សម្ដេចតេជោ ហ៊ុន សែន ក្រើនរម្លឹកដល់មន្ត្រីរាជការ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព
AKP កណ្ដាល ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ -- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ក្រើនរម្លឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាតម្រូវការ និងសេវាចាំបាច់នានា ជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស និងមានប្រសិទ្ធភាព។ ការក្រើនរម្លឹករបស់សម្ដេចតេជោប្រមុខរដ្ឋស្ដីទីបែបនេះ ក្នុងខណៈ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល ជាង ១ ៥០០ នាក់ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំនៃស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្ដាល។

ក្នុងជំនួបសំណេះសំនាលនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយដែលបានវិលមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាក្នុងខេត្តកណ្តាលនេះសាជាថ្មី ហើយបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការ ទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនាពេលកន្លងមក។ សម្តេចតេជោក៏បានជំរុញ និងគាំទ្រចំពោះការពង្រឹងប្រសិទ្ធភាពនៃការប្រមូលពន្ធដារ និងពន្ធគយ រួមទាំងវិធានការតឹងរ៉ឹងក្នុងការទប់ស្កាត់អំពើរត់គេចពន្ធ ឬការរកស៊ីមិនបង់ពន្ធ ដើម្បីបង្កើនចំណូលថវិកាជាតិ។ សម្តេចតេជោ ក៏បានរម្លឹកដល់មន្ត្រីទាំងអស់ត្រូវបន្តរក្សានូវស្ថិរភាពជាតិ និងយកចិត្តទុកដាក់រក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។ សម្ដេចតេជោ បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការកៀបសង្កត់ណាមួយ និងត្រូវចាំថា មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន។

ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានជំរុញឱ្យអាជ្ញាធរខេត្តកណ្ដាលត្រូវបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែន ជាមួយប្រទេសវៀតណាម ក្នុងការជំរុញលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។
គួរបញ្ជាក់ដែរថា នេះជាបេសកកម្មលើកទី១២ និងចំនួន១៣ ខេត្តក្រុងហើយ របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការចុះជួបជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ ក្រសួងស្ថាប័ននានាតាមបណ្ដារាជធានីខេត្ត ដែល ជាការអនុវត្ត ក៏ដូចជា ពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព ម្យ៉ាងវិញទៀត ក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរម្លឹកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

បើតាមរបាយការណ៍របស់ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្តាលបានឱ្យដឹងថា ខេត្តកណ្តាល ជាខេត្តយុទ្ធសាស្ត្រដ៏មានសារៈ សំខាន់បំផុតមួយ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងភូមិសាស្ត្រព័ទ្ធជុំវិញរាជធានីភ្នំពេញ និងដើរតួនាទីជាខ្សែក្រវាត់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងភស្តុភារកម្មយ៉ាងរឹងមាំក្នុងការជំរុញ កំណើនសេដ្ឋកិច្ចជាតិ ដែល មានព្រំប្រទល់ខាងលិចទល់នឹងខេត្តកំពង់ស្ពឺ ខាងកើតទល់នឹងខេត្តព្រៃវែង ខាងជើងទល់ នឹងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ខាងត្បូងទល់នឹងខេត្តតាកែវ និងខេត្តអានយ៉ាង ប្រទេសវៀតណាម។ ខេត្តកណ្តាល មានសក្តានុពលខ្ពស់លើផ្នែក កសិកម្ម ,ឧស្សាហកម្ម នគរូបនីយកម្មសំណង់ ទេសចរណ៍ និងសេវាកម្មជាដើម។ ឯកឧត្ដមអភិបាលខេត្ដបានបន្ថែមថា ខេត្តកណ្តាលមានច្រកទ្វារអន្តរជាតិចំនួន២ គឺច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ និងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ ច្រកតំបន់ព្រំដែនមានចំនួន២ គឺច្រកទ្វារតំបន់ព្រំដែនព្រែកជ្រៃ-ព្រែកទន្លា និងច្រកទ្វារតំបន់ព្រំដែនព្រែកស្បូវ៕
ដោយ៖ ជឹម ណារី





