វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង ១៦ ០០០សន្លឹកត្រូវបានប្រគល់ជូនពលរដ្ឋក្រុងអរិយក្ស
AKP កណ្តាល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម មាន ច័ន្ទវ៉ាន់នី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ដ និង ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះបានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋមកពី ១៣ភូមិ នៃសង្កាត់ព្រែកលួង សង្កាត់បារុង និងសង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ។

ក្នុងឱកាសនោះ ឯកឧត្តមគួច ចំរើន អភិបាលខេត្តកណ្តាល បានថ្លែងអំណរគុណ ចំពោះមន្ត្រីរាជការ និងមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងរហូតសម្រេចបញ្ចប់នូវការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងសម្រេចបានលទ្ធផលចេញបណ្ណ ចំនួន ១៦ ៣៦៥បណ្ណ ជូនប្រជាពលរដ្ឋក្រុងអរិយក្សត្រ នាពេលនេះ។

ក្រុងអរិយក្សត្រ គឺជាស្រុកទី១២ ក្នុងចំណោមក្រុងស្រុកទាំង ១៣នៃខេត្តកណ្តាល ដែលបានបិទបញ្ចប់ការងារចុះបញ្ជីដីធ្លីនេះ ហើយខេត្តកណ្តាលនឹងបញ្ចប់ការងារចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធទាំងស្រុងក្នុងពេលឆាប់ៗខាងមុខនេះ។ “ការចែកបណ្ណកម្មសិទ្ធជូនដល់ដៃប្រជាពលរដ្ឋ”ដោយមន្ទីរត្រូវបន្តជំរុញផ្តល់បណ្ណដែលចេញរួចដល់រដ្ឋបាលក្រុងស្រុក ហើយអាជ្ញាធរមូលដ្ឋានត្រូវផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋអោយមកទទួលបណ្ណកម្មសិទ្ធ នៅតាមបណ្តាការិយាល័យច្រកចេញចូលតែមួយរដ្ឋបាលក្រុង ស្រុក។

ឯកឧត្ដម បានលើកឡើងពីគុណប្រយោជន៍នៃ ដីធ្លីដែលបានចុះបញ្ជីមានប័ណ្ណកម្មសិទ្ធ គឺធានាបាននូវសិទ្ធិកម្មសិទ្ធិពេញលេញ និងកាត់បន្ថយ ឬលុបបំបាត់វិវាទដីធ្លីទាំងស្រុងហើយ ម្ចាស់ដីអាចយកទៅប្រើប្រាស់តាមតម្រូវការដោយទំនុកចិត្ត ដូចជា ការលក់ដូរ ធ្វើអំណោយ ដាក់ហ៊ីប៉ូតែក ឬបញ្ចាំជាដើម។

ការផ្តល់បណ្ណនេះ មិនត្រឹមតែផ្តល់សិទ្ធិស្របច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ជីវភាព កាត់បន្ថយភាពក្រីក្រ និងពង្រឹងស្ថេរភាពសង្គមផងដែរ៕
ដោយ ណយ នឿន (ប្រភព៖មន្ទីររៀបចំដែនដី ខេត្តកណ្តាល)





