ឯកឧត្តម សៀង ណាំ នាំយកស្បៀងអាហារចែកជូនដល់ប្រជាពលរដ្ឋខ្វះខាត ២០២ គ្រួសារ នៅស្រុកសូទ្រនិគម
AKP សៀមរាប ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តម សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦នេះ បាននាំយកគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ជ្រៈថ្លារបស់ព្រះចៅអធិការវត្តប្រាសាទគោកចក ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២០២ គ្រួសារ រស់នៅក្នុងឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ឯកឧត្តម សៀង ណាំ បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលៗរបស់ជាតិ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងការគិតគូរខ្ពស់ពីសុខទុក្ខរបស់ប្រជាជននៅតាមមូលដ្ឋាន។ ឯកឧត្តមក៏បានកោតសរសើរ និងថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះ ព្រះចៅអធិការវត្តប្រាសាទគោកចក ដែលជានិច្ចកាលតែងតែមានសប្បុរសធម៌ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរ ក្នុងការជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ តាមរយៈការបរិច្ចាគទានជាស្បៀងអាហារនាពេលនេះ។ ហើយនេះជាការបង្ហាញពីសាមគ្គីភាពយ៉ាងរឹងមាំរវាងវិស័យពុទ្ធចក្រ និងអាណាចក្រ។

បងប្អូនប្រជាពលរដ្ឋដែលបានទទួលអំណោយ បានសម្តែងនូវក្តីរំភើបរីករាយ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អ្នកតំណាងរាស្ត្រ ព្រះចៅអធិការវត្តប្រាសាទគោកចក ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែនៅក្បែរ និងមិនបោះបង់ប្រជាពលរដ្ឋចោលក្នុងស្ថានភាពលំបាកម្តងណាឡើយ៕


ដោយ ឃុត សៅ





