បទយកការណ៍៖ ការគាំទ្រទុរេនខ្មែរ បានពង្រឹងសេដ្ឋកិច្ចសហគមន៍កសិកម្មក្នុងមូលដ្ឋានឱ្យមានភាពរឹងមាំ
AKP សៀមរាប ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦--បច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរភាគច្រើនបានចាប់ផ្ដើមយល់ដឹងពីគុណតម្លៃនៃចំណីអាហារដែលមានសុវត្ថិភាព ជាពិសេសការគាំទ្រលើផលិតផលរបស់ខ្មែរ។ ក្រៅពីផលិតផល និងម្ហូបអាហារនោះ ទុរេនខ្មែរ គឺជាផលិតផលមួយដែលប្រជាពលរដ្ឋខ្មែរភាគច្រើន ចូលចិត្ដបរិភោគ បើទោះជាដាំនៅខេត្តណាក៏ដោយ សុទ្ធតែត្រូវបានទទួលស្គាល់ថា មានរសជាតិផ្អែមមុត និងមានលក្ខណៈធម្មជាតិពិតៗ ដោយសារការយកចិត្តទុកដាក់មើលថែទាំពីកសិករក្នុងស្រុក ដោយពុំមានការប្រើប្រាស់សាធាតុគីមីឡើយ។

បច្ចុប្បន្ននេះ ប្រជាជនខ្មែរនៅទូទាំងប្រទេស បានងាកមកគាំទ្រទុរេនខ្មែរ ហើយភាគច្រើនពួកគាត់ធ្វើដំណើរទៅទិញទុរេននៅចម្ការដោយផ្ទាល់ ដើម្បីបានដឹងពីប្រភពច្បាស់លាស់ថា ទុរេនខ្មែរពិត ដាំដុះតាមលក្ខណៈធម្មជាតិពិតៗ។

ដោយមានចរន្តនៃការគាំទ្រកាន់តែច្រើនលើផលិតផលទុរេនខ្មែរនៅពេលនេះ គឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ ពីការរីកចម្រើននៃ «ស្មារតីជាតិនិយម» ផ្នែកសេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជានោះ ការជ្រើសរើសបរិភោគផល្លានុផលក្នុងស្រុក មិនត្រឹមតែនាំមកនូវសុខភាពល្អ និងរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាកត្តាមួយយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកកសាង និងពង្រឹងសេដ្ឋកិច្ចសហគមន៍កសិកម្មរបស់ខ្មែរឱ្យមានភាពរឹងមាំ និងមាននិរន្តរភាពទៅថ្ងៃអនាគត ពីព្រោះការទិញធុរេនខ្មែរមួយផ្លែ មិនមែនត្រឹមតែជាការបំពេញចំណង់អាហារនោះទេ ប៉ុន្តែវាជាការហុចដៃជួយដល់សេដ្ឋកិច្ចរបស់កសិករខ្មែរ។

លោក យូ ចំរើន ជាម្ចាស់ចម្ការទុរេនចំរើន កោះកេរ ស្ថិតនៅភូមិស្រយ៉ង ឃុំស្រយ៉ង ស្រុកគូលែន ខេត្តព្រះវិហារបានបញ្ជាក់ឱ្យដឹងថា សម្រាប់នៅក្នុងចម្ការទុរេនរបស់លោកឆ្នាំនេះ ឃើញថា មានប្រជាពលរដ្ឋខ្មែរជាច្រើនបានធ្វើដំណើរមកទិញទុរេននៅចំការដោយផ្ទាល់មានការកើនឡើងជាងបណ្តាឆ្នាំមុនៗ។ លោកបន្ដថា សម្រាប់ថ្ងៃសៅរ៍ ឬអាទិត្យក្នុងមួយថ្ងៃមានប្រមាណជា១០០នាក់ ទៅ២០០នាក់ និងមានអ្នកមកទិញដុំទៅលក់រាយផ្សេងទៀត ដែលពេលខ្លះការលក់ជូនពួកគាត់ស្ទើរតែមិនទាន់។ លោកចង់ឱ្យប្រជាពលរដ្ឋខ្មែរបន្តគាំទ្រផ្លែឈើនៅក្នុងស្រុក ជាពិសេសទុរេននេះ ឱ្យបានច្រើនបន្តទៅទៀត ដើម្បីឱ្យប្រជាកសិកយើងកាន់តែមានកម្លាំងចិត្តក្នុងការផលិត និងពង្រីកការដាំដុះឱ្យកាន់តែមានទំហំធំ អាចផ្គត់ផ្គង់ទីផ្សារនៅក្នុងប្រទេសបាន ដោយពុំបាច់មានការនាំចូលពីប្រទេសជិតខាង។ លោកក៏បានអះអាងថា៖ «សម្រាប់នៅក្នុងចម្ការរបស់ខ្ញុំ បច្ចុប្បន្ននេះ មានទុរេនចំនួន២០០ដើម នៅលើផ្ទៃដីជាង២ហិកតា និងកំពុងដាំបន្ថែមចំនួន៨០០ដើម ហើយសម្រាប់ទិន្និផលក៏មានការកើនឡើងជាងឆ្នាំមុនផងដែរ»។

