សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា
AKP ឧត្តរមានជ័យ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦--សាខាកាកបាទក្រហមខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ បានប្រារព្វព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក្រោមអធិបតី ឯកឧត្តម មាន ចាន់យ៉ាដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តឧត្តរមានជ័យ។ ពិធីនេះបានប្រារព្ធធ្វើឡើងនៅវត្តសីតវ័ន្តសិទ្ធីពង្រ ឃុំពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

ឆ្លៀតក្នុងពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩០យាងចូល៩១ ព្រះវស្សា ដ៏វិសេសវិសាលនេះ ឯកឧត្តម មាន ចាន់យ៉ាដាបានមានប្រសាសន៍ថា ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមសម្តែងនូវការគោរព និងចងចាំគ្មានថ្ងៃបំភ្លេចបាន នូវស្នាព្រះហត្ថព្រះរាជសកម្មភាពសម្ដេចម៉ែ សម្ដេចយាយជាអម្ចាស់ក្នុងព្រះរាជបេសកកម្ម បម្រើប្រទេសជាតិមាតុភូមិ ក្នុងវិស័យមនុស្សធម៌ ព្រមទាំងបានបួងសួងថ្វាយព្រះពរជ័យ មហាប្រសើរថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធាន កិត្តិយស កាកបាទក្រហមកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គរមាន ព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ព្រះជន្មយឺតយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្ត្រជា កូនចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ ៕



ដោយ ទិត ស្រ៊





