សមត្ថកិច្ចបានបង្រ្កាបបទល្មើសកាប់រានដីព្រៃចំនួន១៣៩ទីតាំងនៅក្នុងតំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្រ្តខេត្តសៀមរាប
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦-- មន្រ្តីឧទ្យានុរក្សសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានចុះល្បាត និងអនុវត្តវិធានការច្បាប់ ធ្វើការទប់ស្កាត់បង្រ្កាបការទន្រ្ទានដីខុសច្បាប់ បានចំនួន១២៩ទីតាំង ស្មើនឹងដីទំហំ៣៣០,០៩ហិកតា ក្នុងដែនជម្រកសត្វព្រៃបឹងពែរ និងចំនួចំនួន ១០ទីតាំង ស្មើនឹងដីទំហំ១៨,៥៨ហិកតា នៅក្នុងដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពក នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប។

ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦នេះថា បទល្មើសដែលក្រុមការងារបង្រ្កាបបានខាងលើ គឺល្មើសនឹងក្រមបរិស្ថាននិងធនធានធម្មជាតិ មាត្រា៨៥១ ចំណុចកាប់គាស់ ឬរុករានដីព្រៃ ឬឆ្ការដុត ឬឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ។ ចំពោះអ្នកប្រព្រឹត្តបទល្មើស ត្រូវបានក្រុមការងារនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិខាងជើងបឹងទន្លេសាប មន្ទីរបរិស្ថានខេត្តសៀមរាប នឹងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ធ្វើការស៊ើបអង្កេត និងនាំខ្លួនជនល្មើស យកមកទទួលខុសត្រូវចំពោះមុខច្បាប់ ជាធរមាន។ ប្រតិបត្តិការអនុវត្តច្បាប់នេះ បានប្រព្រឹត្តទៅក្នុងអំឡុងខែមីនា និងខែមេសាឆ្នាំ២០២៦ ដើម្បីការពារគម្របព្រៃឈើឱ្យនៅគង់វង្ស ដែលគាំទ្រផ្ទាល់ដល់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលជាមូលដ្ឋានគ្រឹះនៃសសរស្តម្ភ «ភាពបៃតង»។


ក្រសួងបរិស្ថានបានបន្តឱ្យដឹងថា ក្រសួងបានកំពុងអនុវត្តច្បាប់តឹងរ៉ឹង និងការសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ចុះល្បាត ធ្វើការទប់ស្កាត់ និងបង្រ្កាបលើជនល្មើសច្បាប់ និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់តុលាការ។ ជនល្មើសត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ និងអនុវត្ត ក្រមបរិស្ថាន និងធនធានធម្មជាតិ យ៉ាងម៉ឺងម៉ាត់។


ក្រៅពីនេះក្រសួងបរិស្ថានបន្តផ្តល់សម្ភារៈ និងការពង្រឹងសមត្ថភាព លើការប្រើប្រាស់បច្ចេកវិទ្យាទំនើប រួមមាន៖ រូបភាពផ្កាយរណប និងដ្រូន ដើម្បីស្រាវជ្រាវ ក៏ដូចជាចាត់វិធានការច្បាប់នៅតាមតាមតំបន់ការពារធម្មជាតិ។ លើសពីនេះក្រសួងបរិស្ថានជំរុញការបណ្តុះ និងការដាំដើមឈើដើម្បីបង្កើនភាពបៃតង នៅតាមទីសាធារណៈ តាមមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងការដាំស្តារព្រៃ៕
ដោយ៖ មករា





