កម្លាំងជំនាញ ខណ្ឌជលផលកំពង់ចាម យកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់បង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទ
AKPកំពង់ចាមថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៦– កម្លាំងជំនាញ ខណ្ឌជលផលកំពង់ចាម យកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់បង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទ និងអនុវត្តតាមចរាចរណ៍ណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីច្បាប់ជលផល។
ដោយក្នុងរដូវនេះវាជារដូវបិទនេសាទ ហើយក៏ជារដូវពងញាស់កូនរបស់ពពួក មច្ឆាជាតិ និងអនុវត្តតាមចរាចរណ៍ណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីច្បាប់ជលផល និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ឱ្យកម្លាំងជំនាញ នៃខណ្ឌរដ្ឋបាលជលផលកំពង់ចាម ត្រូវបង្កើនការយកចិត្តទុកដាក់យ៉ាងខ្លាំងដោយបានសហការជាមួយអាជ្ញាធរ កម្លាំងមានសមត្ថកិច្ចនៅបណ្តា ស្រុក ឃុំ ចុះប្រតិបត្តិការល្បាត និងត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាប រាល់បទបទល្មើសជលក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ក្នុងស្មារតីទទួលខុសត្រូវបំផុត។


ជាក់ស្តែងនៅថ្ងៃទី១៦ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញរបស់ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អាជ្ញាធរស្រុកព្រៃឈរ កងរាជអាវុធហត្ថស្រុកព្រៃឈរ និងសហគមន៍នេសាទសាមគ្គីឃុំមៀន ដោយមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅចំណុចរលំពោធិ៍ និងចំណុចបាំងដៃឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានចំនួន០២ករណី ដោយរុះរើ និងបំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ នៅនឹងកន្លែងបាន រួមានឧបករណ៍លូស្បៃមុងចំនួន ០៥មាត់ របាំងស្បៃមុងប្រវែង ១៨០ម៉ែត្រ បង្គោលចំនួន ៧៥ដើម រុះរើសម្រាស់ទំហំ ២ម៉ែត្រ×៣ម៉ែត្រ ចំនួន ៣កន្លែង និងបានចាក់លែងកូនត្រីចម្រុញ មួយចំនួនផងដែរ។


សំដៅក្នុងការទប់ស្កាត់ រាល់បទល្មើសនេសាទកម្លាំងជំនាញរបស់ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យ និងបង្ក្រាបបទ ល្មើសក្នុងភូមិសាស្ត្រទន្លេ បឹង ព្រែក តាមបណ្តាលស្រុកនានាក្នុងខេត្តកំពង់ចាម រួមជាមួយផ្សព្វផ្សាយ និងអំពាវនាវដល់ បងប្អូនប្រើប្រជាពលរដ្ឋនិងប្រជា សហគមន៍នេសាទ ចូររួមគ្នាទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទ ហើយឈប់ប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ ដែលបានត្រូវហាមឃាត់ដើម្បីចូលរួមថែរក្សាកំណើនមច្ឆាជាតិ ក្នុងបឹងធម្មជាតិ ៕
ដោយ៖ ឆាយ ម៉ុត





