កម្ពុជាក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកដែលសម្រេចបានគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦-- ព្រះរាជាណាចក្រកម្ពុជាត្រូវបានប្រកាសថា សម្រេចបានគោលដៅសកលមេរោគអេដស៍ ៩៥-៩៥-៩៥ ក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិកដែលសម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ។ ការប្រកាសនេះធ្វើឡើងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងកម្មវិធីសហប្រជាជាតិរួមគ្នាស្ដីពីមេរោគអេដស៍/ជំងឺអេដស៍ (UNAIDS) ដែលបានគូសបង្ហាញអំពីជំហានវឌ្ឍនភាពដ៏សំខាន់មួយរបស់កម្ពុជាឈានឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍ដែលជាបញ្ហាគំរាមកំហែងចំពោះសុខភាពសាធារណៈនៅឆ្នាំ២០៣០។

ក្នុងសន្និសីទសារព័ត៌មានស្តីអំពីជោគជ័យរបស់ព្រះរាជាណាចក្រកម្ពុជា ជាប្រទេសដំបូងគេនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលសម្រេចបានគោលដៅសកល ៩៥-៩៥-៩៥ ក្នុងការព្យាបាលមេរោគអេដស៍ នាទីស្តីការគណៈរដ្ឋមន្ត្រី រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អៀង មូល្លី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រួមនឹងដៃគូពាក់ព័ន្ធបានសម្តែងការអបអរសាទរចំពោះការសម្រេចបានរបស់កម្ពុជាបែបនេះ ដោយគោលដៅ ៩៥-៩៥-៩៥ មានន័យថា ៩៥% នៃអ្នករស់នៅជាមួយមេរោគអេដស៍បានដឹងពីស្ថានភាពមេរោគអេដស៍របស់ខ្លួន ៩៥% នៃអ្នកដែលដឹងថាខ្លួនមានផ្ទុកមេរោគអេដស៍បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ និង ៩៥% នៃអ្នកកំពុងទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ សម្រេចបានការបង្ក្រាបមេរោគអេដស៍ឱ្យនៅកម្រិតទាបបំផុត។ គួរបញ្ជាក់ផងដែរថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៧តែប៉ុណ្ណោះ នៅទូទាំងពិភពលោកដែលសម្រេចបានគោលដៅ ៩០-៩០-៩០ កាលពីឆ្នាំ២០១៧ មុនកាលកំណត់៣ឆ្នាំ។

លោក Eamonn Murphy នាយកអង្គការ UNAIDS ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក អឺរ៉ុបខាងកើត និងអាស៊ីកណ្ដាលមានប្រសាសន៍ថា សមិទ្ធផលនេះបង្ហាញថា អ្វីៗក៏អាចកើតមានឡើងបានដែរនៅពេលដែលការអនុវត្តយកប្រជាជនជាស្នូល។ ជោគជ័យរបស់ប្រទេសកម្ពុជាកើតឡើងដោយសារការប្តេជ្ញាចិត្តនយោបាយដ៏មុតមាំ ភាពជាអ្នកដឹកនាំរបស់ជាតិ ភាពជាដៃគូរយៈពេលវែង និងទំនុកចិត្តដែលបានកសាងឡើងតាមរយៈកិច្ចសហការជាមួយសហគមន៍ និងប្រព័ន្ធអង្គការសហប្រជាជាតិអស់រយៈពេលជាច្រើនឆ្នាំ៕

ដោយ៖ ចាន់ សុភឿន





