កម្ពុជា-ស្វ៊ីស ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ TVET និងការអភិវឌ្ឍជំនាញកម្លាំងពលកម្មស្របតាមទីផ្សារការងារ
AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ហ្សេរ៉ូម កូសង់ដេ (Jérôme Cosandey) អនុប្រធានរដ្ឋលេខាធិការដ្ឋានកិច្ចការសេដ្ឋកិច្ច (SECO) នៃប្រទេសស្វ៊ីស នៅក្នុងសន្និសីទអន្តរជាតិខាងការងារលើកទី១១៤ ក្នុងប្រទេសស្វ៊ីស ដើម្បីបង្ហាញពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអប់រំបណ្តុះបណ្តា លបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ការអភិវឌ្ឍកម្មវិធីសិក្សាឱ្យស្របតាមតម្រូវ ការរបស់ឧស្សាហកម្ម ក៏ដូចជាភាពជាដៃគូប្រកបដោយសក្តានុពល ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។

នាឱកាសពិភាក្សាដ៏មានសារៈសំខាន់កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណ រគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសស្វ៊ីស តាមរយៈទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) ដែលជាដៃគូដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយកម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍប្រកបដោយបរិយាបន្ន ការអភិវឌ្ឍជំនាញ និងការធ្វើសមាហរណកម្មកម្លាំងពលកម្មទៅក្នុងទីផ្សារការងារ ព្រមទាំងការគាំទ្ររយៈពេលវែងដល់ការពង្រឹងស្ថាប័ន។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពី “កម្មវិធីមុខរបរ និងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា (DEY)” ដែលជាគំនិតផ្តួចផ្តើមដ៏ចាំបាច់មួយ កំពុងជួយបង្កើនលទ្ធភាពទទួលបានការងារដល់យុវជន ពង្រឹងការផ្សារភ្ជាប់រវាងការបណ្តុះបណ្តាល TVET និងវិស័យឧស្សាហកម្ម ព្រមទាំងលើកកម្ពស់ឱកាសការងារប្រកបដោយបរិយាបន្ន។
លើសពីនេះ ឯកឧត្តមក៏បានទទួល ស្គាល់នូវឧត្តមានុវត្តន៍របស់ប្រទេសស្វ៊ីសលើឆាកអន្តរជាតិក្នុងវិស័យ TVET ជាពិសេសប្រព័ន្ធគំរូនៃការបណ្តុះ បណ្តាលវិជ្ជាជីវៈ ដែលរួមបញ្ចូលការសិក្សាក្នុងថ្នាក់រៀនជាមួយបទពិសោធការងារជាក់ស្តែងនៅកន្លែងការងារ។
ឯកឧត្តម ហេង សួរ បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ចំពោះការសិក្សារៀនសូត្រ និងបទពិសោធល្អៗរបស់ប្រទេសស្វ៊ីស លើប្រព័ន្ធកម្មសិក្សា ការចូលរួមពីវិស័យឧស្សាហកម្ម ការបញ្ជាក់វិញ្ញាបនបត្រជំនាញ និងការធានាគុណភាពជំនាញ ដែលឯកឧត្តមបានចាត់ទុកថា ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់របៀបវារៈកំណែទម្រង់នៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមក៏បានគូសប ញ្ជាក់ពីដំណើរការកំណែទម្រង់កម្មវិធី TVET និងការផ្លាស់ប្តូរកម្លាំងពលកម្មរបស់កម្ពុជា ដែលផ្តោតលើការលើកកម្ពស់ជំនាញ ការអភិវឌ្ឍជំនាញឌីជីថល ការពង្រឹងការចូលរួមរបស់វិស័យឧស្សាហកម្ម និងការពង្រីកឱកាសទទួលបានការបណ្តុះបណ្តាលតាមរយៈកម្មវិធី TVET ១,៥ លាន សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះមានគោលបំណងធ្វើឱ្យការបណ្តុះបណ្តាលស្របតាមតម្រូវការទីផ្សារការងារ ពង្រឹងភាពជាដៃគូជាមួយវិស័យឧស្សាហកម្ម និងបង្កើនឱកាសការងារសម្រាប់អ្នកបញ្ចប់ការសិក្សា។
ជាការឆ្លើយតប ឯកឧត្តម ហ្សេរ៉ូម កូសង់ដេ បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រីលើការអភិវឌ្ឍជំនាញ និងការផ្សារភ្ជាប់ TVET ជាមួយទីផ្សារការងារ។

ភាគីស្វ៊ីសបានបង្ហាញឆន្ទៈបន្តពិភាក្សាពីកិច្ចសហប្រតិបត្តិការលើប្រព័ន្ធកម្មសិក្សា ការចូលរួមរបស់វិស័យឯកជន ការធានាគុណភាព និងការផ្លាស់ប្តូរបទពិសោធរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពគ្នា ក្នុងការស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើការអភិវឌ្ឍកម្មវិធី TVET និងការអភិវឌ្ឍជំនាញ ព្រមទាំងការកសាងសមត្ថភាព តាមរយៈការបណ្តុះបណ្តាលគ្រូបង្គោល ការធ្វើទស្សនកិច្ចសិក្សា និងការផ្លាស់ប្តូរចំណេះដឹងផងដែរ៕
ដោយ៖ ប៊ុនរិទ្ធ , ប្រភព៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ





