សម្ដេចតេជោ ហ៊ុន សែន បង្ហាញចំណារទាក់ទងដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ពិសេសការប្រមូលចំណូលចូលថវិកាជាតិ កាលនៅជានាយករដ្ឋមន្ត្រី
AKP ភ្នំពេញ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ -- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញចំណាររបស់សម្ដេចទាក់ទងដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ពិសេសការប្រមូលចំណូលចូលថវិកាជាតិ កាលនៅកាន់តំណែជានាយករដ្ឋមន្ត្រី។

នៅលើបណ្ដាញទំនាក់ទំនងសង្គម នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចតេជោបានសរសេរថា ខ្ញុំទើបរកឃើញចំណាររបស់ខ្ញុំលើលិខិតរបស់ ឯកឧត្តម គង់ វិបុល ទាក់ទងដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ពិសេសការប្រមូលចំណូលចូលថវិកាជាតិ។ សម្ដេចតេជោបន្តថា ការលូកដៃរបស់នាយករដ្ឋមន្ត្រី ចូលគាំទ្រអង្គភាពពន្ធដារមិនត្រឹមតែមិនមែនជាកំហុសនោះទេ ប៉ុន្តែវាបង្ហាញនូវចំណុចខ្លាំងដើម្បីជោគជ័យកំណែទម្រង់រដ្ឋដែលក្នុងនោះ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈជាគន្លឹះសម្រាប់ជោគជ័យនៃកំណែទម្រង់វិស័យផ្សេងទៀត។ សម្ដេចតេជោគូសបញ្ជាក់ថា ចំណារទាំង៤នេះជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្ស (ប្រាក់ខែតិចហើយអត់សាច់ប្រាក់បើកជូនទៀត) មកជាមានសាច់ប្រាក់បើកជាមួយ និងការបង្កើនបៀវត្សជូនមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ។ សម្ដេចតេជោបានបន្ថែមថា៖ «យើងមានសាច់ប្រាក់សម្រាប់ការវិនិយោគសាធារណៈដូចជា ផ្លូវស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ និងការចំណាយលើការអនុវត្តគោលនយោបាយគាំពារសង្គម ។ល។«
សម្ដេចតេជោលើកឡើងទៀតថា ភាពធន់ខាងសេដ្ឋកិច្ចរបស់យើង បង្ហាញច្បាស់ពីដំណាក់កាលកូវីដ១៩ ឆ្នាំ២០២០ រហូតមកដល់នេះដែលយើងមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្សរ៍ និងបើកបៀវត្សរ៍២ដងក្នុងមួយខែ ជាមួយនឹងការអនុវត្តគោលនយោបាយគាំពារសង្គម និងការវិនិយោគសាធារណៈផ្សេងទៀត។ សម្ដេចតេជោអះអាងថា៖ «ចំណាររបស់ខ្ញុំនាពេលនោះមុតជាងផ្លែដាវទៅទៀត តែខ្ញុំមិនខ្លាច មិនចុះញ៉ម ព្រោះវាជាផលប្រយោជន៍ជាតិ និងប្រជាជន»។
សម្ដេចតេជោបានឱ្យដឹងទៀតថា ម្យ៉ាងទៀតប្រទេសកម្ពុជាខុសប្លែកពី ប្រទេសផ្សេងទៀត ព្រោះយើងត្រូវរៀបចំឡើងវិញទាំងអស់ក្រោយរបបប៉ុលពត ដូចនេះតម្រូវឱ្យនាយករដ្ឋមន្ត្រីមានសេចក្តីក្លាហានហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។ សូមអធ្យាស្រ័យដោយចំណាររបស់ខ្ញុំអក្សរមិនស្អាតថែមទាំងខុសអក្ខរាវិរុទ្ធទៀតផង (សូមមើលអត្ថបទចម្លង)៕




ដោយ៖ ជឹម ណារី





