រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ រាជរដ្ឋាភិបាលលើកទឹកចិត្តការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ -- រាជរដ្ឋាភិបាល បានលើកទឹកចិត្តដល់ការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល ពង្រឹងឯករាជ្យភាពសេដ្ឋកិច្ច និងបង្កើនភាពរឹងមាំនៃមូលដ្ឋានផលិតកម្មជាតិ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន។
ថ្លែងនៅក្នុងពិធីបើក “វេទិកាគយ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាលើកទី១” កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងចាត់ទុក សហគ្រាសធុនតូច និងមធ្យម (SMEs) ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ។
ក្នុងន័យនេះ រាជរដ្ឋាភិបាល បាននិងកំពុងដាក់ចេញនូវគោលនយោបាយ និងវិធានការជាច្រើន ដើម្បីគាំទ្រ SMEs រួមមាន ការលើកទឹកចិត្តផ្នែកសារពើពន្ធ ការកែលម្អបរិយាកាសធុរកិច្ច ការសម្រួលពាណិជ្ជកម្ម ការពង្រឹងលទ្ធភាពទទួលបានហិរញ្ញប្បទាន និងការធានាឥណទាន ការលើកកម្ពស់សហគ្រិនភាព ការចាប់យកបច្ចេកវិទ្យាឌីជីថល ការអភិវឌ្ឍជំនាញ និងការលើកកម្ពស់ស្តង់ដារផលិតផល។

ជាមួយគ្នានេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរួមរវាងអគរ និង FASMEC ក្នុងការរៀបចំវេទិកានេះឡើង ដោយចាត់ទុកថាជាវេទិកាដ៏មានសារៈសំខាន់សម្រាប់ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន និងការជំរុញការអភិវឌ្ឍ SMEs នៅកម្ពុជា។
ឯកឧត្តមបានផ្តល់អនុសាសន៍គន្លឹះមួយចំនួនសម្រាប់ អគរ FASMEC ក្រសួងស្ថាប័នពាក់ព័ន្ធ និង SMEs ដោយផ្តោតលើការបន្តពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម ការអនុវត្តវិធានការលើកទឹកចិត្តផ្នែកសារពើពន្ធ ការពង្រឹងភាពជាដៃគូរវាងរដ្ឋនិងវិស័យឯកជនតាមរយៈយន្តការសន្ទនា និងការពិគ្រោះយោបល់ជាប្រចាំ ការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន និងការគាំទ្រការកសាងសមត្ថភាពសម្រាប់ SMEs ព្រមទាំងបានជំរុញឱ្យ SMEs ខិតខំពង្រឹងគុណភាពផលិតផល ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងសមត្ថភាពប្រកួតប្រជែង ដើម្បីពង្រីកទីផ្សារក្នុងស្រុក និងអន្តរជាតិ។
ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល FASMEC បានលើកឡើងថា SMEs ជាកម្លាំងចលករដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា និងជាមូលដ្ឋានគ្រឹះនៃផលិតកម្មក្នុងស្រុក ប៉ុន្តែនៅតែជួបប្រទះនឹងបញ្ហាប្រឈមមួយចំនួន ដូចជា ការទទួលបានហិរញ្ញប្បទាន ការចាប់យកបច្ចេកវិទ្យា និងការចូលទីផ្សារជាដើម។ ឧកញ៉ាក៏បានសម្តែងនូវការពេញចិត្តចំពោះការរៀបចំវេទិកានេះ និងសង្ឃឹមថា កិច្ចសហការរវាង អគរ និង FASMEC នឹងរួមចំណែកដោះស្រាយបញ្ហាប្រឈម និងបង្កើតបរិយាកាសធុរកិច្ចកាន់តែអំណោយផលសម្រាប់ SMEs។
ដោយឡែក ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគរ បានគូសរំលេចថា អគរ បាននិងកំពុងអនុវត្តកម្មវិធីកែទម្រង់ និងទំនើបកម្មវិស័យគយជាបន្តបន្ទាប់ ដើម្បីសម្រួលពាណិជ្ជកម្ម កាត់បន្ថយថ្លៃដើមធ្វើធុរកិច្ច និងចូលរួមពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់វិស័យឯកជន។
ឯកឧត្តមបានលើកឡើងអំពីវឌ្ឍនភាពនៃការធ្វើឌីជីថលូបនីយកម្មក្នុងវិស័យគយ ការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ និងវិធានការលើកទឹកចិត្តផ្នែកគយសម្រាប់ SMEs ដែលរួមចំណែកកាត់បន្ថយពេលវេលាបំពេញបែបបទគយ និងបង្កើនប្រសិទ្ធភាពសេវាសាធារណៈ។ បន្ថែមពីនេះ ឯកឧត្តមបានជឿជាក់ថា កិច្ចសហការរវាង អគរ និង FASMEC នឹងក្លាយជាមូលដ្ឋានសំខាន់ក្នុងការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជនក្នុងការរួមគ្នាលើកកម្ពស់បរិយាកាសធុរកិច្ច ការសម្រួលពាណិជ្ជកម្ម និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលខ្មែរ។

គួរបញ្ជាក់ដែរថា វេទិកានេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងវិស័យឯកជន សមាគមធុរកិច្ច សហគ្រាសធុនតូច និងមធ្យម (SMEs) និងភាគីពាក់ព័ន្ធជាច្រើនរូប ក្នុងគោលបំណងបង្កើតវេទិកាសន្ទនា និងការយល់ដឹងរួមរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន សម្រាប់ផ្សព្វផ្សាយបទប្បញ្ញត្តិនិងគោលនយោបាយ ស្តាប់បញ្ហាប្រឈម និងសំណូមពររបស់ SMEs ព្រមទាំងស្វែងរកដំណោះស្រាយរួម សំដៅជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាសកម្ពុជា៕
ដោយ៖ ស្រីពេជ្រ





