ទឹកព្រះទ័យសប្បុរស ព្រះសង្ឃក្រុងសៀមរាប នាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ទៅឧបត្ថម្ភដល់កងទ័ពការពារព្រំដែន
AKP សៀមរាប ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦--ក្នុងស្មារតីសាមគ្គីជាតិ និងដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងការពារទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ព្រះសង្ឃ នៅក្រុងសៀមរាប ខេត្តសៀមរាបរួមមាន ព្រះចៅអធិការវត្តស្វាយរមៀត ព្រះចៅអធិការវត្តកេសរារាម ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ព្រះគ្រូចៅអធិការវត្តដំណាក់ និងព្រះគ្រូសូត្រស្តាំវត្តពោធិបន្ទាយជ័យ និងព្រះចៅអធិការវត្តគូ ដែលស្ថិតនៅខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ បាននិមន្តនាំយកអំណោយជាគ្រឿងឧប ភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ទៅចែកជូនដល់បងប្អូនកងទ័ពជួរមុខដោយផ្ទាល់។

ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះចៅអធិការវត្តស្វាយរមៀតមានសង្ឃដីកាថា សកម្មភាពមនុស្សធម៌ដ៏ប្រពៃនេះ បានស្តែងឱ្យឃើញពីការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាង «ពុទ្ធចក្រ និងអាណាចក្រ» ជាពិសេសគឺទឹកព្រះទ័យរបស់ព្រះសង្ឃខ្មែរ ដែលតែងតែគិតគូរ និងដឹងគុណចំពោះវីរភាពរបស់កងទ័ពជួរមុខ ដែលបានលះបង់កម្លាំងកាយចិត្ត សេចក្តីសុខផ្ទាល់ខ្លួន ក្នុងការការពារបូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋនៅផ្ទៃក្នុងប្រទេស។

គ្រឿងឧបភោគបរិភោគដែលបាននាំយកទៅរួមមាន៖ ទឹកបរិសុទ្ធ ថ្នាំសង្កូវ មី កៅស៊ូតង់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួនដល់កងទ័ពឈរជើងតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។

ព្រះអង្គមានថេរដីកាបន្តថា ទោះបីជាអំណោយទាំងនេះមានចំនួនមិនច្រើនលើសលប់ ប៉ុន្តែវាជាសេចក្តីជ្រះថ្លា និងជាទឹកចិត្តរួមគ្នារវាងព្រះសង្ឃ ដើម្បីជាកម្លាំងចិត្តដល់បងប្អូនកងទ័ពឱ្យដឹងថា ប្រជាជននៅសមរភូមិក្រោយ តែងតែនៅក្បែរ និងគាំទ្របងប្អូនសមរភូមិមុខជានិច្ច។

តំណាងកងទ័ពនៅជួរមុខ បានសម្តែងនូវសេចក្តីត្រេកអរ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះទ័យរបស់ព្រះសង្ឃគ្រប់ព្រះអង្គ។ ទឹកចិត្តដ៏ថ្លៃថ្លានេះ គឺជាជួយជំរុញស្មារតីបងប្អូនយុទ្ធជនឱ្យកាន់តែមានសេចក្តីក្លាហាន និងប្តេជ្ញាចិត្តខ្ពស់ក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិ៕
ដោយ៖ ឃុត សៅ





