បណ្តាញ ALISEA រៀបចំកម្មវិធីទិវាជំនួបអ្នកប្រើប្រាស់នៅខេត្តស្វាយរៀងដើម្បីពង្រឹងការយល់ដឹងអំពីកសិផលសុវត្ថិភាព ដែលផលិតតាមការអនុវត្តន៍កសិអេកូឡូស៊ី
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦--លោក ឌុច គន្ធា អភិបាលរងខេត្តស្វាយរៀងបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះបណ្តាញកសិអេកូឡូស៊ី ហៅកាត់ បណ្តាញ ALISEA ក្នុងការរៀបចំកម្មវិធីទិវាជំនួបអ្នកប្រើប្រាស់ ក្រោមប្រធានបទ៖ «ពង្រឹងការយល់ដឹងរបស់អ្នកប្រើប្រាស់អំពីកសិផលសុវត្ថិភាពដែលផលិតតាមការអនុវត្តន៍កសិអេកូឡូស៊ី» រយៈពេល២ថ្ងៃ ពីថ្ងៃទី១៩ ដល់ទី២០ ខែមិថុនា ឆ្នាំ២០២៦ នៅសួនទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល) ទីរួមខេត្តស្វាយរៀង។

ថ្លែងក្នុងពិធីបើកទិវាជំនួបនេះនារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ លោក ឌុច គន្ធា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបណ្តាញកសិអេកូឡូស៊ីនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍វិស័យកសិកម្ម និងកសិអេកូឡូស៊ី។

លោកបានបន្តថា អ្នកប្រើប្រាស់មានការយកចិត្តទុកដាក់ចំពោះគុណភាព និងសុវត្ថិភាពចំណីអាហារ និងអាហារូបត្ថម្ភ ហើយថា ការកើនឡើងនៃការយកចិត្តទុកដាក់នេះគឺជានិន្នាការវិជ្ជមានមួយឆ្ពោះទៅរកសុវត្ថិភាពចំណីអាហារ និងបង្កើតឱកាសក្នុងការពង្រឹងការទំនាក់ទំនង និងទំនុកចិត្តរវាងអ្នកផលិត និងអ្នកប្រើប្រាស់ ព្រមទាំងជំរុញការអភិវឌ្ឍទីផ្សារសម្រាប់កសិផលសុវត្ថិភាពសម្រាប់សុខភាពសាធារណៈ។
អភិបាលរងខេត្តស្វាយរៀងរូបនេះបានបន្ថែមថា ទិវាជំនួបអ្នកប្រើប្រាស់នាថ្ងៃនេះមានសារៈសំខាន់ក្នុងបរិបទបច្ចុប្បន្ន ដោយតាមរយៈជំនួបកសិករអ្នកផលិតកសិកម្ម អ្នកប្រើប្រាស់ អង្គការកសិករ វិស័យឯកជន ស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍបានផ្តល់ឱកាសផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត និងអ្នកប្រើប្រាស់ ព្រមទាំងពង្រឹងការយល់ដឹងរបស់សាធារណៈជនអំពីភាពខុសគ្នា និងតម្លៃបន្ថែមនៃកសិផលសុវត្ថិភាពដែលផលិតតាមការអនុវត្តកសិអេកូឡូស៊ី និងកសិកម្មប្រកបដោយចីរភាព។

