ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ចុះពិនិត្យការសាងសង់លំនៅឋានជូនពលរដ្ឋភៀសសឹកនៅបន្ទាយមានជ័យ
AKPបន្ទាយមានជ័យថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦–ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាលពីថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៦នេះ បានអញ្ជើញបន្តចុះពិនិត្យដោយផ្ទាល់នូវវឌ្ឍនភាពនៃការសាងសង់លំនៅឋានបណ្តោះអាសន្ន សម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ពីការរំលោភឈ្លានពានរបស់កងទ័ពថៃ ស្ថិតក្នុងភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សកម្មភាពសាងសង់នេះ មិនមែនគ្រាន់តែជាការសង់ផ្ទះធម្មតានោះទេ ប៉ុន្តែគឺជា «យុទ្ធសាស្ត្រគិតគូរវែងឆ្ងាយ» របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គោលដៅចម្បងគឺដើម្បីធានាថា ពលរដ្ឋដែលបាត់បង់លំនៅឋាន ដោយសារកងទ័ពថៃហ៊ុមព័ទ្ធដោយលួសបន្លា និងដាក់កុងតឺន័ររារាំងមិនឱ្យវិលត្រឡប់ទៅផ្ទះចាស់វិញនោះ នឹងមានទីជម្រកសមរម្យ ប្រកបដោយសុវត្ថិភាព និងមានសុខុមាលភាពល្អប្រសើរ ជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះ កុមារ និងជនចាស់ជើង។

យោងតាមរបាយការណ៍របស់ឯកឧត្តម អ៊ុំរាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា គម្រោងនេះកំពុងផ្តល់ជម្រកដល់ប្រជាពលរដ្ឋមកពីព្រំដែន ៦ភូមិ នៃស្រុកអូរជ្រៅ និងស្រុកថ្មពួក ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងទាំងកម្រោលរបស់ទាហានថៃ។
ចំនួនប្រជាពលរដ្ឋ៣ ៣១៨ គ្រួសារ (ស្មើនឹង ១១ ២១៧ នាក់)។សមាសភាព រួមទាំងគ្រួសារកងកម្លាំងប្រដាប់អាវុធចំនួន ១៤៥ គ្រួសារ។ទំហំដី និងផ្ទះ ដីទំហំ ២០ម x ៣០ម ក្នុងមួយគ្រួសារ និងទំហំផ្ទះ ៥ម x ៧ម។

ផ្ទៃដីសរុប ៤០០ ហិកតា (ក្នុងនោះ ១១៣ ហិកតា ត្រូវបានដកទុកសម្រាប់ធ្វើកសិកម្ម)។
លទ្ធផលសម្រេច គិតមកដល់ពេលនេះ ការសាងសង់ផ្ទះសម្រេចបានចំនួន ២ ៨០៥ ខ្នង។
មិនត្រឹមតែសង់ផ្ទះឱ្យស្នាក់នៅប៉ុណ្ណោះទេ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានជំរុញការរៀបចំសហគមន៍នេះឱ្យមានលក្ខណៈពេញលេញ ដោយមានការបង្កើតស្នាក់ការភូមិទាំង ៦ ដើម្បីងាយស្រួលក្នុងការផ្តល់សេវាសាធារណៈ និងមានកិច្ចសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីរៀបចំដីកសិកម្មជូនពលរដ្ឋសម្រាប់បង្កបង្កើនផល បង្កើតមុខរបរ និងធានានិរន្តរភាពជីវភាពទៅថ្ងៃអនាគត។

ការចុះពិនិត្យរបស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម នៅពេលនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា «រាជរដ្ឋាភិបាលកម្ពុជា មិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្ថិតនៅឯកោ ឬត្រូវបោះបង់ចោលឡើយ» ទោះបីជាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ៕
ដោយ៖ ឈុន សារ៉ាត





