អាជ្ញាធរខេត្តកំពង់ឆ្នាំង៖ ការដាំដើមឈើគឺមានផលប្រយោជន៍ធំធេងណាស់ សម្រាប់ប្រទេសជាតិយើង
AKP កំពង់ឆ្នាំង ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ការដាំដើមឈើ គឺមានផលប្រយោជន៍ធំធេងណាស់ សម្រាប់ប្រទេសជាតិយើង ដែលធ្វើឱ្យមានគម្របបៃតងលើធម្មជាតិ ហើយមានអត្ថប្រយោជន៍សម្រាប់មនុស្សជាតិទាំងអស់គ្នា និងសត្វគ្រប់ប្រភេទនៅលើភពផែនដីឯកឧត្តមានប្រសាសន៍បែបនេះ នៅក្នុងពិធីដាំដើមក្ងោកសងខាងផ្លូវ ជុំវិញស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងមន្ត្រីបរិស្ថានផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ការដាំដើមឈើគឺមានផលប្រយោជន៍ធំធេងប្រជាពលរដ្ឋគ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ និងការថែរក្សាការពារ និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃដែលជាមរតកជាតិរបស់យើង ឱ្យបានគង់វង្សរហូតតទៅ។ ព្រៃឈើជាគម្របបៃតងលើធម្មជាតិ ហើយមានអត្ថប្រយោជន៍សម្រាប់មនុស្សជាតិទាំងអស់គ្នា និងសត្វគ្រប់ប្រភេទ នៅលើភពផែនដីយើងនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តថា ការដាំដើមក្ងោកតាមបណ្តោយផ្លូវនាពេលនេះគឺដើម្បីទាក់ទាញភ្ញៀវទេសចរ ព្រមទាំងរក្សានូវអត្តសញ្ញាណទីជនបទ និងលើកកម្ពស់ការរស់នៅស្អាត បែបធម្មជាតិប្រកបដោយភាពទាក់ទាញ និងការបំផុសចលនាប្រជាពលរដ្ឋឱ្យចេះស្រឡាញ់និងចូលរួមថែរក្សាព្រៃឈើ ដើមឈើគឺជាជម្រកយ៉ាងត្រជាក់ត្រជុំសម្រាប់មនុស្ស និងសត្វផងដែរ។ ចំពោះដើមឈើដុះនៅតាមដងផ្លូវ គឺជាទីពឹងរបស់អ្នកដំណើរចូលទៅជ្រកសម្រាកកាយ បរិភោគអាហារដោយក្តីរីករាយនៅក្រោមម្លប់ឈើនោះ។

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា សកម្មភាពបំផុសនូវផ្នត់គំនិតដល់មហាជនទូទៅគ្រប់ស្រទាប់វណ្ណៈ ក្នុងសកម្មភាពដាំដុះកូនឈើឡើងវិញ និងការចូលរួមថែរក្សាការពារព្រៃឈើ សំដៅប្រែក្លាយធ្វើឱ្យភពផែនដីមានភាពស្រស់បំព្រង និងអភិវឌ្ឍន៍ធនធានព្រៃឈើឱ្យកាន់តែសម្បូរឡើងវិញ។ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវិស័យឯកជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធចូលរួមទាំងអស់គ្នារួមគ្នាក្នុងការដាំដើមឈើ ដើម្បីប្រែក្លាយទៅជាកម្លាំងចលនាមួយចូលរួមដាំដើមឈើតាមគ្រប់រូបភាពឱ្យបានច្រើនជាអតិបរមា និងបណ្ដុះនូវផ្នត់គំនិតស្រឡាញ់ព្រៃឈើថែរក្សាការពារព្រៃឈើ ដើម្បីជាប្រយោជន៍របស់ជាតិ និងជារបស់យើងទាំងអស់គ្នា។សូមបងប្អូនប្រជាពលរដ្ឋទាំងអស់រួមគ្នាថែរក្សាដាំដើមឈើដែលមានស្រាប់ និង ដាំនៅថ្ងៃនេះឱ្យបានគង់វង្ស៕

ដោយ បៃ ស៊ីថុន





