សម្ដេចតេជោ ហ៊ុន សែន ចាប់អារម្មណ៍លើលិខិតចំហររបស់អ្នកជំនាញ ផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ ផ្ដល់ដល់នាយករដ្ឋមន្ត្រីថៃ
AKP ភ្នំពេញ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦
សម្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានចាប់អារម្មណ៍ទៅលើលិខិតចំហររបស់ លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ ផ្ដល់ដល់នាយករដ្ឋមន្ត្រីថៃ។

នៅលើបណ្ដាញទំនាក់ទំនងសង្គម នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ សម្ដេចតេជោបានសរសេរថា ខ្ញុំមានការចាប់អារម្មណ៍ទៅលើលិខិតចំហររបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ ។ដូច្នេះខ្ញុំសូមចូលរួមចែករំលែកនូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជានិងថៃ បានជ្រាបបន្ថែម។
ខ្ញុំមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅលើអត្ថបទរបស់លោក សូមទុកឱ្យប្រជាជនទាំងពីរពិចារណាលើអ្វីដែលោក Surachart បានសរសេរៀបរាប់។ ខាងក្រោមខ្លឹមសារអត្ថបទទាំងស្រុង៖
បញ្ហាផែនទីខណ្ឌសីមាព្រំដែនគោក ថៃ-កម្ពុជា តាមការលើកឡើងរបស់លោក Surachart Bamrungsuk ផ្សាយលើគណនី Facebook: Matichon Weekly - มติชนสุดสัปดาห์ : ថ្ងៃទី 01/06/2026 លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ បានលើកឡើងថា «ខ្ញុំគិតជាច្រើនដងហើយថា តើខ្ញុំគួរតែសរសេរសំបុត្រចំហមួយច្បាប់នេះផ្ញើជូនលោក Anutin ដែរឬទេ ប៉ុន្តែនៅពេលគិតដល់ព័ត៌មានស្តីពីខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជា ដែលនាយករដ្ឋមន្ត្រី បានផ្តល់បទសម្ភាសន៍ដល់បណ្តាញសារព័ត៌មានផ្សេងៗរួចមក ខ្ញុំក៏សម្រេចចិត្តថា ខ្ញុំគួរតែសរសេរដើម្បីសុំការអនុញ្ញាតជម្រាបជូនព័ត៌មានពាក់ព័ន្ធនឹងរឿងខាងលើ។ រឿងដែលខ្ញុំបានលើកឡើង អាចនឹងផ្ទុយពីព័ត៌មានដែលលោកបានដឹង ដោយសារព័ត៌មានដែលពាក់ព័ន្ធនឹងរឿងខ្សែបន្ទាត់ព្រំដែនបែបនេះ គឺជារឿងដែលមានសារៈសំខាន់ខ្លាំងចំពោះ «ផលប្រយោជន៍ជាតិ» របស់ថៃ។ ដូច្នេះហើយទើបខ្ញុំត្រូវសុំការអនុញ្ញាតបង្ហាញជូនដើម្បីឱ្យមានភាពច្បាស់លាស់ ទោះបីជាដឹងថា វាអាចនឹងមិនត្រូវចិត្តលោកក៏ដោយ។

ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ព័ត៌មាន នាយករដ្ឋមន្ត្រីបានប្រកាសថា ប្រទេសថៃនឹងប្រកាន់យកតែផែនទីខ្នាត 1:50,000 តែប៉ុណ្ណោះ ហើយថែមទាំងបានប្រកាសសង្កត់ធ្ងន់ទៀតថា បើប្រើផែនទីខ្នាត 1:200,000 គឺមិនបាច់មកជជែកជាមួយប្រទេសថៃឡើយ។ ខ្ញុំចង់សុំការអនុញ្ញាតប្រាប់ដល់នាយករដ្ឋមន្ត្រីវិញថា នៅក្នុងការចរចាបញ្ហាវិវាទរឿងបន្ទាត់ព្រំដែនរវាងប្រទេស និងប្រទេស រដ្ឋគូភាគីវិវាទនឹងប្រើប្រាស់តែផែនទី ដែលទទួលបានការផ្តល់សច្ចាប័នរួចហើយតែប៉ុណ្ណោះ ចំណែកឯផែនទីផ្សេងទៀតដែលមិនទាន់ទទួលបានការផ្តល់សច្ចាប័ន គឺមិនអាចយកមកប្រើប្រាស់ជាភស្តុតាង នៅក្នុងការចរចាបញ្ហាអន្តរជាតិបានឡើយ។
ដូចដែលនាយករដ្ឋមន្ត្រីបានដឹងស្រាប់ហើយថា ប្រទេសសៀម និងបារាំង បានចុះហត្ថលេខាលើសន្ធិសញ្ញារវាងគ្នាចំនួន 3 ច្បាប់ គឺ៖ សន្ធិសញ្ញា រ.ស. 112 (សន្ធិសញ្ញាបន្ទាប់ពីវិបត្តិនៃសម័យ Rattanakosin 112 (ឆ្នាំ1893), អនុសញ្ញា រ.ស. 112 (ឆ្នាំ1904 - គឺជាការកែប្រែសន្ធិសញ្ញាឆ្នាំ1893) និងសន្ធិសញ្ញា រ.ស. 125 (ឆ្នាំ1907)។ ទាក់ទងនឹងបញ្ហានេះ ផែនទីត្រូវរៀបចំឡើងដោយគណៈកម្មការបោះបង្គោលព្រំដែន ដោយធ្វើឡើងស្របតាមអនុសញ្ញាឆ្នាំ1904 និងសន្ធិសញ្ញាឆ្នាំ1907 ហើយមានការបោះពុម្ពផ្សាយផែនទីចំនួន៥០ច្បាប់ ដើម្បីផ្ញើជូនរដ្ឋាភិបាលសៀម តាមរយៈស្ថានទូតសៀមប្រចាំទីក្រុងប៉ារីស ហើយយើងបានទទួលផែនទីទាំងនោះនៅក្នុងខែសីហា ឆ្នាំ1908។ ដូច្នេះប្រសិនបើមានបញ្ហា ឬ មានវិវាទណាមួយកើតឡើង រដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជា នឹងប្រើប្រាស់តែសន្ធិសញ្ញា និងផែនទីនេះប៉ុណ្ណោះ ជាឧបករណ៍ក្នុងការដោះស្រាយវិវាទហើយរដ្ឋាភិបាលនៃប្រទេសទាំងពីរមានកាតព្វកិច្ចត្រូវប្រើប្រាស់សន្ធិសញ្ញា និងផែនទីខាងលើ។ គេមិនបាច់គិតគូរថា តើផែនទីនេះមានខ្នាតប៉ុន្មាននោះទេ ព្រោះវាជាផែនទីខណ្ឌសីមាព្រំដែនថៃ-កម្ពុជា ដែលទទួលបានការផ្តល់សច្ចាប័នរួចរាល់ហើយ ហើយប្រធានបទនេះត្រូវបានចាត់ទុកជា គោលការណ៍នៅក្នុងនយោបាយអន្តរជាតិដែលថា ផែនទីដែលមិនទទួលបានការផ្តល់សច្ចាប័ន គឺមិនអាចយកមកអះអាងសិទ្ធិរបស់រដ្ឋតាមផ្លូវច្បាប់បានឡើយ។
