ស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ផ្សព្វផ្សាយព្រឹត្តិការណ៍មហាសន្និបាតកាយឫទ្ធិនារីពិភពលោក ឆ្នាំ២០២៦ តាមរយៈអេក្រង់ LED ដ៏ធំនៅទីក្រុងប៉េកាំង
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ -- ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានចូលរួមផ្សព្វផ្សាយព្រឹត្តិការណ៍អន្តរជាតិសំខាន់មួយរបស់កម្ពុជា តាមរយៈអេក្រង់ LED ផ្សព្វផ្សាយដ៏ធំរបស់ស្ថានទូត ដោយបង្ហាញវីដេអូស្វាគមន៍គណៈប្រតិភូ និងថ្នាក់ដឹកនាំកាយឫទ្ធិនារីមកពីជុំវិញពិភពលោក ដែលនឹងអញ្ជើញចូលរួមមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២។

ព្រឹត្តិការណ៍អន្តរជាតិដ៏មានសារៈសំខាន់នេះ នឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «យើងឃើញ យើងយកចិត្តទុកដាក់ យើងរួមគ្នាធ្វើសកម្មភាព» ដែលឆ្លុះបញ្ចាំងពីស្មារតីនៃការចូលរួម ការយកចិត្តទុកដាក់ និងការបង្កើតការផ្លាស់ប្តូរជាវិជ្ជមានសម្រាប់សង្គម។

តាមរយៈវីដេអូផ្សព្វផ្សាយនេះ កម្ពុជាបានបង្ហាញពីភាពរុងរឿងនៃមរតកវប្បធម៌ អរិយធម៌ដ៏សម្បូរបែប សមិទ្ធផលនៃការអភិវឌ្ឍ និងបរិយាកាសសន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានសម្រាប់ការទទួលស្វាគមន៍ភ្ញៀវអន្តរជាតិ។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាកំពុងត្រៀមរៀបចំយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វាគមន៍ស្ត្រី និងយុវតីកាយឫទ្ធិនារីមកពីគ្រប់ទ្វីបនៃពិភពលោក មកជួបជុំ ផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

សូមជម្រាបជូនថា ការផ្សព្វផ្សាយនេះ មិនត្រឹមតែបង្ហាញពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការរៀបចំព្រឹត្តិការណ៍ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្សព្វផ្សាយពីកិត្តិយស កេរ្តិ៍ឈ្មោះ និងសក្តានុពលទេសចរណ៍របស់ព្រះរាជាណាចក្រអច្ឆរិយៈ ទៅកាន់សាធារណជនអន្តរជាតិផងដែរ៕



ដោយ៖ រិទ្ធី ប្រភព៖ ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន





