នាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងការពារជាតិបើកវគ្គបំប៉នជំនាញហិរញ្ញវត្ថុថ្នាក់មធ្យម ដើម្បីពង្រឹងការអនុវត្តន៍ការងារហិរញ្ញវត្ថុឱ្យបានកាន់តែម៉ឺងម៉ាត់ និងត្រឹមត្រូវ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦--ឧត្តមសេនីយ៍ទោ គឹម សុណារ៉ា នាយក នាយកដ្ឋានហិរញ្ញវត្ថុ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិបានឱ្យដឹងថា នាយកដ្ឋានហិរញ្ញវត្ថុ បានរៀបចំវគ្គហ្វឹកហ្វឺន សិក្សារៀនសូត្រ បំប៉នជំនាញហិរញ្ញវត្ថុថ្នាក់មធ្យមជាបន្តបន្ទាប់ ដើម្បីពង្រឹងការអនុវត្តការងារហិរញ្ញវត្ថុឱ្យបានកាន់តែម៉ឺងម៉ាត់ និងត្រឹមត្រូវតាមគោលរបបកំណត់ក្នុងការគ្រប់គ្រង បើកផ្តល់ប្រាក់បៀវត្ស ប្រាក់អន្តរាគមន៍ និងប្រាក់ចំណាយផ្សេងៗ ទូទាត់សម្រេចឱ្យបានត្រឹមត្រូវ ទាន់ពេលវេលា និងដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹង និងគុណភាពការងារហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញហិរញ្ញវត្ថុថ្នាក់មធ្យមជំនាន់ទី៦ របស់កងយោធពលខេមរភូមិន្ទ នៅទីស្តីការក្រសួងការពារជាតិ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ គឹម សុណារ៉ា មានប្រសាសន៍ថា កន្លងមកនាយកដ្ឋានហិរញ្ញវត្ថុ នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានបើកវគ្គហ្វឹកហ្វឺនថ្នាក់បឋមចំនួន ៨វត្ត ចំនួនសិក្ខាកាម ៥៥៩នាក់ ថ្នាក់មធ្យម ៦វគ្គ ចំនួនសិក្ខាកាម ៥៦១នាក់ សរុបចំនួន ១១២០នាក់។ ដោយឡែក វគ្គនេះការសិក្សាមានរយៈពេល ៨៩ថ្ងៃ សិក្ខាកាមចូលរួម មានចំនួន ៧៥នាក់ មកពីតាមបណ្តាអង្គភាពក្នុងកងយោធពលខេមរភូមិន្ទចំនួន ៤២អង្គភាព គ្រោងបញ្ចប់វគ្គសិក្សានៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងឱកាសនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយកនៃអគ្គនាយកដ្ឋាន ភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានវាយតម្លៃខ្ពស់ចំពោះការបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញហិរញ្ញវត្ថុថ្នាក់មធ្យមជំនាន់ទី៦ របស់កងយោធពលខេមរភូមិន្ទនាពេលនេះ ដោយបានគូសបញ្ជាក់ថា ប្រភពធនធានមនុស្សជាកត្តាសំខាន់របស់សង្គមជាតិនីមួយៗ ដែលមិនអាចខ្វះបាន។ មានធនធានមនុស្សទើបមានការអភិវឌ្ឍ បើចង់អភិវឌ្ឍឆាប់រហ័ស ទាល់តែមនុស្សទាំងនោះមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ហើយដើម្បីមានសមត្ថភាពគ្រប់គ្រាន់ ទាល់តែប្រឹងប្រែងហាត់ពត់ លត់ដំ ខិតខំយកអស់លទ្ធភាពក្នុងការសិក្សារៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹងដែលគ្រូបានផ្ដល់ឱ្យបានគ្រប់ៗគ្នា៕
ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងការពារជាតិ)





