លោកជំទាវ ឈឹម សុធារី និងសហការី នាំយកទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃគង់នៅវត្ត សម្តេចព្រះនាគវ័ន្ត វរៈពោធិ
AKP ភ្នំពេញ ទី១០ ខែមិថុនា ឆ្នាំ២០២៦--ដើម្បីចូលរួមអបអរសាទរឱកាសដ៏បវរមហាប្រសើរ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ខួប ៩០ ព្រះវស្សាយាងចូល ៩១ ព្រះវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ដែលនឹងឈានមកដល់នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ ។
នាព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ឈឹម សុធារី អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ រួមជាមួយ សហការីបាននាំយក ទេយ្យវត្ថុ ទៅវេរប្រគេនព្រះសង្ឃគង់នៅវត្តសម្តេចព្រះនាគវ័ន្ត វរៈពោធិ (ហៅវត្តសំបុក) នៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។


ក្រុមការងារទាំងអស់បានអុជទានធូប បួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យបារមីថែរក្សាព្រះមហាស្វេតឆ័ត្រ វត្ថុសក្តិសិទ្ធក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជាពលរដ្ឋជាកូន ចៅ ចៅទួតរបស់ព្រះអង្គជ្រកកោនក្នុងក្តីសុខក្សេមក្សាន្តជានិច្ចនិរន្តរ៍ សូមព្រះអង្គប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។


ទេយ្យវត្ថុដែលត្រូវវែប្រគេនរួមមាន៖អង្ករ១០០គីឡូក្រាម មី២កេស ត្រីខ២យួរ ទឹកក្រូច២កេស ទឹកផ្លែឈើ២កេស ផ្លែឈើ២កន្ត្រក ទឹកបរិសុទ្ធ២កេស សាដកចំនួន៤ បច្ច័យកសាងចំនួន ៤០ម៉ឺនរៀល និងប្រគេនបច្ច័យព្រះសង្ឃ៤អង្គ ក្នុង១អង្គចំនួន១០ម៉ឺនរៀល និងបានឧបត្ថម្ភថវិកាជូន តាជី យាយជី និងយុវជនកាកបាទក្រហមកម្ពុជា ក្នុងមួយនាក់ចំនួន ២ម៉ឺនរៀល ផងដែរ៕
ដោយ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