លោក ឌុច គន្ធា បានគូសបញ្ជាក់ថា ការអនុវត្តន៍កសិអេកូឡូស៊ីបានរួមចំណែកដោយផ្ទាល់ក្នុងការសម្រេចគោលដៅជាតិ តាមរយៈការលើកកម្ពស់វិធីសាស្ត្រកសិកម្មដែលគិតគូរដល់បរិស្ថាន កាត់បន្ថយការពឹងផ្អែកខ្លាំងលើធាតុចូលគីមី អភិរក្សធនធានធម្មជាតិ បង្កើនគុណភាពដី និងផលិតចំណីអាហារដែលមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ ទន្ទឹមនឹងនេះកសិអេកូឡូស៊ីក៏ជួយពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់និរន្តរភាពជីវភាពរស់នៅរបស់កសិករផងដែរ។
លោកបានបន្ថែមថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើទំនើបកម្មកសិកម្ម ធ្វើពិពិធភាវូនីយកម្មដំណាំដែលមានសក្តានុពលទីផ្សារ ដំណាំបន្លែ ផ្លែឈើចម្រុះ ចិញ្ចឹមសត្វ និងវារីវប្បកម្ម កែលម្អគុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញ ហើយថាកម្មវិធីថ្ងៃនេះគឺជាចំណែកមួយក្នុងការជួយជំរុញកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និយាយដោយឡែក រដ្ឋបាលខេត្តស្វាយរៀង តាមរយៈការតាំងពិព័រណ៍កសិផលសុវត្ថិភាព វេទិកាសិក្សា និងចែករំលែកចំណេះដឹង ព្រមទាំងទស្សនកិច្ចសិក្សានៅទីតាំងកសិដ្ឋានគំរូ ដែលសកម្មភាពទាំងនេះនឹងផ្តល់ឱកាសដ៏សំខាន់ដល់អ្នកប្រើប្រាស់ ក្នុងការសិក្សាឈ្វេងយល់ឱ្យបានកាន់តែច្បាស់អំពីប្រភពអាហារ របៀបនៃការផលិត និងសារៈសំខាន់នៃការគាំទ្រផលិតផលសុវត្ថិភាពដែលផលិតក្នុងស្រុក។

សូមជម្រាបថា កម្មវិធីទិវាជំនួបអ្នកប្រើប្រាស់រយៈពេល២ថ្ងៃនៅសួនទន្លេវ៉ៃគោ ទីរួមខេត្តស្វាយរៀងនេះមានរួមបញ្ចូលទាំងពិព័រណ៌ទីផ្សារសម្រាប់ផ្សព្វផ្សាយ និងដាក់តាំងបង្ហាញផលិតផល និងកសិផលសុវត្ថិភាព វេទិកាសិក្សារៀនសូត្រ និងចែករំលែកបទពិសោធន៍ ដើម្បីផ្សព្វផ្សាយចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធ រួមទាំងទស្សនកិច្ចសិក្សានៅទីតាំងផលិត ដែលអនុវត្តបានល្អផងដែរ ដោយការផ្តួចផ្តើមនៃកម្មវិធីនេះ មានគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត និងអ្នកប្រើប្រាស់ ព្រមទាំងពង្រឹងការយល់ដឹងអំពីភាពខុសគ្នានៃផលិតផល ឬកសិផលសុវត្ថិភាពដែលផលិតតាមការអនុវត្តកសិអេកូឡូស៊ី ខណៈនិន្នាការបច្ចុប្បន្នអ្នកប្រើប្រាស់ចាប់ផ្តើមបង្កើនការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពចំណីអាហារ សុខភាព ក៏ដូចជានិរន្តរភាពបរិស្ថាន។

ក្នុងឱកាសនោះ បណ្តាញ ALISEA ដែលជាបណ្តាញសមាជិកភាពថ្នាក់តំបន់មួយដែលផ្សារភ្ជាប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញវឌ្ឍនាការកសិអេកូឡូស៊ីក្នុងតំបន់អាស៊ីអាគ្នេយ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រទេសប៊ែលហ្ស៊ិក (DGD) ទីភ្នាក់ងារស្វីសដើម្បីការអភិវឌ្ឍន៍ (SDC) ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប (EU) ដែលជាអ្នកផ្តល់មូលនិធិដល់បណ្តាញ ALISEA សម្រាប់ការរៀបចំកម្មវិធីទិវាជំនួបអ្នកប្រើប្រាស់នាពេលនេះ៕
ដោយ ចាន់ សុភឿន





