ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដឹកនាំ កិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងរចនាសម្ព័ន្ធអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦-----
ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេ ខាធិការរងរដ្ឋសភាប្រចាំការ ទទួលបន្ទុកលើការងាររបស់អគ្គនាយកដ្ឋានទំនាក់ ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន នារសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងដើម្បីពិនិត្យ ជជែក និងពិភាក្សាលើសេចក្តីព្រាង. រចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋាន។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិតបានរំលឹកពីតួនាទីយ៉ាងសំខាន់របស់ អគ្គនា យកដ្ឋានទំនាក់ទំនងអន្តរជាតិ ពិធីការ និងព័ត៌មាន ដែលជាសេនាធិការផ្ទាល់របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា។
អគ្គនាយកដ្ឋាននេះ មានភារកិច្ចទទួលខុសត្រូវលើការងារទំនាក់ទំនងអន្តរជាតិ ការងារពិធីការ និងបដិសណ្ឋារកិច្ច ព្រមទាំងសេវាសារព័ត៌មាន ដោយធ្វើកិច្ចសហការ យ៉ាងជិតស្និទ្ធជាមួយបណ្តាសភានៃប្រទេសជុំវិញសកលលោក ស្ថានទូត អង្គការជាតិ-អន្តរជាតិ ក្រសួង ស្ថាប័នរដ្ឋ ឯកជន និងអង្គការសង្គមស៊ីវិល ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការល្អ ផ្តល់សេវាពិធីការបានត្រឹមត្រូវ និងធានាលំហូរព័ត៌មានប្រកបដោយគុណភាព ទាន់ពេលវេលាជូនដល់សាធារណជនទាំងក្នុង និងក្រៅ ប្រទេស។

នៅក្នុងកិច្ចប្រជុំនោះដែរ ក៏មានការពិភាក្សាយ៉ាងលម្អិតទៅលើរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចរបស់នាយកដ្ឋានចំណុះទាំង៣ រួមមាន៖
១-នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ជាសេនាធិការគាំទ្របេសកកម្មរដ្ឋសភា ក្នុងការជំរុញលើកកម្ពស់ការទូតសភា និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ជាមួយសភានៃបណ្តាប្រទេសនានា។
២-នាយកដ្ឋានពិធីការ ជាសេនាធិការក្នុងការផ្តល់សេវាសំខាន់ៗ ដូចជាការរៀបចំកិច្ចការពិធីការរដ្ឋ ពិធីការការទូត ពិធីការសាសនា បដិសណ្ឋារកិច្ច ភ្ញៀវជាតិ-អន្តរជាតិ រៀបចំកិច្ចប្រជុំ និងការឆ្លើយឆ្លងលិខិតផ្លូវការ ប្រកបដោយវិជ្ជាជីវៈ និងទំនួលខុសត្រូវខ្ពស់។
៣-នាយកដ្ឋានព័ត៌មាន ជាសេនាធិការទទួលខុសត្រូវគ្រប់គ្រង ផលិត និងសហការជាមួយអង្គភាពព័ត៌មានជាតិ-អន្តរជាតិ ដើម្បីផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់អំពីរដ្ឋសភាជូនដល់សាធារណជន។

កិច្ចប្រជុំបានប្រព្រឹត្តទៅដោយរលូន ក្នុងស្មារតីយកចិត្តទុកដាក់ និងពិភាក្សាគ្នាយ៉ាងផុសផុល ដើម្បីធ្វើឱ្យសេចក្តីព្រាងរចនាសម្ព័ន្ធអគ្គនាយកដ្ឋាននេះ កាន់តែមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តការងារទៅថ្ងៃអនាគត៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ រដ្ឋសភា





