មណ្ឌលសុខភាពសម្រាប់មូលដ្ឋានសុខាភិបាលសហគមន៍ជនបទ គឺផ្តល់ជូន និងទទួលបានមកវិញនូវទំនុកចិត្តពីប្រជាពលរដ្ឋយើងជាប់ជាប្រចាំថែមទៀត ហើយដែលត្រូវតែរក្សាឱ្យបាន
AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា មណ្ឌលសុខភាពសម្រាប់មូលដ្ឋានសុខាភិបាលសហគមន៍ជនបទដែលធ្លាប់ទទួលបានលំដាប់ថ្នាក់ជ័យលាភី គឺជាការល្អមួយហើយ។ អ្វីដែលល្អជាងនេះទៅទៀត នោះ គឺការផ្តល់ជូន និងទទួលបានមកវិញនូវទំនុកចិត្តពីប្រជាពលរដ្ឋយើងជាប់ជាប្រចាំថែមទៀត ហើយដែលត្រូវតែរក្សាឱ្យបាន ដោយឯកឧត្តមសាស្ត្រាចារ្យបានបញ្ជាក់ថា “ខ្ញុំពិតជាសង្ឃឹមថាបងប្អូនសហភាតរៈសុខាភិបាលនឹងព្យាយាមបានលើសពីការរំពឹងទុក”។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីបានលើកឡើងដូច្នេះ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញបន្តចុះពិនិត្យការបម្រើសេវាសុខាភិបាលនៅមណ្ឌលសុខភាព បឹងបត់កណ្តោល ស្ថិតនៅភូមិត្រាំសេះ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលជាមណ្ឌលសុខភាពបានបន្តប្រឡងប្រណាំង ជ័យលាភីគំរូ ឆ្នាំ២០២៥ កាលពីរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងឱកាសបន្តដំណើរសួរសុខទុក្ខ និងពិនិត្យមូលដ្ឋានសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បាននៅបន្តធ្វើបាឋកថាបណ្តុះបណ្តាល លើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ តាមប្រព័ន្ធ Zoom ដែលរៀបចំជាទំលាប់រៀងរាល់រសៀលថ្ងៃអង្គារ ដោយលើកនេះមានវត្តមានចូលរួមផ្ទាល់នៅនឹងកន្លែងពីបុគ្គលិកមណ្ឌលបឹងបត់កណ្តោលផងដែរ។

ប្រតិភូសុខាភិបាលបានសង្កេតឃើញ ភាពរីកចម្រើន ប៉ិនប្រសប់ដែលបុគ្គលិក មន្ត្រីសុខាភិបាលមណ្ឌលសុខភាព បឹងបត់កណ្តោល បានពាំនាំ និងខិតខំសម្រេចបានសម្រាប់អង្គភាពរបស់ខ្លួន ក៏ដូចជាការបង្ហាញឱ្យឃើញពីការតាំងចិត្តខ្ពស់ និងភាពរឹងមាំ ក្នុងការដឹកនាំអង្គភាពរបស់ខ្លួន រិះរកគ្រប់មធ្យោបាយ ឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍។

ការចុះពិនិត្យជារួមឃើញថា លើសពីការប្រឹងប្រែងបម្រើសេវាថែទាំសុខភាពប្រចាំថ្ងៃ មណ្ឌលមានការរៀបចំបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ប្រកបដោយអនាម័យ ផាសុកភាព និងរៀបចំមានការបង្ហាញព័ត៌មាន សារអប់រំសុខភាព បានយ៉ាងទូលំទូលាយ ជូនដល់ប្រជាពលរដ្ឋដោយផ្ទាល់ផង និងតាមរយៈបងប្អូនអ្នកស្ម័គ្រចិត្តភូមិផង៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





