រដ្ឋបាលរាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោក ONLINE SCAMS ចំនួន៩០ទីតាំង ឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦--គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤បានចុះធ្វើរដ្ឋបាលទីតាំងសង្ស័យ ធ្វើការត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCA MS) ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញបានសរុបចំនួន៩០ ទីតាំង ឃាត់ខ្លួនជនសង្ស័យប្រព្រឹត្ដបទល្មើសចំនួន៦នាក់ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

បើតាមការបញ្ជាក់ពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ថា៖ តាមរយៈការចុះធ្វើរដ្ឋបាលនៅទូទាំង១៤ខណ្ឌ ក្នុងប្រតិបត្តិការ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានរកឃើញនៅក្នុងខុនដូអូឡាំព្យ៉ា អគារC4 ជាន់ទី១៧ បន្ទប់លេខ១៧១០ មានជនបរទេសចំនួន ០៦នាក់ ជាជនជាតិវៀតណាម និងសម្ភារមួយចំនួនរួមមាន៖ Laptopចំនួន ៣គ្រឿង(កាច់បំផ្លាញចោល) ទូរស័ព្ទដៃចំនួន ០៧គ្រឿង (ផ្ទាល់ខ្លួន) ទូរស័ព្ទដៃចំនួន០១ គ្រឿង (សម្រាប់បំរើការងារ)។ក្រោយការធ្វើកោសល្យវិច័យរបស់ការិយាល័យជំនាញ បានរកឃើញថា នេះជាករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(SCAMS ONLINE)។ ក្រោយប្រតិបតិ្តការ ជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ថា៖ ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ សរុបចំនួន៥ទីតាំង មនុស្សចំនួន ៦នាក់ គិតជាថវិកាសរុបបានចំនួន២៤.០០០.០០០រៀល (ម្ភៃបួនលានរៀល) ៕


ដោយ សួស សំរិត





