាយ និងលើកកម្ពស់និរន្តរភាពនៃផលិតកម្មកសិកម្ម។ សកម្មភាពនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់គម្រោង PCRL ក្នុងការលើកកម្ពស់ការធ្វើពិពិធកម្មជីវភាពរស់នៅ បង្កើនឱកាសសេដ្ឋកិច្ចសម្រាប់កសិករ និងពង្រឹងភាពធន់របស់សហគមន៍ចំពោះការប្រែប្រួលអាកាសធាតុ។ តាមរយៈការគាំទ្របច្ចេកទេស និងការអភិវឌ្ឍសហគមន៍ គម្រោងមានគោលបំណងជួយឱ្យប្រជាពលរដ្ឋអាចបង្កើនប្រាក់ចំណូល និងបន្តចូលរួមថែរក្សា និងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាពសម្រាប់មនុស្សជំនាន់ក្រោយ។

គម្រោង PCRL ជាការផ្តួចផ្តើមគំនិតរួមគ្នារយៈពេលប្រាំឆ្នាំ ដោយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ជាមួយនឹងអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន (GDLC) នៃក្រសួងបរិស្ថាន ដែលទទួលបានការគាំទ្រហិរញ្ញប្បទានពីមូលនិធិបរិស្ថានសាកល (GEF) ៕

ដោយ៖ ណយ នឿន (ប្រភព៖FAO)