តាមការពិតទៅបញ្ហាដោះស្រាយរឿងផែនទី បើត្រឡប់ទៅពិនិត្យមើលខ្លឹមសារសំខាន់នៃ «សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ករណីប្រាសាទព្រះវិហារ» នៅក្នុងឆ្នាំ១៩៦២ គឺមានភាពច្បាស់លាស់ណាស់ថា ផែនទីដែលភាគីកម្ពុជាប្រើប្រាស់ក្នុងការតស៊ូក្តី គឺ «ផែនទីខណ្ឌសីមា (ផែនទីឧបសម្ព័ន្ធទី1)»។ ចំណែកឯផែនទីដែលភាគីថៃនៅក្នុងសម័យរដ្ឋាភិបាលរបស់លោក Sarit Thanarat ប្រើប្រាស់នោះ គឺ «ផែនទីដែលធ្វើឡើងដោយអ្នកជំនាញភាគីថៃ» (ប្រយោគនេះមានបង្ហាញនៅលើផែនទីដែលរដ្ឋាភិបាលថៃបានផ្ញើជូនតុលាការពិភពលោក)។ នាយករដ្ឋមន្ត្រីប្រាកដជាបានដឹងច្បាស់ហើយថា រវាង «ផែនទីខណ្ឌសីមា» របស់ភាគីកម្ពុជា ជាមួយ «ផែនទីដែលធ្វើឡើងដោយអ្នកជំនាញថៃ» នោះ ផែនទីរបស់ភាគីថៃទំនងជាចំណុចដែលមានភាពចាញ់ប្រៀបខ្លាំងជាង នៅក្នុងការតស៊ូក្តីនៅក្នុងតុលាការអន្តរជាតិ។ ការដែលខ្ញុំលើកយកប្រធានបទផែនទីក្នុងឆ្នាំ 1962 មកធ្វើការប្រៀបធៀបបែបនេះគឺដើម្បីបង្ហាញឱ្យឃើញថា នៅទីបំផុតនៅពេលដែលមានវិវាទរវាងប្រទេសទាំងពីរ កើតឡើង រដ្ឋគូភាគីវិវាទត្រូវតែប្រើប្រាស់ផែនទីខណ្ឌសីមាជាឧបករណ៍ក្នុងការដោះស្រាយបញ្ហា។ ការដែលនាយករដ្ឋមន្ត្រីនិយាយដល់ផែនទីផ្សេងទៀត វាក៏អាចមិនខុសពីការដែលលោក Sarit Thanarat ប្រើប្រាស់ផែនទីរបស់អ្នកជំនាញថៃនោះដែរ។
ទោះជាយ៉ាងណាក៏ដោយ វាអាចនឹងមានផែនទីផ្សេងទៀតដែលបង្ហាញពីខ្សែបន្ទាត់ព្រំដែនរបស់រដ្ឋ ប៉ុន្តែផែនទីទាំងនេះត្រូវបានធ្វើឡើងដើម្បីប្រើប្រាស់ក្នុងបេសកកម្មផ្សេង ទៀត ដូចជាក្នុងបេសកកម្មយុទ្ធសាស្ត្ររបស់យោធា។ប៉ុន្តែវាមិនមានអត្ថន័យក្នុងការអនុញ្ញាត ឱ្យយកមកប្រើប្រាស់ក្នុងរឿងដែលពាក់ព័ន្ធនឹងបន្ទាត់ព្រំដែនរបស់រដ្ឋឡើយ ដូចដែលមានខ្លឹមសារបង្ហាញយ៉ាងច្បាស់នៅលើគែមផែនទីយោធាថា «ខ្សែខណ្ឌចែកដែនដីមិនត្រូវបានកំណត់ជាផ្លូវការឡើយ» (Boundary representation is not necessarily authoritative)។ ដូច្នេះទោះបីជាប្រទេសថៃមានប្រៀបនៅក្នុងផែនទីបែបនេះយ៉ាងណាក៏ដោយ ក៏ផែនទីបែបនេះមិនអាចយកទៅអះអាងសិទ្ធិក្នុងផ្លូវច្បាប់អន្តរជាតិបានឡើយ ឬក្នុងន័យដូចគ្នានេះ គឺមិនអាចយកទៅតស៊ូនៅក្នុងតុលាការពិភពលោកបានទេ។ ទោះបីជាផែនទីនេះមានខ្នាតដែលនាយករដ្ឋមន្ត្រីជឿជាក់ថា ជាភាពមានប្រៀប ដែលសំដៅទៅលើផែនទីខ្នាត 1:50,000 ក៏ដោយ ក៏វាមិនមានន័យអ្វីដែរ ព្រោះផែនទីនេះមិនមានការទទួលស្គាល់ពីរដ្ឋជិតខាង និងមិនមែនជាផែនទីដែលប្រើប្រាស់ក្នុងការកំណត់បន្ទាត់ព្រំដែនរវាងប្រទេសនោះឡើយ។
