មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តឧត្តរមានជ័យ រៀបចំទិវាជាតិអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ «TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល»
AKP ឧត្តរមានជ័យ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦– លោក ហួន វ៉ាន់និត អភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ នាថ្ងៃចន្ទទី១៥ ខែមិថុនា ឆ្នាំ២០២៦ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរ «ទិវាជាតិអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦» ក្រោមប្រធានបទដ៏មានសារៈសំខាន់ «TVET ផ្ដល់ជំនាញ ការងារ និងប្រាក់ចំណូល»។

កម្មវិធីខាងនេះ ធ្វើនៅសាលប្រជុំមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោក លោកស្រី អភិបាល អភិបាលរង នៃគណៈអភិបាលក្រុងស្រុកទាំង៥ លោកគ្រូ អ្នកគ្រូ បច្ចេកទេស ប្អូនៗសិស្សានុសិស្ស និស្សិត ព្រមទាំងសាធារណជនយ៉ាងច្រើនកុះករ ។

លោក ហួន វ៉ាន់និត មានប្រសាសន៍ថា ការអភិវឌ្ឍធនធានមនុស្សតាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ គឺជាសសរទ្រូងដ៏រឹងមាំក្នុងការជំរុញសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ។ លោកបន្តថា គោលបំណង និងសារៈសំខាន់គន្លឹះនៃទិវាជាតិ TVETនេះ គឺជាការលើកកម្ពស់ការយល់ដឹងពីតម្លៃជំនាញ ហេតុនេះត្រូវរៀបចំផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងបណ្តុះគំនិតដល់ស្រទាប់យុវជន ក៏ដូចជាសាធារណជនឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់ និងតម្លៃមិនអាចកាត់ថ្លៃបាននៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលជាស្ពានចម្លងទៅកាន់ការងារពិតប្រាកដ។

លោកក៏បាន ជំរុញយុវជនឱ្យចាប់យកជំនាញពិត ផ្សារភ្ជាប់ និងជំរុញលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជនដែលជាកម្លាំងពលកម្មបន្តវេន ឱ្យមកទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈឱ្យបានច្បាស់លាស់ ម្នាក់មានជំនាញមួយប្រចាំកាយ ដើម្បីបង្កើនឱកាសទទួលបានការងារធ្វើសមរម្យ និងបង្កើតប្រាក់ចំណូលគ្រួសារខ្ពស់។

លោកបានបន្ថែមទៀតថា ការបំពាក់បំប៉នជំនាញបច្ចេកទេសនេះ គឺដើម្បីឆ្លើយតបចំគោលដៅទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារពលកម្មនាពេលបច្ចុប្បន្ន និងទៅអនាគត ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានសេដ្ឋកិច្ចពឹងផ្អែកលើជំនាញ និងបច្ចេកវិទ្យា។ ដូចនេះយុវជនត្រូវតែចាប់យកឲ្យបានរាល់យុទ្ធនាការ និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសនានា ព្រោះការសិក្សាជំនាញ TVET នេះ វាជាគ្រឹះស្ថានកសាងអនាគតដ៏ភ្លឺស្វាង និងជាធនធានមនុស្សប្រកបដោយសក្តានុពលសម្រាប់សហគមន៍យើងប្រទេសយើង នាពេលបច្ចុប្បន្ននិងទៅអនាគត ៕
ដោយ៖ ទិត ស្រ៊





