ឯកឧត្តម ចាន់ យុត្ថា ដឹកនាំកិច្ចប្រជុំជាមួយតំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD)ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី WAT4CAM ជំហានទី១
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ដើម្បីពិនិត្យវឌ្ឍនភាពនៃកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរកសិកម្មនៅកម្ពុជា (WAT4CAM) ជំហានទី១នាថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ។

សមាសភាពចូលរួមមាន ឯកឧត្តម ស្រ៊ុន សុខុម នាយកតំណាងសមាសភាគទី៤ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក Laurent Raspaud នាយករងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ប្រចាំនៅកម្ពុជា លោកស្រី Alexia HOFMANN និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងទីប្រឹក្សាបច្ចេកទេសជាតិ-អន្តរជាតិ (TA-ISWM & TA-AGRI) និងក្រុមការងារបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប។

របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំ រួមមាន៖
ទី១. ការពិនិត្យអំពីវឌ្ឍនភាពនៃការឆ្លើយតប និងការអនុវត្តអនុសាសន៍នានា ដែលបានលើកឡើងនៅក្នុងបេសកកម្មវាយតម្លៃកាលពីលើកមុន។
ទី២. ផែនការសកម្មភាពអនុវត្តបន្ត លើការងារកសាងសមត្ថភាពសហគមន៍កសិករប្រើប្រាស់ទឹក និងសហគមន៍កសិកម្ម។
ទី៣. ការពិភាក្សាអំពីផែនការបន្ទាប់ក្រោយបញ្ចប់គម្រោង សម្រាប់ធានានិរន្តរភាព។

ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការ និងការគាំទ្រប្រកបដោយការទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសទីភ្នាក់ងារ AFD ដែលបានជម្រុញឱ្យកម្មវិធីនេះសម្រេចបានជោគជ័យ។
ឯកឧត្តមក៏បានណែនាំដល់ទីប្រឹក្សាបច្ចេកទេសជាតិ-អន្តរជាតិ ឱ្យបន្តយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន ព្រមទាំងស្នើដល់អាជ្ញាធរដែនដី និងប្រជាពលរដ្ឋមូលដ្ឋាន រួមគ្នាប្រើប្រាស់ និងចូលរួមថែរក្សាការពារសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រទាំងនេះថាទុកដូចជារបស់នៃខ្លួនប្រយោជន៏ ឱ្យមាននិរន្តរភាពយូរអង្វែង ៕
ដោយ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





