រដ្ឋបាលខេត្តតាកែវ បានរៀបចំអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៩ ឆ្នាំ2026 ក្រោមប្រធានបទ "TVET ផ្តល់ជំនាញការងារ និងប្រាក់ចំណូល"
AKP តាកែវ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ –រដ្ឋបាលខេត្តតាកែវ បានរៀបចំពិធីអបអរសាទរទិវាជាតិអប់រំ បណ្ដុះបណ្ដាលវិជ្ជាជីវៈលើកទី៩ឆ្នាំ2026 ក្រោមប្រធានបទ"TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល"។

ទិវាជាតិTVETលើកទី៩នេះ ប្រារព្ធឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹង អំពីសារៈសំខាន់នៃការបណ្ដុះបណ្ដាល បច្ចេកទេសនិងវិជ្ជាជីវៈដល់ស្រទាប់យុវជន ដែលជាកម្លាំងចលករដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិ ស្របតាមពាក្យស្លោក"រៀនឱ្យចេះ ឱ្យមានការងារធ្វើ និងមានប្រាក់ចំណូលសមរម្យ"។

ពិធីនេះរៀបចំឡើងនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែន តាកែវ ស្ថិតនៅក្នុងសង្កាត់រកាក្នុងក្រុងដូនកែវខេត្តតាកែវ កាលពីព្រឹកថ្ងៃច័ន្ទ១កើតខែបឋមាសាឍឆ្នាំមមីអដ្ឋស័កព.ស២៥៧០ ត្រូវនឹងថ្ងៃទី15ខែមិថុនាឆ្នាំ2026។

អញ្ជើញជាអធិបតីក្នុងពិធីនោះដោយ ឯកឧត្តម ឡាយ សុខា អនុប្រធានក្រុមប្រឹក្សាខេត្តតាកែវ លោក ព្រំ គន្ធិ អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្តតាកែវ លោក លោកស្រីអភិបាលរងខេត្តតាកែវ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល អភិបាលរងក្រុង-ស្រុក មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ នាយក នាយិកាគ្រឹះស្ថានអប់រំរដ្ឋនិងឯកជន លោកគ្រូ អ្នកគ្រូ និស្សិត និងសិស្សានុសិស្ស ចូលរួមជាច្រើនរូបផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ លោក ព្រំ គន្ធិ អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ បានបង្ហាញនូវជំនឿយ៉ាងមុតមាំ ចំពោះសារៈសំខាន់នៃការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ដល់ស្រទាប់យុវជន។ពិសេសនឹងធ្វើឱ្យយុវជនទាំងអស់ ចាប់យកជំនាញបច្ចេកទេសពិតប្រាកដមួយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។តាមរយៈការប្រារព្ធទិវាជាតិ TVET លើកទី៩នេះ នឹងក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លាមួយ ក្នុងការជំរុញឱ្យយុវជន សិស្ស និស្សិត បងប្អូនកម្មករ និយោជិត ទាំងក្នុងនិងក្រៅប្រព័ន្ធ ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តតាកែវទាំងមូល កាន់តែយល់ច្បាស់ពីតម្លៃមិនអាចកាត់ថ្លៃបាន នៃជំនាញពិតប្រាកដសម្រាប់អនាគត។
លោក ព្រំ គន្ធិ ក៏បានធ្វើការអំពាវនាវនិងលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋពិសេសស្រទាប់យុវជន ត្រូវបន្តខិតខំក្រេបជញ្ជក់ទាំងចំណេះដឹងទូទៅ និងចូលរួមរៀនសូត្រក្នុងវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនានា។ការធ្វើបែបនេះគឺដើម្បីចាប់យកជំនាញ យ៉ាងតិចមួយប្រចាំជីវិតរបស់ខ្លួន ក្នុងការចូលរួមយ៉ាងសកម្ម ដល់ការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ប្រកបដោយគុណភាព សមត្ថភាព សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារជាក់ស្ដែង ទាំងក្នុងនិងក្រៅប្រទេសឱ្យកាន់តែប្រសើរឡើង។សំដៅលើកកម្ពស់ជីវភាពគ្រួសារ និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើននាពេលអនាគត។
លោក ព្រំ គន្ធិ បានមានប្រសាសន៍បន្ថែមថា ប្រធានបទ"TVET ផ្ដល់ជំនាញការងារ និងប្រាក់ចំណូល" ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលអាទិភាពគន្លឹះទី១គឺមនុស្ស ដោយបានផ្ដោតសំខាន់លើការកសាង និងអភិវឌ្ឍន៍មូលធនមនុស្ស។ប្រកបដោយគុណភាព សមត្ថភាព ជំនាញវិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដើម្បីសម្រេចឱ្យបាននូវគោលដៅ ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត។ជាពិសេសសម្រាប់យុវជន ដែលជាកម្លាំងពលកម្មជំនាញដ៏មានសក្ដានុពល សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
បើតាមរបាយការណ៍របស់លោក ធូ សុភាព នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែន តាកែវ បានឱ្យដឹងថាបច្ចុប្បន្នវិទ្យាស្ថានបានទទួល សិស្ស និស្សិត ជាយុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ បុគ្គលមកពីក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធ បានចុះឈ្មោះក្នុងប្រព័ន្ធចំនួន3 178នាក់ ស្រី548នាក់ សិស្សដែលអនុម័តឱ្យចូលរៀនសរុប2 904នាក់ស្រី471នាក់។សិស្សដែលមានបណ្ណក្រ1 ក្រ2 និងបណ្ណងាយរងហានិភ័យ សរុប731នាក់ស្រី170នាក់។សិស្សដែលបានបញ្ចប់ការសិក្សាពីវិទ្យាស្ថាន មានចំនួន1 559នាក់ ស្រី200នាក់៕
ដោយ៖ តាកែវ អ៊ុច សៀង





