អាជ្ញាធរខណ្ឌឫស្សីកែវស្តារប្រឡាយមេ២ខ្សែ ដើម្បីរំដោះទឹកជំនន់ជូនពលរដ្ឋនៅរដូវវស្សា
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ -- រដ្ឋបាលខណ្ឌឫស្សីកែវ ពន្លឿនស្តារប្រឡាយមេរំដោះទឹកជំនន់ចំនួន២ខ្សែ ដើម្បីត្រៀមនាំទឹកចេញពីភូមិដ្ឋានប្រជាពលរដ្ឋ ក្នុងរដូវវស្សានេះ ហើយគម្រោងនេះគ្រោងនិងបញ្ចប់នៅចុងខែមិថុនា។ ការងារនេះធ្វើឡើងក្រោមការយកចិត្តទុកដាក់ដឹកនាំដោយលោកជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ ព្រមទាំងការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី ថវិកា និងគ្រឿងច័ក្រពី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងផែនការត្រៀមរំដោះជំនន់ទឹកភ្លៀងបញ្ចៀសការជន់លិចផ្ទះប្រជា ពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងរដូវវស្សានេះ។ នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦នេះ។

លោកស្រីបានបន្តថា រដ្ឋបាលខណ្ឌឫស្សីកែវនាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានចុះពិនិត្យវឌ្ឍភាពការងារស្តារព្រែកអូរវែង ដោយបន្តដាក់សាឡង់និងគ្រឿងចក្រដើម្បីស្តារព្រែកឱ្យរួចរាល់នៅចុងខែមិថុនា មុនរដូវវភ្លៀងធ្លាក់ខ្លាំងមកដល់។

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បញ្ជាក់ដែរថា ដោយមានការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី ថវិកានិងគ្រឿងចក្រពីឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្រុមការងារខណ្ឌបានបន្តស្តារប្រឡាយចំនួន២ខ្សែក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវក្នុងឆ្នាំ២០២៦ ដែលក្នុងនោះ ប្រឡាយព្រែកបាក់ទូក ស្តារបានប្រវែង៣,១២០ម៉ែត្រ/៣,១២០ម៉ែត្រ និងប្រឡាយព្រែកអូរវែង ស្តារបាន ប្រវែង៤,០០០ម៉ែត្រ/៤,៧៨០ម៉ែត្រ និងកំពុងបន្តស្តារប្រវែង៧៨០ម៉ែត្រទៀតពីចំណុចស្ពានជីបម៉ុង ឆ្ពោះទៅស្ថានីយ៍បូមទឹកគីឡូម៉ែត្រលេច៩ ហើយគ្រោងនឹងបញ្ចប់នៅចុងខែមិថុនានេះ។

ក្នុងនាមអាជ្ញាធរមូលដ្ឋានលោកស្រី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវឱ្យបងប្អូនប្រជាពលររដ្ឋនៅជាប់ប្រឡាយ និងផ្លូវនានាចូលរួមថែរក្សាប្រឡាយដែលបានស្តាររួច ដោយទុកដាក់សំរាមវេចខ្ចប់ឱ្យបានត្រឹមត្រូវ ដើម្បីអនាម័យបរិស្ថាន និងបញ្ចៀសកាលិចលង់ និងសោភ័ណភាពរាជធានីភ្នំពេញយើង៕
ដោយ សួស សំរិត





