ឯកឧត្ដម សាយ សំអាល់ អញ្ជើញទទួលអំណោយសម្ភារកីឡារបស់មូលនិធិចិនដើម្បីអភិវឌ្ឍន៍ជនបទ ជូនដល់សាលារៀនក្នុងខេត្តចំនួន៣ តំបន់ឆ្នេរខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦ -- ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ នាព្រឹកថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៦ នេះ បានអញ្ជើញប្រគល់ទទួលសម្ភារកីឡារបស់មូលនិធិចិនដើម្បីអភិវឌ្ឍន៍ជនបទ (CFRD) ជូនដល់សាលាក្នុងខេត្តចំនួន៣ មានដូចជា ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត ហើយពិធីប្រគល់ទទួលសម្ភារកីឡានេះប្រព្រឹត្តនៅសាលាអនុវិទ្យាល័យសម្តេចឪ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងស្វាគមន៍ក្នុងពិធីប្រគល់ទទួលអំណោយសម្ភារកីឡាឆ្នាំ២០២៦ របស់មូលនិធិចិនដើម្បីអភិវឌ្ឍន៍ជនបទ (CFRD) ជូនដល់សាលារៀនក្នុងខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែបនេះថា នេះជាទឹកចិត្តប្រកបដោយសប្បុរសធម៌ក្នុងការឧបត្ថម្ភសម្ភារកីឡាជូនដល់សាលារៀននៅក្នុងខេត្តទាំង៣ ដែលបានបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យអប់រំ យុវជន និងកីឡានៅកម្ពុជា ជាពិសេសបានឆ្លុះបញ្ចាំងកាន់តែច្បាស់ពីការបន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាពប្រពៃណី “មិត្តដែកថែប” និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជាតិទាំងពីរសំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ បន្តពង្រឹងទំនុកចិត្តគ្នាជាយុទ្ធសាស្ត្រ កិច្ចសហប្រតិបត្តិការផ្លែផ្កាជាក់ស្ដែងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងកិច្ចសហប្រតិបត្តិការពហុភាគីកាន់តែជិតស្និទ្ធបង្កើតគំរូល្អថ្មីនៃទំនាក់ទំនងអន្តរជាតិ និងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានបញ្ចាក់ថា ខេត្តព្រះសីហនុបានចងសម្ព័ន្ធមេត្រីភាពខេត្តក្រុងបងប្អូនជាមួយបណ្តាខេត្ត-ក្រុងនៅប្រទេសចិនចំនួន២៣។ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើវិស័យកីឡា ដែលជាវិស័យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលបានដើរតួនាទីយ៉ាងសំខាន់ទាំងនៅកម្ពុជា និងសកលលោក កីឡាទទួលបានការចាប់អារម្មណ៍ និងគាំទ្រកាន់តែច្រើនពីសំណាក់មហាជន ដោយមិនគិតពីពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។ ព្រឹត្តិការណ៍កីឡាមិនមែនគ្រាន់តែជាការប្រកួតមួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាឱកាសសម្រាប់ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ សង្គមសេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះប្រទេសជាតិ ក៏ដូចជារួមចំណែកដល់ការពង្រឹងចំណងសាមគ្គីភាព មិត្តភាពរវាងប្រតិភូកីឡានៃប្រទេសដែលបានចូលរួម។ ជាក់ស្តែងជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAME) លើកទី៣២ និងកីឡាជនពិការ (ASEAN PARA GAME) លើកទី១២ ឆ្នាំ២០២៣ របស់កម្ពុជា បានបង្ហាញថា «កម្ពុជាប្រទេសតូច ប្រទេសក្រ ក៏ប៉ុន្តែបេះដូងធំទូលាយជាងមហាសមុទ្រ» និងបង្ហាញពីកិត្យានុភាពជាតិទៅកាន់ពិភពលោកឱ្យស្គាល់កម្ពុជាកាន់តែច្បាស់។

ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការពង្រឹងគុណភាពវិស័យអប់រំកីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងបន្តជំរុញចលនា «យុវជនម្នាក់ចេះកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត» រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដែលមានមន្ទីរអប់រំយុវជន និងកីឡាជាសេនាធិការ ដើម្បីអភិវឌ្ឍន៍វិស័យអប់រំកាយ និងកីឡាក្នុងក្របខណ្ឌបច្ចេកទេស និងការអនុវត្ត ដើម្បីពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីក្នុងខេត្តឱ្យកាន់តែខ្លាំងពូកែ មានថាមពលសម្រាប់ចូលរួមប្រកួតដណ្តើមជ័យជម្នះក្នុងការប្រកួតនានា។
ជាមួយគ្នានោះដែរ ឯកឧត្តម សាយ សំអាល់ ក៏បានថ្លែងអគុណក្រុមការងារវិស័យអប់រំ ដើម្បីជួយទ្រទ្រង់វិស័យអប់រំនៅខេត្តព្រះសីហនុ ជាពិសេសក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ជួយតម្រង់ទិសអភិវឌ្ឍន៍ខេត្តព្រះសីហនុ ព្រមទាំងថ្លែងអគុណដល់មូលនិធិចិនដើម្បីអភិវឌ្ឍន៍ជនបទ ដែលបាននាំយកសម្ភារកីឡាផ្តល់ជូនសាលាក្នុងខេត្តទាំង៣ នៃតំបន់ឆ្នេរ ហើយក៏ជានិមិត្តរូបយ៉ាងធំធេងសម្រាប់សេចក្តីសង្ឃឹមរបស់អ្នកខេត្តព្រះសីហនុ ព្រោះវិស័យអប់រំជាវិធានគន្លិះរបស់រាជរដ្ឋាភិបាល យើងត្រូវរស់ក្នុងបុព្វហេតុជាតិ យើងមានឯកភាពជាតិ ដើម្បីដើរទៅមុខដោយក្តីសង្ឃឹម និងមានមោទនភាព អ្វីដែលយើងធ្វើ គឺត្រឹមត្រូវបំផុត ហើយកិច្ចការអប់រំ គឺការបណ្តុះបណ្តាលធនធានមនុស្ស។
ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាល បានបញ្ជាក់ថា ចចង់ឃើញខេត្តព្រះសីហនុផលិតធនធានថ្មីៗផ្តើមចេញ ១.បរិវេណសាលា រៀបចំទីធ្លាឪ្យមានស្តង់ដារ បរិស្ថានអនាម័យល្អ មានកន្លែងអានសៀវភៅ មានទីលានកីឡា មានទីលានសម្រាប់ការរៀបចំឥន្ត្រី និងកន្លែងទទួលទានអាហារសម្រាប់សិស្សានុសិស្សប្រកបដោយផាសុខភាព ២.កសាងសហគមន៍ ភូមិឋានក្សេមក្សាន្ត គ្មានគ្រឿងញៀន គ្នានក្មេងទំនើង គ្នានចោរកម្ម និងកសាងខេត្តព្រះសីហនុជាបុរីជនបទ ចង់ឃើញកូនចៅអ្នកខេត្តព្រះសីហនុជួបជុំគ្រួសារប្រកបដោយភាពរីករាយ និងសុភមង្គ័ល នេះជារឿងធំដែលត្រូវប្រែក្លាយសាលារៀនជាទីកន្លែងរៀនសូត្រប្រកបដោយចំណេះដឹង ចំណេះធ្វើ បំណិនជីវិត និងជាកន្លែងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព គុណធម៌
និងចរិយាធម៌ ព្រោះចំណេះដឹងពិភពលោក ផ្តោតសំខាន់លើភាសាអង់គ្លេស។ ការប្រគល់សម្ភារកីឡាជាការចូលរួមជួយអភិវឌ្ឍន៍វិស័យអប់រំកាយ និងកីឡាសម្រាប់ខេត្តទាំង៣ មានដូចជាខេត្តព្រះសីហនុ កែប និងខេត្តកំពត៕
ដោយ៖ ងូ សុមុនី





