គម្រោង Wonders of the Mekong ជ្រើសរើសសហគមន៍ចំនួនពីរក្នុងខេត្តស្ទឹងត្រែងឱ្យក្លាយជាតំបន់សហគមន៍អភិរក្សត្រី
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦-- មន្រ្តីគម្រោង Wonders of the Mekong បានឱ្យដឹងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ថា ពេលនេះក្រុមការងារបានមកដល់ទន្លេមេគង្គដ៏អស្ចារ្យក្នុងខេត្តស្ទឹងត្រែងហើយ។ មានសហគមន៍ចំនួនពីរត្រូវបានជ្រើសរើស ឱ្យក្លាយជាតំបន់សហគមន៍អភិរក្សត្រី ដែលជាគោលដៅរបស់យើង។ «អូរច្រឡង់» និង «កោះហិប» សុទ្ធសឹងតែជាទីតាំងដែលមានសក្តានុពល ដោយមានវត្តមានប្រភេទត្រីសំខាន់ៗ ដែលតម្រូវឱ្យមានការការពារ និងអភិរក្សជាចាំបាច់។ នេះគឺមិនទាន់រាប់បញ្ចូលថា «កោះហិប» គឺជាតំបន់ចាត់ចូលក្នុងតំបន់រ៉ាមសារនោះផងទេ។

សហគមន៍ «អូរច្រឡង់» និង «កោះហិប» ទាំងពីរនេះ បានចូលរួមដំណើរការដូចសហគមន៍នៅខេត្តសៀមរាបដែរ។ ក្រុមសហគមន៍បានកំណត់តំបន់សម្រាប់តាមដានប្រភេទត្រីកំពុងរងគ្រោះ និងបានកំណត់តំបន់អភិរក្សអាទិភាព។ បន្ទាប់មកក៏បានរៀបចំផែនការសកម្មភាពសម្រាប់រយៈមួយឆ្នាំ ដើម្បីការពារតំបន់អភិរក្សត្រីនៅក្នុងភូមិរបស់ពួកគាត់។ ផែនការនេះមានគោលដៅដើម្បីចូលរួមក្នុងតាមដានប្រភេទត្រីកំពុងរងគ្រោះថ្នាក់ ការពារទីជម្រកសុវត្ថិភាព កិបស្លាកកូនត្រី និងត្រីមេពូជ លែងត្រីកំពុងរងគ្រោះក្នុងតំបន់អភិរក្សនៃសហគមន៍គោលដៅ។

គួរបញ្ជាក់ផងដែរថា ុនេះគឺជាផ្នែកមួយនៃគម្រោង៖ «ការការពារ និងស្តារឡើងវិញនូវច្រកផ្លូវរបៀង (តំបន់តភ្ជាប់) ជម្រកត្រីនៅក្នុងទន្លេមេគង្គ»៕

ដោយ ណយ នឿន (ប្រភព៖ Wonders of the Mekong)





