រដ្ឋបាលខេត្តព្រះសីហនុ ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គម្រប់៩០ យាងចូល ៩១ព្រះវស្សា និងចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៣០០គ្រួសារ នៅស្រុកកំពង់សិលា
AKP ខេត្តព្រះសីហនុ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦---
ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អញ្ជើញចូលរួមប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភម ង្គល ជា ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ ៩០ យាងចូល ៩១ព្រះវស្សា និងចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះ ខាត ជនចាស់ជរា ជនមាន ពិការភាព ស្ត្រីម៉េម៉ាយ កុមារកំព្រា និងអ្នកមានជំងឺប្រចាំកាយចំនួន ៣០០គ្រួសារ ស្ថិតនៅបរិវេណវត្តឧត្តមមុនីវង្ស (វត្តកំពង់សិលា) ស្រុកកំពង់សិលា ខេត្តព្រះ សីហនុ។
ពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់៩០ យាងចូល ៩១ព្រះវស្សា ដ៏មហានក្ខត្តឫក្សនេះ បាន ប្រព្រឹត្តទៅ
នៅរសៀលថ្ងៃពុធទី១៧ ខែមិថុនា ឆ្នាំ២០២៦ក្រោមអធិបតី ភាពឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជ ការ កងកម្លាំងប្រដាប អាវុធ លោកឧកញ៉ា លោក លោកស្រីជាសប្បុរសជន អ្នកស្ម័គ្រចិត្តយុវជនកាក បាទក្រហម និងតាជី យាយជី និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។


ក្នុងឱកាសដ៏មហាជ័យមង្គលនេះ ឯកឧ ត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិ ការសាខាកាកបាទក្រហម ខេត្តព្រះសី ហនុ តំណាងឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្ត ថ្លែងនូវប្រសាសន៍លំអោនកាយវាចាចិត្ត ថ្វាយព្រះសព្ទសាធុការ ពរជ័យសេរីសួស្តីចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមលំអោនកាយ សម្តែងថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីវឌ្ឍនា វិបុលសុខ មហាប្រសើរគ្រប់ ប្រការ ថ្វាយចំពោះសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាក បាទក្រហមកម្ពុជា សូមព្រះអង្គទ្រង់ប្រកប ដោយព្រះរាជសុខភាពល្អ បរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លា និងមានព្រះជន្មាយុយឺន យូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅ ចៅទួតជារៀងរហូតទៅ។
ឯកឧត្តម ក៏បានបួងសួងដល់គុណ បុណ្យ ព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិ សូមតាមជួយបីបាច់ថែរក្សា និងប្រោះព្រំថ្វាយព្រះពរជ័យ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ឱ្យបានសម ប្រកបដោយពុទ្ធពរទាំងបួន ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។


ក្នុងឪកាសនោះ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះក្នុងស្រុកកំពង់សិលា ព្រមទាំងថ្លែងអំណអគុណដល់លោកឧកញ៉ា លោក លោកស្រីជាសប្បុ រសជន ប្រធានមន្ទីរ អង្គភាពក្នុងខេត្ត ជាពិសេសក្រុមការងារកាកបាទក្រហមខេត្ត អនុសាខា និងអ្នកស្មគ្រចិត្តសាខាកាក បាទក្រហម បានចូលរួមជាមួយកាកបាទ ក្រហម ស្របតាមការចង្អុលបង្ហាញរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា ហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានពាំនាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនចំពោះប្រជាពលរដ្ឋនៅទីនេះ។
ក្រោមការដឹកនាំរបស់រាជ រដ្ឋាភិបាលកម្ពុជា បានគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទីទ័លក្រដោយបង្កើតមូលនិធិសមធម៌ ក្នុងការផ្តល់ភាព ងាយស្រួល ហើយក៏ជាសមិទ្ធិផលដែលប្រទេសកម្ពុជា ក្រោមម្លប់សុខសន្តិភាព។ សូមជូនពរបងប្អូនពុក ម៉ែ ពូ មីងមានសុខភាព ល្អគ្រប់ៗគ្នា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងព្រំ ដែនមានការអភិវឌ្ឍន៏ និងសូមជូនពរឪ្យពុក ម៉ែ ពូ មីង មានសុខភាពល្អ កម្លាំង កាយខ្លាំងក្លា និងមានអាយុ ១០០ឆ្នាំគ្រប់ៗគ្នា។

អំណោយដែលបានចែកជូនប្រជាពល រដ្ឋងាយរងគ្រោះនៅក្នុងស្រុកកំពង់សិលាចំនួន ៣០០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកបរិសុទ្ធ ១កេស នំសណ្តែកដី ១កញ្ចប់ កន្ទេល១ ឃីត ១កញ្ចប់ (សារុង១ ក្រមា១ មុង១ ភួយ១) និងថវិកា ៥០ ០០០រៀល ។ ព្រមទាំងបាន វេប្រគេនទ័យទានព្រះសង្ឃនូវគ្រឿងឧបភោគបរិភោគ និងបច្ច័យរួមមាន អង្ករ ២០០គីឡូក្រាម មី ៤កេស ត្រីខ ៥យួរ ទឹកត្រី ៦យួរ ទឹកបរិសុទ្ធ ៦កេស និងបច្ច័យចំនួន ២លានរៀល ៕
ដោយ៖ ងូ សុមុនី





