ក្រសួងទេសចរណ៍កម្ពុជាចូលរួមពិព័រណ៍ការប្រើប្រាស់ទេសចរណ៍ និងវប្បធម៌អន្តរជាតិទីក្រុងប៉េកាំង លើកទី៤
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ -- ក្រសួងទេសចរណ៍កម្ពុជាបានចូលរួមក្នុងពិធីពិព័រណ៍ «ការប្រើប្រាស់ទេសចរណ៍ និងវប្បធម៌អន្តរជាតិទីក្រុងប៉េកាំង លើកទី៤» (Beijing International Cultural and Tourism Consumption Expo – BICTCE) ដែលប្រារព្ធឡើងនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រព្រឹត្តទៅរយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦។

ពិធីបើកពិព័រណ៍នេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ឯកឧត្តម Gao Zheng អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន និងលោកជំទាវ Sima Hong អភិបាលរងនៃរដ្ឋបាលប្រជាជនទីក្រុងប៉េកាំង ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នទេសចរណ៍ជាតិ និងអន្តរជាតិ វិស័យឯកជន ព្រមទាំងអ្នកសារព័ត៌មានចិន និងអន្តរជាតិប្រមាណជិត ២០០នាក់ កាលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦។

ពិព័រណ៍ BICTCE លើកទី៤នេះមានការចូលរួមពីប្រទេស និងតំបន់ចំនួន៣៣ ជុំវិញពិភពលោក ជាមួយស្តង់តាំងពិព័រណ៍សរុបចំនួន ៦៣៧ស្តង់ និងអ្នកសារព័ត៌មានជិត ១,០០០នាក់។ ព្រឹត្តិការ នេះរំពឹងថា នឹងមានភ្ញៀវចូលទស្សនាពិព័រណ៍លើសពី ១០០,០០០នាក់។
បន្ទាប់ពីពិធីបើក ឯកឧត្តម Gao Zheng និងគណៈប្រតិភូជាន់ខ្ពស់ (VIP) បានអញ្ជើញទស្សនាស្តង់តាំងពិព័រណ៍របស់ក្រសួងទេសចរណ៍កម្ពុជា ដែលបានរៀបចំដើម្បីផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ ផលិតផលទេសចរណ៍ និងវប្បធម៌របស់កម្ពុជា។

ក្នុងឱកាសនោះ តំណាងក្រសួងទេសចរណ៍កម្ពុជាក៏បានផ្តល់បទសម្ភាសន៍ដល់ស្ថាប័នសារព័ត៌មានចិន និងអន្តរជាតិ រួមមានទូរទស្សន៍ CCTV កាសែត China Daily សារព័ត៌មាន Beijing Business Today និងវិទ្យុ Beijing News Radio (FM 94.5) ដោយផ្តោតលើការចូលរួមរបស់កម្ពុជា ក្នុងពិព័រណ៍នេះ ការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ការធានាសុខសុវត្ថិភាពជូនភ្ញៀវទេសចរ និងគោលនយោបាយលើកលែងទិដ្ឋាការសាកល្បងសម្រាប់ភ្ញៀវទេសចរចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។
តាមការសង្កេតក្នុងថ្ងៃដំបូងនៃពិព័រណ៍ ភ្ញៀវទស្សនា និងអ្នកសារព័ត៌មានបានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន ការធានាសុខសុវត្ថិភាពសម្រាប់អ្នកដំណើរ ព្រមទាំងវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)។
ការចូលរួមរបស់កម្ពុជា ក្នុងពិព័រណ៍អន្តរជាតិដ៏ធំនេះ ត្រូវបានចាត់ទុកថាជាឱកាសដ៏សំខាន់ក្នុងការពង្រឹងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ទាក់ទាញភ្ញៀវទេសចរចិន និងអន្តរជាតិ និងជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងចិនឱ្យកាន់តែរឹងមាំបន្ថែមទៀត៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងទេសចរណ៍)





