លោក សូ ឃុនវីរក្ស ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ
AKP កំពង់ស្ពឺ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦---រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាល រងខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីនេះដែរក៏បានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្តយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានចូលរួមអបអរសាទរ លោក សូ ឃុនវីរក្ស ដែលត្រូវបានតែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដើម្បីចូលរួមចំណែកដឹកនាំ និងអភិវឌ្ឍន៍ខេត្តឱ្យកាន់តែរីកចម្រើន។

ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើឱ្យលោកអភិបាលរងថ្មី ត្រូវខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ច បម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងសហការជិតស្និទ្ធជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍខេត្តកំពង់ស្ពឺ ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត ឯកឧត្តមប្រធា នក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទី ភារកិច្ច និងការលះបង់ខ្ពស់ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ ជាពិសេសការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការជំរុញការអភិវឌ្ឍក្នុងមូលដ្ឋានឱ្យមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់។

ឯកឧត្តម ប៊ុន ហ៊ុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំក្រ សួងមហាផ្ទៃ និងបានផ្តល់អនុសាសន៍ដល់លោកអភិបាលរងដែលទើបតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តគោលនយោបាយភូមិ-ឃុំ- សង្កាត់មានសុវត្ថិភាព ជាពិសេសការបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង បង្ក្រាបករណីឆបោកតាមប្រព័ន្ធ(Scam Online) និងការសម្របសម្រួលសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានតម្លាភាព។

ជាមួយនិងការណែនាំនោះ លោក សូ ឃុនវីរក្ស បានប្ដេជ្ញាចិត្តយ៉ាងមុតមាំថា នឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីបម្រើជាតិ និងប្រជាជនក្នុងខេត្តកំពង់ស្ពឺ ឱ្យស្របតាមការរំពឹងទុករបស់ថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋផងដែរ៕
ដោយ៖ ម៉ែន ប៊ុនធីម





