ចិនចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនតាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ -- ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនតាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ ខណៈរាជធានីភ្នំពេញនៅប្រឈមទៅនឹងការកកស្ទះចរាចរណ៍ បើទោះបីសេវាដឹកជញ្ជូនរថយន្តក្រុងសាធារណ:របស់រដ្ឋបាលរាជធានីភ្នំពេញបានដំណើរការយ៉ាងសកម្មក្តី។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះខណៈ ឯកឧត្ដមទទួលជួប លោក វ៉ាង ហៃឈិន (WANG HAI CHEN) ទីប្រឹក្សាជាន់ខ្ពស់ ក្រុមហ៊ុនសាងសង់ទីក្រុងប៉េកាំង តំណាងក្រុមហ៊ុន Beijing Urban Construction Group នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីសិក្សាគម្រោង។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ការមកជួបសម្ដែងការគួរសមនេះ គឺក្រុមហ៊ុន Beijing Urban Construction Group មានបំណងចង់សិក្សាលទ្ធភាព លើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនតាមរថភ្លេីងអាកាស (Sky Train) នៅរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា សម្រាប់រដ្ឋបាលរាជធានីភ្នំពេញស្វាគមន៍ឱ្យក្រុមហ៊ុនធ្វើការសិក្សាលទ្ធភាព លើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនតាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ ដោយសារតែការងារពាក់ព័ន្ធនឹងប្រព័ន្ធចរាចរណ៍នេះ ជាចក្ខុវិស័យដែលយើងកំពុងព្យាយាមដោះស្រាយ ឱ្យកាន់តែល្អប្រសើរឡើង ខណៈដែលរាជធានីភ្នំពេញបាននឹងកំពុងប្រឈមទៅនឹងការកកស្ទះចរាចរណ៍ដែរនោះ៕


ដោយ សួស សំរិត





