ឯកឧត្ដម គួច ចំរើនបានណែនាំដល់អាជ្ញាធរស្រុកមិនឱ្យចុះហត្ថលេខាបញ្ជាក់ឯកសារផ្សេងៗពាក់ព័ន្ធនឹងរឿងដីធ្លី ក្រៅពីប័ណ្ណដែលបានចុះបញ្ជីរួចហើយនោះ ដាច់ខាត
AKP កណ្តាល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាលបានធ្វើការណែនាំដល់អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់មិនឱ្យចុះហត្ថលេខាបញ្ជាក់ឯកសារផ្សេងៗពាក់ព័ន្ធនឹងរឿងដីធ្លីជូនប្រជាពលរដ្ឋ ក្រៅពីប័ណ្ណកម្មសិទ្ធិដីធ្លីដែលបានចុះបញ្ជីរួចហើយនោះទេ អាជ្ញាធរត្រូវទទួលស្គាល់តែប័ណ្ណកម្មសិទ្ធតែមួយគត់ប៉ុណ្ណោះ ចៀសវាងបង្កភាពស្មុគស្មាញ និងបង្កើតបញ្ហាផ្សេងៗ ពាក់ព័ន្ធនឹងរឿងដីធ្លីតទៅទៀត បើមន្ត្រីណានៅតែបន្តចុះហត្ថលេខាទៀត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
ឯកឧត្ដម អភិបាលខេត្តកណ្តាល មានប្រសាសន៍ដូចនេះ នៅក្នុងឱកាសចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន១៣ភូមិ ស្ថិតនៅក្នុងសង្កាត់ចំនួន ០៣ នៃក្រុងអរិយក្សត្រ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ។

ឯកឧត្ដមបានបន្តទៀតថា បន្ថែមពីលើនេះ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញ ត្រូវបំពេញភារកិច្ចជាអ្នកបំរើសេវាជូនប្រជាពលរដ្ឋដ៏ល្អ ត្រូវតែស្មើភាពគ្នាក្នុងការទទួលបានប័ណ្ណ ដាច់ខាតកុំប៉ះពាល់ផលប្រយោជន៍ កុំដាក់លក្ខខណ្ឌដល់ប្រជាពលរដ្ឋក្នុងការទទួលប័ណ្ណកម្មសិទ្ធ ជាពិសេសមន្ទីរ ដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តត្រូវធ្វើការបូកសរុបប័ណ្ណដែលនៅសេសសល់ក្នុងមន្ទីរ រួមជាមួយប័ណ្ណកម្មសិទ្ធិដែលនៅសេសសល់ ដែលមិនទាន់ចុះហត្ថលេខា ត្រូវខិតខំធ្វើយ៉ាងណាចុះហត្ថលេខាបានរួចរាល់ទាន់ពេលវេលា សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋ នាពេលខាងមុខនេះ ដើម្បីបិទបញ្ចប់ការចែកប័ណ្ណកម្មសិទ្ធិដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងខេត្តកណ្ដាល។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អភិបាលខេត្តកណ្ដាលបានស្នើដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន និងបានជម្រាបពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តការគាំទ្រ និងជឿជាក់កាន់តែខ្លាំងលើរាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ក្នុងការដោះស្រាយ និងការពារបូរណភាពទឹកដីពីការឈ្លានពានពីប្រទេសថៃ ៕

ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





