សម្ដេចតេជោ ហ៊ុន សែន លើកឡើងពីកិច្ចសហប្រតិបត្តិការបន្ថែមទៀតទាក់ទងទៅនឹងវិស័យការពារជាតិរវាង កម្ពុជា និងបេឡារុស
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ -- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងពីកិច្ចសហប្រតិបត្តិការ ទាក់ទងទៅនឹងវិស័យការពារជាតិរវាង កម្ពុជា និងបេឡារុស និងវិស័យនានា ដើម្បីធ្វើយ៉ាងណាឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។ នេះបើតាមការឱ្យដឹងរបស់ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Uladzimir Baravikou ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបេឡារុស ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលជួបជាមួយនឹងឯកឧត្តមអគ្គរដ្ឋទូតបេឡារុសប្រចាំកម្ពុជា។ សម្ដេចតេជោក៏បានលើកឡើងអំពីទំនាក់ទំនងដ៏ល្អជាមួយគ្នារវាងប្រទេសយើងទាំងពីរ ហើយសង្ឃឹមថា ក្នុងបេសកកម្មរបស់ឯកឧត្តមជាអគ្គរដ្ឋទូតរបស់បេឡារុស ប្រចាំកម្ពុជា នឹងធ្វើឱ្យទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងបេឡារុស កាន់តែរឹងមាំបន្ថែមទៀត។

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបេឡារុស បានសម្ដែងនូវការអរគុណដែលសម្ដេចតេជោបានអនុញ្ញាតឱ្យឯកឧត្តមបានជួបសម្ដែងការគួរសមនាពេលនេះ។ ឯកឧត្តមបានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជា និងបេឡារុស ដែលមានជាយូរមកហើយ និងរម្លឹកអំពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសបេឡារុសនាពេលកន្លងទៅ ជាពិសេសនៅក្នុងឆ្នាំ២០១៤ នៅពេលដែលសម្ដេចតេជោនៅជានាយករដ្ឋមន្ត្រី ដែលបានពូនជ្រុំនូវទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។ បន្ថែមលើសពីនេះ ឯកឧត្តម ក៏បានបញ្ជាក់ថា កម្ពុជា និងបេឡារុស មានគោលដៅស្រដៀងគ្នា ដូច្នេះហើយប្រទេសទាំងពីរត្រូវតែពង្រឹងនូវទំនាក់ទំនងជាមួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានលើកឡើងទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការ ដែលប្រទេសទាំងពីរនៅមានសក្តានុពលត្រូវធ្វើជាមួយគ្នា នៅក្នុងនោះ ឯកឧត្តមបានឱ្យដឹងថា ប្រទេសទាំងពីរគួរតែមានកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័ននីតិបញ្ញត្តិ ដោយក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្រតិបត្តិប្រទេសទាំងពីរត្រូវតែជំរុញនូវពាណិជ្ជកម្ម សេដ្ឋកិច្ចជាមួយគ្នាឱ្យមានការកើនឡើង។ បន្ថែមពីនេះទៀត ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងបញ្ជាក់ទៀតថា សម្រាប់បេឡារុស គឺមានការចាប់អារម្មណ៍ទៅលើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ផ្នែកត្រាក់ទ័រ ដែលបម្រើដល់វិស័យកសិកម្មតែម្ដង។

ជាមួយគ្នានោះ ឯកឧត្តមក៏ចង់ជំរុញឱ្យប្រទេសទាំងពីរមានជើងហោះហើរត្រង់ជាមួយគ្នា ដើម្បីឱ្យប្រជាជនប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធ និងទេសចរណ៍នៃប្រទេសទាំងពីរ ក៏អាចទៅទស្សនាបេឡារុស ហើយប្រជាជនបេឡារុស ក៏អាចមកទស្សនានៅកម្ពុជាបាន។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានរំលេចផងដែរ អំពីការបង្កើនអាហារូបករណ៍ ជាពិសេសការផ្លាស់ប្ដូរនូវនិស្សិតរវាងកម្ពុជា និងបេឡារុស ឱ្យមានការកើនឡើងបន្ថែមទៀត។
ក្នុងឱកាសនោះ សម្ដេចតេជោប្រមុខរដ្ឋស្ដីទី បានពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតបេឡារុស ក្នុងការជំរុញនូវពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគរវាងកម្ពុជា និងបេឡារុស។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា៖ «ប្រទេសទាំងពីរត្រូវមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតទាក់ទងទៅនឹងវិស័យការពារជាតិ និងវិស័យនានាទៀតដែលធ្វើយ៉ាងណាឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត»៕
ដោយ៖ ជឹម ណារី





