រដ្ឋបាលក្រុងប៉ោយប៉ែតចុះបោសសម្អាតទំនិញបង្កកពីថៃ និងហាមដាច់ខាតការដាក់តាំងអត្រាប្តូរប្រាក់បាត ដើម្បីលើកស្ទួយផលិតផលជាតិ
AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦-- ក្នុងគោលបំណងធានាគុណភាពសុវត្ថិភាពចំណីអាហារជូនប្រជាពលរដ្ឋ និងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែសកម្ម រដ្ឋបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបានបើកប្រតិបត្តិការចុះត្រួតពិនិត្យ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជីវករក្នុងផ្សារអគ្គៈ (ផ្សារត្រី) និងផ្សារដទៃទៀតក្នុងក្រុងប៉ោយប៉ែត ឱ្យបញ្ឈប់ការនាំចូល និងលក់ទំនិញបង្កកដែលនាំចូលពីប្រទេសថៃជាបន្ទាន់។

ប្រតិបត្តិការនេះធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់របស់លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីក្រុមការងាររដ្ឋបាលក្រុង និងអាជ្ញាធរសង្កាត់ពាក់ព័ន្ធ។
លោក គាត ហ៊ុល បានសង្កត់ធ្ងន់ចំពោះមុខអាជីវករថា សុខភាពរបស់ប្រជាពលរដ្ឋគឺជាអាទិភាពចម្បង។ ការនាំចូលសាច់បង្កក ឬផលិតផលបង្កកគ្មានប្រភពច្បាស់លាស់ពីប្រទេសជិតខាង គឺជារឿងដែលមិនអាចលើកលែងបាន ព្រោះវាអាចបង្កហានិភ័យខ្ពស់ដល់សុខភាពអ្នកបរិភោគ។
លោកបានបញ្ជាដោយផ្ទាល់មាត់យ៉ាងម៉ឺងម៉ាត់ថា «ចាប់ពីពេលនេះតទៅ អាជីវករទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់នូវការនាំចូល និងចែកចាយសាច់បង្កក ក៏ដូចជាផលិតផលបង្កកគ្រប់ប្រភេទដែលនាំចូលពីប្រទេសសៀម។ យើងមិនអាចយកសុខភាពប្រជាពលរដ្ឋទៅប្រថុយជាមួយទំនិញដែលគ្មានការត្រួតពិនិត្យគុណភាពត្រឹមត្រូវនោះឡើយ»។

ក្រៅពីបញ្ហាសុវត្ថិភាពចំណីអាហារ លោកអភិបាលក្រុងក៏បានដាក់ចេញនូវវិធានការរដ្ឋបាលមួយទៀតដែលទាក់ទាញការចាប់អារម្មណ៍ខ្លាំង គឺ ការហាមឃាត់ដាច់ខាតចំពោះការដាក់តាំងបង្ហាញអត្រាប្តូរប្រាក់បាតថៃនៅតាមតូបលក់ដូរ និងទីតាំងអាជីវកម្មក្នុងផ្សារ ដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល ដែលជាការលើកកម្ពស់អធិបតេយ្យភាពរូបិយវត្ថុជាតិ។ ការចុះពិនិត្យរបស់អាជ្ញាធរក្រុងប៉ោយប៉ែតនាពេលនេះ មិនត្រឹមតែជាការអនុវត្តច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការការពារសុខភាពសាធារណៈទប់ស្កាត់ទំនិញហួសកាលបរិច្ឆេទ ឬទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់។ លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន បង្កើតឱកាសឱ្យផលិតផលក្នុងស្រុក និងកសិផលរបស់ប្រជាកសិករខ្មែរ មានទីផ្សារលក់ដូរបានច្រើនជាងមុន។ ពង្រឹងការប្រើប្រាស់ប្រាក់រៀល បង្កើនទំនុកចិត្ត និងការប្រើប្រាស់រូបិយវត្ថុជាតិ ក្នុងការទូទាត់ប្រចាំថ្ងៃ។

លោក គាត ហ៊ុល បានលើកទឹកចិត្តដល់អាជីវករឱ្យងាកមកចាប់ដៃគូជាមួយកសិករ ឬសិប្បកម្មក្នុងស្រុក ដើម្បីនាំយកផលិតផលដែលមានគុណភាព និងសុវត្ថិភាពខ្ពស់មកលក់ជូនអតិថិជន។ លោកក៏បានព្រមានថា ប្រសិនបើអាជ្ញាធរនៅតែរកឃើញការបន្តល្មើសនឹងបទបញ្ជានេះ វិធានការរដ្ឋបាលនឹងត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងដោយគ្មានការលើកលែងឡើយ។ ប្រតិបត្តិការរបស់រដ្ឋបាលក្រុងប៉ោយប៉ែតនាពេលនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដែលពួកគេសង្ឃឹមថា សកម្មភាពនេះនឹងជួយឱ្យទីផ្សារក្នុងក្រុងប៉ោយប៉ែត ក្លាយជាទីផ្សារដែលប្រកបដោយសុវត្ថិភាព និងជួយលើកកម្ពស់កិត្យានុភាពផលិតផលជាតិឱ្យកាន់តែរឹងមាំ៕
ដោយ ឈុន សារ៉ាត





