សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃអ្វីៗទាំងអស់
AKP សៀមរាប ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦–សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃអ្វីៗទាំងអស់ បើគ្មានសន្តិភាពទេ យើងមិនអាចនិយាយពីការអប់រំ ការអភិវឌ្ឍ ការចូលរួមរបស់ស្ត្រី ឬអនាគតរបស់យុវជនបានឡើយ។ ការលើកឡើងយ៉ាងដូច្នេះរបស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ The Olave Baden-Powell Society (OB-PS) លើកទី៤២ នៅសណ្ឋាគារសុខា សៀមរាប នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦។

សម្តេចនាយករដ្ឋមន្ត្រីបានបន្ថែមថា ដោយសារមានសន្តិភាព ទើបកម្ពុជាអាចស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ បង្កើតឱកាសការងារ ពង្រីកការសិក្សា និងលើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងបើកទ្វារទទួលមិត្តភក្តិអន្តរជាតិ។ សម្តចបានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះបណ្តាគណៈប្រតិភូជាតិ អន្តរជាតិ ដែលបានមកចូលរួមមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ នៅលើទឹកដីអង្គរដ៏បវររបស់ប្រទេសកម្ពុជានាពេលនេះ ដែលដែលជាការជួបជុំដ៏សំខាន់របស់បងប្អូនស្ត្រីក្នុងវិស័យកាយឫទ្ធិ ដោយមហាសន្និបាតនេះបានប្រមូលផ្តុំថ្នាក់ដឹកនាំ និងប្រតិភូពីបណ្តាប្រទេសជុំវិញសកលលោក ដើម្បីរួមគ្នាពិភាក្សា ពិនិត្យ និងអនុម័តគោលនយោបាយសំខាន់ៗ កំណត់ទិសដៅយុទ្ធសាស្ត្រ ព្រមទាំងពង្រឹងបណ្តាញសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការអភិវឌ្ឍចលនាកាយឫទ្ធិនារី និងការផ្តល់អំណាចដល់កុមារី និងយុវតី។

សម្តេចបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានបន្តកំណត់ការលើកកម្ពស់សមត្ថភាព និងការបង្កើតភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យអាទិ៍ភាពនៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ តាមតរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្ត្រីគឺជាស្នូលនៅក្នុងការអភិវឌ្ឍ ការកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។ សម្តេចបានបន្ថែមថា ទន្ទឹមនេះរាជរដ្ឋាភិបាលក៏បានទទួលស្គាល់ថា ស្ត្រីមិនត្រឹមតែជាអ្នកទទួលផលពីសុខសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែជាភ្នាក់ងារដ៏ចាំបាច់ និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែកកសាង និងថែរក្សាសុខសន្តិភាពចាប់តាំងពីគ្រួសារ សហគមន៍ សង្គមជាតិ ព្រមទាំងនៅលើឆាកអន្តរជាតិ ដែលត្រង់ចំណុចនេះសម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាត្រូវបានទទួលស្គាល់នៅឆាកអន្តរជាតិក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាស្ត្រី ចូលរួមក្នុងបេសកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិចំនួន១០លើករួមមកហើយ ដោយចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២៥ កម្ពុជាបានបញ្ជូនកងកម្លាំងសរុបចំនួនជាង ១០៤០០នាក់ ក្នុងនោះមានស្ត្រីក្លាហានចំនួនជិត ១០០០នាក់ ហើយថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងបន្តផ្តល់អាទិ៍ភាពខ្ពស់ដល់ការអភិវឌ្ឍមូលធនមនុស្ស ការអប់រំ ការលើកកម្ពស់សុខុមាលភាព និងលើកកម្ពស់តួនាទីស្ត្រី និងយុវជននៅក្នុងការអភិវឌ្ឍជាតិ៕
ដោយ៖ ចាន់ សុភឿន, រូបថត៖ គល់ រ៉េននី





