រដ្ឋមន្ត្រីក្រសួងផែនការអញ្ជើញជួបពិភាក្សាការងារជាមួយអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតឱ្យលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងផែនការ។
កិច្ចពិភាក្សាផ្តោតសំខាន់លើ៖ ១-ការត្រៀមរៀបចំរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត ឆ្នាំ២០២៧ (Voluntary National Review: VNR) និង២- ការរៀបចំយុទ្ធសាស្ត្រអន្តរកាលដោយរលូន (Smooth Transition Strategy: STS) ដើម្បីគាំទ្រដល់ការចាកចេញរបស់កម្ពុជាពីស្ថានភាពប្រទេសមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ២០២៩។
ការងារអាទិភាពទាំងពីរខាងលើគឺជាកិច្ចការគន្លឹះដែលមានសារៈសំខាន់ក្នុងការគាំទ្រដល់ដំណើរការអភិវឌ្ឍរបស់កម្ពុជា ស្របតាមរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០៣០ ដែលរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ដែលក្រសួងផែនការ មានតួនាទីជាសេនាធិការ និងជាស្ថាប័នដឹកនាំសម្របសម្រួលក្នុងការរៀបចំកិច្ចការទាំងនេះ។


ពាក់ព័ន្ធនឹងការរៀបចំរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត ឆ្នាំ២០២៧ ក្រសួងផែនការនឹងរៀបចំសំណើសុំគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីដឹកនាំ សម្របសម្រួល និងរៀបចំរបាយការណ៍នេះ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធរួមមានក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល ស្ថាប័នសិក្សា និងវិស័យឯកជន។ កន្លងមក កម្ពុជាបានដាក់បង្ហាញរបាយការណ៍ VNR ចំនួន ២ លើករួចមកហើយ គឺនៅឆ្នាំ២០១៩ និងឆ្នាំ២០២៣។
ដោយឡែក ចំពោះការរៀបចំយុទ្ធសាស្ត្រអន្តរកាលដោយរលូន ដើម្បីគាំទ្រដល់ការចាកចេញរបស់កម្ពុជាពីស្ថានភាពប្រទេសមានការអភិវឌ្ឍតិចតួច នៅឆ្នាំ២០២៩ ក្រសួងផែនការគ្រោងនឹងរៀបចំសេចក្តីព្រាងឯកសារនេះឱ្យបានបញ្ចប់នៅចុងឆ្នាំ២០២៦។

លោកស្រី Vladanka Andreeva បានបញ្ជាក់ថា ប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការតម្រង់ទិស និងការគាំទ្រដល់ក្រសួងផែនការ ដើម្បីសម្រេចឱ្យបាននូវកិច្ចការគន្លឹះទាំងពីរនេះជូនរាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកស្រី និងប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងផែនការ ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងការត្រៀមខ្លួនសម្រាប់ការចាកចេញពីស្ថានភាព LDC ដោយរលូន៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងផែនការ)