លោក យូ ចំរើន បាននិយាយបន្តថា ការដាំដុះទុរេនរបស់លោក ផ្តោតសំខាន់ទៅលើគុណភាព រសជាតិ ជាពិសេសផ្តោតសំខាន់ទៅសុវត្តិភាពចំណីអាហារតែម្តង ដោយលោកបានប្រើប្រាស់ជីធម្មជាតិ១០០ភាគរយ។ លោកបានលើកឡើងថា ក្នុងចំណោមទុរេនជាង២០០ដើមរបស់លោក គឺមានទុរេនទឹកដោះគោស្ងួត និងទុរេនខ្នើយមាស ដែលមានរសជាតិខុសគ្នាបន្តិច ដោយទុរេនខ្នើយមាស មានរសជាតិផ្អែមឈ្ងុយហើយមានក្លិនក្រអូបជាងទុរេនទឹកដោះគោស្ងួត។
ទាក់ទងនឹងការគាំទ្រផលិតរបស់ខ្មែរនេះដែរ កញ្ញា សុំា សុខាត្តិយា ជាប្រជាពលរដ្ឋមកពីខេត្តសៀមរាប បានឱ្យដឹងថា កញ្ញាជាមនុស្សម្នាក់ដែលចូលចិត្តញុំាទុរេនណាស់ ដោយពីមុនមិនសូវខ្វល់ថា ទុរេនដាំនៅទីណាទេ ឬនាំមកពីណាទេ។ តែប៉ុន្មាន ឆ្នាំចុងក្រោយនេះ កញ្ញាញ៉ាំតែទុរេនខ្មែរយើងទេ ជាពិសេសទុរេន នៅកោះកេរ សៀមរាប កំពត កំពង់ចាម ឬសំឡូត ក្នុងខេត្ដបាត់ដំបង។ កញ្ញានិយាយបញ្ជាក់ផងដែរថា ចំពោះទុរេនដែលដាំក្នុងស្រុក សាច់វាមានពណ៌លឿងស្អាត ផ្អែមឈ្ងុយ និងមិនធំក្លិនថ្នាំគីមីដូចទុរេននាំចូលទេ។ ជាមួយគ្នានេះ កញ្ញា សុំា សុខាត្តិយា បាននិយាយបន្ថែមថា៖ «ទោះតម្លៃរាងខ្ពស់ជាងបន្តិចមែន ប៉ុន្តែវាមានសុវត្ថិភាពសម្រាប់សុខភាព និងដឹងពីប្រភពច្បាស់ ជាពិសេស ខ្ញុំ គាំទ្រផលិតផលក្នុងស្រុក ដែលដាំដុះដោយបងប្អូនប្រជាកសិករយើង»។

សូមជម្រាបជូនថា ទុរេនជាប្រភេទរុក្ខជាតិហូបផ្លែ ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងពីមហាជនទូទៅ ប៉ុន្តែដំណាំប្រភទនេះ ក៏ពិបាកក្នុងការដាំដុះថែទាំជាខ្លាំងផងដែរ។ ការដាំដុះត្រូវយកចិត្តទុកដាក់ខ្ពស់ យល់ដឹងពីរបៀបថែទាំ ជាពិសេសបច្ចេកទេសថែស្លឹក ដើម ឫស ផ្កា និងផ្លែ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ការដាំដំណាំទុរេននៅកម្ពុជា នាពេលបច្ចុប្បន្ន កំពុងតែពេញនិយម ដោយសារមានអតិថិជននៅក្នុងស្រុកជាច្រើនបានគាំទ្រទៅលើគុណភាព និងសុវត្ថិភាពរបស់ផលិតផលទុរេន របស់កម្ពុជា៕
ដោយ៖ ឃុត សៅ





