ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក៖ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុបានចូលរួមយ៉ាងសំខាន់ក្នុងកិច្ចការងារធានាការផ្គត់ផ្គង់សម្ភារបរិក្ខារប្រុយទ្ធនៅតាមបណ្តាយព្រំដែនកម្ពុជា-ថៃ
AKPភ្នំពេញថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៦–ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានលើកឡើងថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងរងការឈ្លានពានទឹកដីពីប្រទេសថៃ ដែលបង្កឱ្យមានការប្រយុទ្ធ និងប៉ះទង្គិចគ្នា ជាបន្តបន្ទាប់ដោយភាគីថៃបានបាញ់ប្រហារមកលើកម្ពុជាមុន ថែមទាំងបច្ចុប្បន្នភាគីថៃបានចូលជ្រៅដោយខុសច្បាប់មកក្នុងដែនបូរណភាពទឹកដីកម្ពុជា។

ក្នុងស្ថានភាពប្រយុទ្ធដ៏លំបាកនេះ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ បានចូលរួមយ៉ាងសំខាន់ក្នុងកិច្ចការងារធានាទាំងប្រេងឥន្ធនៈ ស្បៀងសម្រាប់ប្រយុទ្ធ សម្ភារបរិក្ខារប្រុយទ្ធ សុខាភិបាល គិលានដ្ឋាន មន្ទីរពេទ្យ ត្រៀមថវិកាសម្រាប់ដោះស្រាយការងារបន្ទាន់ចាំបាច់ចំពោះមុខ និងកិច្ចការងារដឹកជញ្ជូនដ៏សកម្ម។

ក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញហិរញ្ញវត្ថុថ្នាក់មធ្យមជំនាន់ទី៦ របស់កងយោធពលខេមរភូមិន្ទ នៅទីស្តីការក្រសួងការពារជាតិ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានថ្លែងនូវការកោតសសើរ និងគោរពចំពោះវីរៈភាពយុទ្ធជន ដែលកំពុងឈរជើងយ៉ាងអង់អាចក្លាហាន លះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងការការពារឱ្យខាងតែបាននូវបូរណភាពទឹកដី និងអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា និងមានជំនឿជឿជាក់លើការដឹកនាំរបស់គណៈបញ្ជាការគ្រប់ជាន់ថ្នាក់ អគ្គបញ្ជាការ ក្រសួងការពារជាតិ ជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងខិតខំរិះរកគ្រប់មធ្យោបាយ តស៊ូស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈកិច្ចចរចារទ្វេភាគីរវាងកម្ពុជា-ថៃ និងកិច្ចព្រមព្រៀងអន្តរជាតិនានា ដើម្បីបញ្ចប់វិវាទព្រំដែនកម្ពុជា-ថៃ វិលទៅរកសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាជាប្រក្រតីឡើងវិញ។

ឯកឧត្តមបានគូសបញ្ជាក់ថា ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់កងទ័ព និងធានាឱ្យការងារប្រយុទ្ធ ត្រៀមប្រយុទ្ធបានល្អចាំបាច់ត្រូវតែមានចំណែកក្នុងការធានាភស្តុភារ ហិរញ្ញវត្ថុ ជាកត្តាសំខាន់ដែលមិនអាចកាត់ផ្តាច់បាន ព្រោះថាប្រសិនបើការធានាជីវភាពរស់នៅជូនយោធិនគ្រប់រូបមិនបានដិតដល់ ការផ្គត់ផ្គង់ស្បៀងអាហារ ហូបចុកមិនបានគ្រប់គ្រាន់ទាន់ពេលវេលាទេនោះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ស្មារតី សតិអារម្មណ៍កងទ័ពក្នុងការកាន់អាវុធប្រឈមមុខតទល់ជាមួយខ្មាំងសត្រូវ។
ដូច្នេះនាយទាហានហិរញ្ញវត្ថុទាំងអស់ ត្រូវតែមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រងបើកចែកប្រាក់បៀវត្ស ប្រាក់ហូបចុក ឬចំណាយផ្សេងៗឱ្យបានទាន់ពេលវេលា ហើយតម្រូវឱ្យចេះជំនាញហិរញ្ញវត្ថុច្បាស់លាស់ ដើម្បីគ្រប់គ្រង និងអនុវត្តកិច្ចការនេះឱ្យបានម៉ឹងម៉ាត់ ត្រឹមត្រូវតាមច្បាប់រដ្ឋកំណត់៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងការពារជាតិ)





