ឯកឧត្តម សុខ លូ ចុះត្រួតពិនិត្យការសាងសង់ផ្លូវ និងដាក់ប្រព័ន្ធលូនៅបាត់ដំបង
AKP បាត់ដំបង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវបេតុង ផ្លូវកៅស៊ូ DBST និងការដាក់ប្រព័ន្ធលូនៅក្នុងភូមិសាស្រ្តសង្កាត់ចំការសំរោង សង្កាត់ស្លាកែត សង្កាត់វត្តគរ និងសង្កាត់អូរចារ ក្រុងបាត់ដំបង ខណៈបន្ទាប់ពីអាជ្ញាធរបានបើកយុទ្ធនាការរំដោះដីចំណីផ្លូវសាធារណៈរបស់រដ្ឋដោយជោគជ័យធ្វើឱ្យផ្លូវដែលសាងសង់ថ្មីជាផ្លូវដែលមានសភាពធំទូលាយជាងផ្លូវចាស់ផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត សុខ លូ បានលើកឡើងពីគម្រោងបន្តដាំដើមឈើតាមដងផ្លូវ និងរៀបចំបំពាក់ភ្លើងសូឡានៅតាមដងផ្លូវដែលបានសាងសង់រួចរាល់ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងលើកកម្ពស់សោភ័ណភាពបរិស្ថានក្រុងបាត់ដំបងសំដៅបង្កើនការទាក់ទាញភ្ញៀវទេសចរ។ ឯកឧត្តម បានថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្ដល់ផ្លូវជាចំណងដៃដ៏ពិសិដ្ឋដល់ប្រជាពលរដ្ឋនៅក្រុងបាត់ដំបង។

បងប្អូនប្រជាពលរដ្ឋបានបង្ហាញអារម្មណ៍សប្បាយរីករាយដែលទទួលបានផ្លូវបេតុងថ្មីមានលក្ខណៈធំទូលាយជាងមុនងាយស្រួលក្នុងការធ្វើដំណើរក៏ដូចជាប្រកបដោយមុខរបរប្រចាំថ្ងៃ និងបានថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈរដ្ឋបាលខេត្តបាត់ដំបងដែលតែងតែគិតគូរពីសុខទុក្ខ និងដោះស្រាយការលំបាកជូនប្រជាពលរដ្ឋជាបន្តបន្ទាប់។

សូមជម្រាបថា ក្រុងបាត់ដំបងបានទទួលគម្រោងធំៗចំនួន៣ដែលជាថវិកាហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុវត្តគម្រោងដោយក្រសួងសាធារណការ និងដឹកជញ្ជូនរួមមាន៖ ទី១. ការសាងសង់ទីលានចាក់សំរាមស្ដង់ដារនៅឃុំតាគ្រាម ស្រុកបាណន់ ដែលបាន និងកំពុងប្រើប្រាស់ដែលជាទីលានចាក់សំរាមស្ដង់ដារធំជាងគេមួយនៅកម្ពុជា។ ទី២. គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងបានសាងសង់រួចរាល់ ១០០ភាគរយកំពុងប្រមូលទឹកភ្លៀង និងទឹកកខ្វក់នៅប៉ែកខាងកើតស្ទឹងសង្កែយកទៅធ្វើប្រព្រឹត្តកម្មនៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ១០ហិកតា នៅស្រុកសង្កែមុនបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិដែលឱ្យអាចប្រជាពលរដ្ឋប្រើប្រាស់ និងស្រោចស្រពដំណាំកសិកម្មផ្សេងៗ និងទី៣. គម្រោងសាងសង់ប្រព័ន្ធរំដោះទឹកកខ្វក់នៅប៉ែកខាងលិចស្ទឹង សម្រេចការសាងសង់រួចរាល់កាលពីចុងឆ្នាំ២០២៥ដែលត្រូវប្រមូលទឹកកខ្វក់ពីផ្ទះប្រជាពលរដ្ឋយកទៅអាងប្រព្រឹត្តកម្មទឹកកខ្វក់លើផ្ទៃដីទំហំ ៨,៩ហិកតា នៅស្រុកថ្មគោល។
គម្រោងទាំងបីខាងលើបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋនៅក្នុងក្រុងបាត់ដំបង បើទោះបីជាកន្លងមកបានជួបផលពិបាកខ្លះដោយសារផ្លូវខូចខាតអំឡុងពេលការអនុវត្តគម្រោង ប៉ុន្តែក្រោយគម្រោងខាងលើនេះបញ្ចប់ការសាងសង់ស្ថាពរធ្វើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋទាំងអស់មានភាពងាយស្រួលជាមួយនឹងអនាម័យបរិស្ថានល្អប្រសើរមិនមានបញ្ហាបំពុលក្នុងទឹកនិងបំពុលបរិស្ថានដូចកាលពីមុនទៀតឡើយ។ ចំពោះបញ្ហាផ្លូវនៅក្នុងក្រុងដែលរងការខូចខាតនឹងត្រូវសាងសង់ឡើងវិញជាបន្តបន្ទាប់តាមរយៈគម្រោងរបស់ ADB ដែលនឹងត្រូវដាក់ដេញថ្លៃនាពេលខាងមុខនេះ និងផ្លូវមួយចំនួនទៀតដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ដល់ជូនដល់រដ្ឋបាលខេត្ត ខណៈផ្លូវ១៤ខ្សែកំពុងសាងសង់យ៉ាងសកម្ម៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





