អភិបាលស្រុកព្រៃនប់បើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន ២ខ្សែជូនពលរដ្ឋនៅឃុំទឹកថ្លា និងឃុំសាមគ្គី
AKP ព្រះសីហនុ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦--លោក អ៊ី ធារិន អភិបាល នៃគណៈអភិ បាលស្រុកព្រៃនប់ នៅព្រឹកថ្ងៃពុធទី១០ ខែមិថុនា ឆ្នាំ២០២៦នេះបានញ្ជើញដឹកនាំសហការី និងមន្ត្រីជំនាញបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេចំនួន ២ខ្សែ ស្ថិតក្នុងភូមិសាស្ត្រឃុំទឹកថ្លា និងឃុំសាមគ្គី ដើម្បីសម្រួលដល់ការធ្វើដំណើរ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវបេតុងអាមេទាំង ២ខ្សែនេះគឺ ខ្សែទី១.ឃុំទឹកថ្លា ភូមិព្រែក ទាល់ និងភូមិកំពង់ចិន មាន ប្រវែង ៦១៦ម៉ែត្រ ទទឹង ៥ម៉ែត្រ និងកម្រាស់ ០.១៥ ម៉ែត្រ ។ខ្សែទី២.ឃុំសាមគ្គី ភូមិបឹងរាំងមានប្រវែង ៥៤០ម៉ែត្រ ទទឹង ៥ម៉ែត្រ និងកម្រាស់ ០.១៥ម៉ែត្រ។

លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ បានឱ្យដឹងថា ការបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេទាំងពីរខ្សែខាងលើ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលស្រុកព្រៃនប់ ក៏ដូចរដ្ឋបាលខេត្តក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានឱ្យកាន់តែល្អប្រសើរ ដើម្បីធានាបាន នូវការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្ទៃក្នុង ក៏ដូចជាការបង្កលក្ខណៈងាយស្រួល ដល់ការដឹកជញ្ជូនកសិផល និងការធ្វើដំណើររបស់បង ប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សនៅក្នុងមូលដ្ឋានបានកាន់តែលឿន និងមានសុវត្ថិភាពជាងមុន។
ទន្ទឹមនោះ លោក អភិ បាលស្រុក ក៏បានធ្វើការណែនាំដល់ក្រុមការងារ បច្ចេកទេសសាងសង់ ដោយធ្វើយ៉ាងណាដំណើរការសាងសង់មានគុណភាព បរិមាណស្តង់ដារបច្ចេកទេស ធានាការប្រើប្រាស់បានយូរអង្វែង។

ជាមួយគ្នានោះដែរ លោក អភិបាលស្រុកព្រៃនប់ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានទីលំនៅអមសងខាងផ្លូវបេតុងទាំងពីរខ្សែនេះ សូមចូលរួមសហការជាមួយក្រុមការងារបច្ចេកទេសសងសង់ហេដ្ឋារចនាសម័ន្ធបានលឿន ឆាប់ ព្រោះផ្លូវបេតុងនេះ គឺជាទ្រព្យសម្បត្តិរួមរបស់បងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ដូច្នេះយើងត្រូវរួមគ្នាថែរក្សា ការពារបរិស្ថានផ្លូវនេះ ឱ្យបានល្អសម្រាប់កូនចៅរបស់យើងនៅពេលខាងមុខ ៕
ដោយ ងូ សុមុនី





