មន្ទីរព័ត៌មានខេត្តព្រះវិហារបានរៀបចំយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ដល់សិស្សានុសិស្សជាង ២,០០០នាក់ នៅវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ក្រុងព្រះវិហារ
AKP ព្រះវិហារ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ -- មន្ទីរព័ត៌មានខេត្តព្រះវិហារបានរៀបចំយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» (Say NO to Fake News) ជំហានទី២ ក្រោមអធិបតីភាព ឯកឧត្តម ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ។ ពិធីនេះត្រូវបានប្រារព្ធឡើងនៅបរិវេណវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

ឯកឧត្តម ស្លេះ អាល់ហ្វីន បានលើកឡើងថា យុទ្ធនាការជំហានទី២នេះ ផ្តោតគោលដៅលើគ្រឹះស្ថានសិក្សា ដើម្បីពង្រឹងចំណេះដឹងផ្នែកឌីជីថល ដាស់តឿន និងណែនាំដល់ក្មួយៗយុវសិស្ស ឱ្យចេះវិភាគ និងពិនិត្យប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងជឿ ឬចែករំលែក (Share)។ បន្ថែមពីនេះ យុទ្ធនាការនេះក៏ផ្តោតសំខាន់លើការផ្សព្វផ្សាយការយល់ដឹងអំពីច្បាប់ សិទ្ធិ និងសុវត្ថិភាពឌីជីថល ក្នុងគោលដៅចូលរួមចំណែកកែប្រែឥរិយាបថ និងទម្លាប់អវិជ្ជមានក្នុងការប្រើប្រាស់បណ្តាញសង្គមរបស់ស្រទាប់យុវជនផងដែរ។

ឯកឧត្តមអនុរដ្ឋលេខាធិការបានលើកឡើងបន្ថែមថា ក្នុងការអនុវត្តយុទ្ធនាការនេះ ក្រសួងព័ត៌មាន បានសហការជាមួយរដ្ឋបាលរាជធានី-ខេត្តទាំង២៥ និងវិស័យឯកជន ក្នុងនោះមន្ទីរព័ត៌មានបានសម្របសម្រួលរៀបចំសកម្មភាពចុះផ្សព្វផ្សាយផ្ទាល់ដល់ពលរដ្ឋ និងតាមបណ្តាញសង្គម ព្រមទាំងមានការចូលរួមពីអាជ្ញាធរក្នុងរាជធានី ខេត្តទាំងអស់ អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកាបណ្តាញសង្គម សិស្ស និស្សិត អាជីវករ និងពលរដ្ឋទូទៅ។ ឯកឧត្តមក៏បានបង្ហាញពីគុណតម្លៃនៃយុទ្ធនាការនេះថាបានដើរតួនាទីយ៉ាងសំខាន់ជាខែលការពារពលរដ្ឋ ពិសេសជួយយុវជនកម្ពុជា ឱ្យជៀសផុតពីហានិភ័យនៃការឆបោក ការកេងចំណេញផ្នែកនយោបាយ និងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ។

ឯកឧត្តមបានថ្លែងទៀតថា យុទ្ធនាការបានចូលរួមផ្តល់ស្ថិរភាពសតិអារម្មណ៍ និងសាមគ្គីភាពជាតិក្នុងអំឡុងពេលជម្លោះព្រំដែនកម្ពុជា ថៃ ដោយទប់ស្កាត់បាននូវការធ្លាក់ចូលក្នុងអន្ទាក់ព័ត៌មានក្លែងក្លាយពីបរទេស និងសារព័ត៌មានក្រៅប្រទេសដែលបម្រើរបៀបវារៈនយោបាយឈ្លានពានទឹកដី រំលោភអធិបតេយ្យភាពកម្ពុជា។
ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានបង្ហាញបទពិសោធន៍ដែលក្រសួងព័ត៌មាន ទទួលបានពីការចូលរួមក្នុងវេទិកាអន្តរជាតិនានាកន្លងមក ពិសេសតាមរយៈវេទិកាក្នុងតំបន់ថា បណ្តាប្រទេសអាស៊ានបានទទួលស្គាល់ កម្ពុជាជាប្រទេសគំរូក្នុងតំបន់ លើការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងបន្លំ (Disinformation) ព័ត៌មានបំភ្លៃ (Malinformation) និងព័ត៌មានដែលបង្កើតដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI។ ក្នុងវេទិការទាំងនោះ កម្ពុជាក៏បានចែករំលែកបទពិសោធន៍ និងវិធីសាស្ត្រនៃការប្រយុទ្ធប្រឆាំង ទប់ស្កាត់ព័ត៌មានក្លែងក្លាយជូនដល់បណ្តាប្រទេសដែលបានដកពិសោធន៍ និងការរៀនសូត្រពីកម្ពុជា ដើម្បីយកទៅអនុវត្តក្នុងប្រទេសខ្លួនផងដែរ៕
ដោយ ទិត ស្រ៊





