ក្រសួងសេដ្ឋកិច្ច បើកវគ្គបណ្តុះបណ្តាលនិងវិក្រឹតការស្ដីពី « គណនេយ្យសាធារណៈ » ជូនរជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរងនៃរដ្ឋបាលក្រុង ស្រុកនៃបណ្តាខេត្តមួយចំនួន
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦--ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការស្តីពី គណនេយ្យសាធារណៈ ជូនសិក្ខាកាមគោលដៅជារជ្ជទេយ្យករបុរេប្រទាន និងរជ្ជទេយ្យករបុរេប្រទានរង នៃរដ្ឋបាលក្រុង ស្រុក នៃខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តតាកែវ។

ពិធីបើកវគ្គនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម បណ្ឌិតសភាចារ្យហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង មានការចូលរួមពី ឯកឧត្តម អ៊ឹម បញ្ញារិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្តកែប ព្រមទាំង ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខធិកាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម ថ្នាក់ដឹកនាំ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានរតនាគារជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុព្រមទាំងមន្រ្តីរាជការ ឧទ្ទេសាចារ្យ និងសិក្ខាកាម សរុបប្រមាណ ១១០ នាក់ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ។

ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តមអនុរដ្ឋលេខាធិការបានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយថាមពល ឈ្លាសវៃ និង ប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តល់អាទិភាព ខ្ពស់លើការអភិវឌ្ឍមូលធនមនុស្សសម្រាប់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈយ៉ាងមុតស្រួច តាំងពីឆ្នាំ២០០៤ មក ដោយបានធ្វើទំនើបកម្មក្របខ័ណ្ឌគតិយុត្តនិង បានដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុ ឬ ហៅថា FMIS ដើម្បីធ្វើឌីជីថលូបនីយកម្មលើការអនុវត្តថវិកា ។
ទន្ទឹមនេះ ក្នុងបរិបទនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តនូវ «យុទ្ធសាស្ត្រស្តីពីការអនុវត្តស្តង់ដាគណនេយ្យ សាធារណៈមូលដ្ឋានបង្គរនៅកម្ពុជា ២០២១-២០៣១» ដោយបាននិងកំពុងផ្លាស់ប្តូរជាបណ្តើរៗពីប្រព័ន្ធគណនេយ្យមូលដ្ឋានសាច់ប្រាក់ ទៅប្រព័ន្ធគណនេយ្យមូលដ្ឋានបង្គរ និង បានកំណត់យកឆ្នាំ២០៣១ ជាបង្គោលចរសម្រាប់កម្ពុជាធ្វើការផ្លាស់ប្តូរពេញលេញ ឈានទៅអនុវត្តប្រព័ន្ធគណនេយ្យមូលដ្ឋានបង្គរ ដែលកម្ពុជានឹងមានក្របខ័ណ្ឌ រាយការណ៍ហិរញ្ញវត្ថុជាតិមួយ ដែលអាចផលិតបាននូវព័ត៌មាន ហិរញ្ញវត្ថុ ប្រកបដោយតម្លាភាព ភាពអាចជឿទុកចិត្តបាន ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ និង បរិបទជាក់ស្តែងរបស់កម្ពុជា ជាពិសេស ធានាបាននូវគណនេយ្យភាពរបស់រាជរដ្ឋាភិបាលចំពោះប្រជាជនលើការប្រើប្រាស់ធនធាន និងការផ្តល់សេវាសាធារណៈដល់ប្រជាជនប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ។
ឯកឧត្តមបានរំលេចជូនអង្គពិធីថា តាមរយៈបទពិសោធន៍នៃការអនុវត្តជាអន្តរជាតិ, ការអនុវត្តស្តង់ដាគណនេយ្យអន្តរជាតិសម្រាប់វិស័យសាធារណៈមូលដ្ឋានបង្គរផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗ ជាច្រើន ដូចជា ៖ (១). របាយការណ៍ហិរញ្ញវត្ថុមូលដ្ឋានបង្គរ ផ្តល់នូវទិដ្ឋភាពកាន់តែលម្អិតអំពីសមិទ្ធកម្មហិរញ្ញវត្ថុ និង ថ្លៃដើមនៃសកម្ម ភា ព របស់រដ្ឋាភិបាល តាមរយៈការកត់ត្រាទាំងប្រតិបត្តិការសាច់ប្រាក់ និង មិនមែនសាច់ប្រាក់ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ, (២). ជួយឱ្យរដ្ឋាភិបាលដែលជាអ្នកបង្កើតគោលនយោបាយនិងសាធារណជន ឱ្យ កាន់ តែ យកចិត្តទុកដាក់លើការទិញ ការជម្រះចោល និងការគ្រប់គ្រងទ្រព្យសកម្ម បំណុល និង បំណុលយថាហេតុ នានារបស់ រដ្ឋាភិបាល, (៣). ផ្តល់ រូបភាពពេញលេញអំពីស្ថានភាពហិរញ្ញវត្ថុទាំងមូលរបស់រដ្ឋាភិបាល, (៤). ធ្វើឱ្យ ប្រសើរឡើងនូវតម្លាភាព តាមរយៈការរួមបញ្ចូលនូវគ្រប់អង្គភាពទាំងអស់ដែលរដ្ឋាភិបាលគ្រប់គ្រង គណនេយ្យភាព ភាព អាចជឿទុកចិត្តបាន និងសុចរិតភាពនៃទិន្នន័យហិរញ្ញវត្ថុរបស់រដ្ឋាភិបាល, (៥). ធ្វើឱ្យប្រសើរឡើង នូវការធ្វើសេចក្តី សម្រេច ចិត្តរបស់រាជរដ្ឋាភិបាល, (៦). បង្កើនប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាពនៃការរាយការណ៍ហិរញ្ញវត្ថុ, និង (៧). ពង្រឹងភាពអាចប្រៀបធៀបគ្នាបានជាអន្តរជាតិ នៃរបាយការណ៍ហិរញ្ញវត្ថុរបស់រដ្ឋាភិបាល ។
ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់ដែរថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងតែយកចិត្តទុកដា ក់ជានិច្ច លើការកសាង និង ការអភិវឌ្ឍសមត្ថភាព លើជំនាញពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ កសាងនិងអភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និង បានធ្វើបច្ចុប្បន្នកម្មជាបន្តបន្ទាប់ ដើម្បីតម្រង់ទិសការរៀបចំនិងការអនុវត្តកម្មវិធីបណ្ដុះបណ្ដាលនិង វិក្រឹតការ ជូនដល់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងស្ថាប័ននិងអង្គភាពជំនាញក្រោមឱវាទ អង្គភាពសាធារណៈប្រហាក់ប្រហែល គ្រឹះស្ថានសាធារណៈរដ្ឋបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមស្មារតីច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី ឆ្នាំ២០២៣ និង អនុក្រឹត្យស្តីពីគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៤ ។
តាមរយៈនេះ វគ្គបណ្តុះបណ្តាលនិងវិក្រឹតការស្តីពី គណនេយ្យសាធារណៈនាពេលនេះ ពិតជាមានសារសំខាន់ និង ឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់រដ្ឋបាលក្រុង ស្រុក សម្រាប់ធានាផលិតភាព ប្រសិទ្ធភាព និងតម្លាភាពនៃការអនុវត្តការងារប្រចាំថ្ងៃ និងការគ្រប់គ្រងថវិកាជាតិ សំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ៕
ដោយ ទូច វលក័្ខណ (ប្រភព៖ក្រសួងសេដ្ឋកិច្ច)





