សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តកែប បើកកិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិ លើកទី២ អាណត្តិទី៤
AKP កែប ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦-- សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ នៃខេត្តកែប បើកកិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិ លើកទី២ អាណត្តិទី៤ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំតូចសាលាខេត្ត ក្នុងគោលបំណងដើម្បីពិនិត្យ និងអនុម័ត លើរបាយការណ៍សកម្មភាពការងារ និងហិរញ្ញវត្ថុប្រចាំឆ្នាំ ដែលបានអនុវត្តកន្លងមក និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម ជន សុផល សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាជាតិថ្នាក់មូលដ្ឋាន និងលោក លោកស្រី ជាថ្នាក់ដឹកនាំក្រុង ស្រុក សមាជិក សមាជិកា ក្រុមប្រឹក្សា ឃុំ សង្កាត់ លោក លោកស្រីក្រុមប្រឹក្សាសមាគមសរុប៧០រូប។

តាមរបាយការណ៍របស់លោក តូច សាម៉ន ប្រធានសមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកែប បានឱ្យដឹងថា ប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិ លើកទី២ អាណត្តិទី៤ គឺរៀបចំឡើងស្របតាមមាត្រា១៣នៃលក្ខន្តិកៈរបស់សមាគម ដែលកំណត់ឱ្យធ្វើការប្រជុំសាមញ្ញមួយឆ្នាំម្តង ដើម្បីបូកសរុប និងធ្លុះបញ្ចាំងពីលទ្ធផលការងារដែលសមាគមសម្រេចបានក្នុងឆ្នាំ២០២៥ និងដាក់ទិសដៅអនុវត្តបន្តក្នុងឆ្នាំ២០២៦។

លោកបន្តថា ក្នុងឆ្នាំ២០២៥ ផ្អែកលើប្រភពធនធានដែលមានសមាគមបានខិតខំអនុវត្តសកម្មភាពការងារសម្រេចបានលទ្ធផលគួរអោយកត់សម្គាល់ ទន្ទឹមនោះ សមាគមបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់សេវា បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាពបានយ៉ាងល្អប្រសើរ។

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំមួយព្រឹកនេះប្រកបដោយភាពរីករាយ និងប្រព្រឹត្តទៅដោយរលូន ឯកឧត្តមបណ្ឌិត បានលើកឡើងដែរថា សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានជួយគាំទ្រ និងបម្រើផលប្រយោជន៍រួមរបស់សមាជិក និងលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់ប្រជាជន ស្របតាមគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងផ្អែកតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ ។

ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ក្រៅពីនេះ សមាគមក៏រួមចំណែកសកម្ម ក្នុងការបម្រើប្រជាពលរដ្ឋ តាមរយៈការងារអភិវឌ្ឍន៍មូលដ្ឋានផងដែរ ដើម្បីឱ្យទិសដៅខាងមុខ សម្រចបានដោយជោគជ័យ ឯកឧត្តមបណ្ឌិត បានណែនាំដល់សមាគមក្រុមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ត្រូវ ពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តការជាមួយដៃគូរអោយបានល្អប្រសើរ បង្កើនប្រសិទ្ធភាពការផ្តល់សេវាសាធារណៈ និងការពង្រឹងសមត្ថភាពចំណេះដឹង និងជំនាញជាប្រចាំ៕

ដោយ AKP





