មន្ទីរកិច្ចការនារីខេត្តរៀបចំកិច្ចប្រជុំប្រចាំឆមាសទី១ ជាមួយបណ្តាញការងារយេនឌ័រតាមមន្ទីរវិស័យ
AKP ស្ទឹងត្រែង ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦-- មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែងបានសហការជាមួយរដ្ឋបាលខេត្ត កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ រៀបចំកិច្ចប្រជុំប្រចាំឆមាសទី១ ជាមួយបណ្តាញមន្រ្តីបង្គោលការងារយេនឌ័រតាមមន្ទីរវិស័យ ក្រោមអធិបតីភាពលោកជំទាវ កុត ប៊ុនមី ប្រធានគណៈកម្មាធិការសម្រាប់កិច្ចការស្ត្រី និងកុមារ ខេត្ត និងជាប្រធានកិត្តិយសបណ្តាញការងារយេនឌ័រខេត្ត ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ និងបណ្តាញការងារយេនឌ័រពាក់ព័ន្ធជាច្រើន។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងពីលទ្ធផលនៃការអនុវត្តសកម្មភាពលើកកម្ពស់សមភាពយេនឌ័រ ក្នុងរយៈពេលឆមាសទី១ ឆ្នាំ២០២៦ ទាំងនៅក្នុងស្ថាប័ន និងសហគមន៍ ព្រមទាំងជាវេទិកាសម្រាប់ពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកបញ្ហាប្រឈម ស្វែងរកដំណោះស្រាយ និងកំណត់ទិសដៅការងារបន្ត ដើម្បីជំរុញ និងគាំទ្រដល់ការអនុវត្តតួនាទីរបស់មន្ត្រីបង្គោលឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលការណ៍សមធម៌សង្គម និងបរិយាបន្ន។ 
លោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារីខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍បណ្តាញការងារយេនឌ័រ បានគូសបញ្ជាក់ថា មន្ទីរកិច្ចការនារីខេត្តតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសមត្ថភាព និងបង្កើនចំណេះដឹងដល់ថ្នាក់ដឹកនាំជាស្ត្រី ក្មេងស្រី និងបណ្តាញការងារយេនឌ័រ តាមរយៈសកម្មភាពជាច្រើនដូចជា ការរៀបចំវគ្គបណ្តុះបណ្តាល កិច្ចប្រជុំពង្រឹងសមត្ថភាព វេទិកាសាធារណៈ យុទ្ធនាការផ្សព្វផ្សាយ ការអប់រំ និងការចុះសួរសុខទុក្ខប្រជាពលរដ្ឋ។ សកម្មភាពទាំងនេះ មានគោលបំណងជួយឱ្យស្ត្រី និងក្មេងស្រីយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិ ឱកាស និងការចូលរួមក្នុងការសម្រេចចិត្តទាំងក្នុងគ្រួសារ និងសង្គមជាតិ។ 
លោកស្រីបានបន្ថែមថា មន្ទីរកិច្ចការនារីខេត្តក៏កំពុងខិតខំអនុវត្តការងារឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃនីតិកាលទី៧ និងផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ ដោយផ្តោតលើការបញ្ចូលយេនឌ័រទៅក្នុងគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍គ្រប់វិស័យ និងគ្រប់កម្រិត ដោយប្រើប្រាស់អភិក្រមបរិវិត្តកម្មយេនឌ័រ និងគាំទ្រកម្មវិធីពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច សុខុមាលភាព ការពារផ្លូវច្បាប់ អភិបាលកិច្ច ការប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់តម្លៃស្ត្រី និងគ្រួសារ។
មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ កុត ប៊ុនមី ប្រធានកិត្តិយសបណ្តាញការងារយេនឌ័រខេត្ត បានលើកឡើងថា បញ្ហាយេនឌ័រគឺជាបញ្ហាពហុវិស័យ ដែលទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ដៃគូអភិវឌ្ឍន៍ និងជាពិសេសការចូលរួមពីបុរស ក្នុងការផ្លាស់ប្តូរឥរិយាបថ និងអាកប្បកិរិយា ដើម្បីធានាថាការអនុវត្តការងារយេនឌ័របានប្រសើរឡើង និងស្របតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល។ 
ក្នុងនាមរដ្ឋបាលខេត្ត និងជាប្រធានកិត្តិយសបណ្តាញការងារយេនឌ័រ លោកជំទាវ កុត ប៊ុនមី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរកិច្ចការនារីខេត្ត ក៏ដូចជាបណ្តាញមន្ត្រីបង្គោលការងារយេនឌ័រតាមមន្ទីរវិស័យ ដែលបានសហការគ្នាអនុវត្តការងារយ៉ាងសកម្ម មានការទទួលខុសត្រូវ និងបង្ហាញពីការចូលរួមយ៉ាងសំខាន់ក្នុងការជំរុញសមភាពយេនឌ័រ ការការពារសិទ្ធិស្ត្រី និងកុមារ ព្រមទាំងការលើកកម្ពស់តួនាទីស្ត្រីក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅមូលដ្ឋាន។
ជាមួយគ្នានេះ លោកជំទាវក៏បានណែនាំឱ្យបណ្តាញការងារយេនឌ័រទាំងអស់ បន្តពង្រឹងសមត្ថភាពជំនាញ បង្កើនការសហការរវាងមន្ទីរ អង្គភាព និងដៃគូពាក់ព័ន្ធ ព្រមទាំងយកចិត្តទុកដាក់លើការអនុវត្តផែនការសកម្មភាពឲ្យមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ ដើម្បីចូលរួមចំណែកសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងសមភាពសង្គមនៅក្នុងខេត្តស្ទឹងត្រែង៕
ដោយ AKP