ហេតុដូច្នេះ ខ្ញុំត្រូវសុំការអនុញ្ញាតជម្រាបជូននាយករដ្ឋមន្ត្រីថា ផែនទីយោធាដែលលោកលើកឡើងមកនោះ បើទោះបីជាវា «មានប្រៀប» តែវាមិនអាចយកទៅប្រើប្រាស់ ក្នុងដំណើរការផ្លូវច្បាប់បានឡើយ។ ហើយប្រសិនបើយកទៅដាក់ជូនតុលាការពិភពលោក ក៏មិនអាចប្រើប្រាស់ជាភស្តុតាងយោងបានដែរ ព្រោះខ្លឹមសារនៅលើគែមផែនទីនោះ បានបញ្ជាក់ច្បាស់រួចទៅហើយថា មិនមែនជាផែនទីប្រើសម្រាប់រឿងបន្ទាត់ព្រំដែនឡើយ។ ប្រសិនបើមាននរណាម្នាក់ទៅប្រាប់នាយករដ្ឋមន្ត្រីឱ្យរកផ្លូវចេញផ្សេងទៀតដោយប្រើតែផែនទីខ្នាត 1:50,000 នោះ វាមិនអាចប្រើប្រាស់បានតាមផ្លូវច្បាប់បានទេ ប៉ុន្តែបើចង់ប្រើ គឺត្រូវតែប្រើផែនទីខណ្ឌសីមា ដែលមានខ្នាត 1:200,000 នោះ។ ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីបានបង្ហាញជំហរយ៉ាងច្បាស់លាស់នៅក្នុងវេទិកាសាធារណៈ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេសថៃថា រដ្ឋាភិបាលរបស់លោកនឹងមិនទទួលយកផែនទីខណ្ឌសីមាដែលមានខ្នាតបែបនេះឡើយ។ការលើកឡើងនេះ បានធ្វើឱ្យមានមនុស្សឆ្លៀតឱកាសមួយចំនួន បានស្នើដល់រដ្ឋាភិបាលថៃឱ្យធ្វើការបដិសេធទាំងអស់ ពោលគឺមិនទទួលយកសន្ធិសញ្ញាទាំង ៣ច្បាប់ និងផែនទីខណ្ឌសីមាជាមួយកម្ពុជាតែម្តង។
សំណើខាងលើ គឺជារឿងដែលមិនអាចទៅរួចឡើយទាំងនៅក្នុងការអនុវត្តជាក់ស្តែង និងនៅក្នុងផ្លូវប្រវត្តិសាស្ត្រ។ ព្រោះកិច្ចព្រមព្រៀង និងផែនទីខណ្ឌសីមាទាំងអស់នេះ គឺជារបស់ធានាអះអាងពាក់ព័ន្ធនឹងបន្ទាត់ព្រំដែនសៀមតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។ ការមិនទទួលយកឯកសារនេះ មិនមែនជាផ្លូវចេញដ៏ល្អនោះទេ ព្រោះការប្រកាសលុបចោលកិច្ចព្រមព្រៀងអន្តរជាតិដែលទទួលបានការផ្តល់សច្ចាប័នរួចមកហើយនោះ មិនមែនជារឿងដែលផ្តល់ផលប្រយោជន៍ដល់ថៃឡើយ ហើយវាអាចនឹងក្លាយទៅជាភាពចាញ់ប្រៀបក្នុងផ្លូវនយោបាយទៅឱ្យភាគីកម្ពុជាវិញ។ ម្យ៉ាងវិញទៀត សន្ធិសញ្ញា និងផែនទីទាំងអស់នេះ ត្រូវបានប្រើប្រាស់ដើម្បីគ្រប់គ្រងបន្ទាត់ព្រំដែនថៃ-ឡាវ និងថៃ-កម្ពុជា ពោលគឺវាជាឯកសារដែលប្រើប្រាស់សម្រាប់ គ្រប់គ្រងខ្សែបន្ទាត់ព្រំដែនប៉ែកខាងកើតរបស់ថៃទាំងមូល ដែលវាអាចនឹងមានទាំងផ្នែកចំណេញ និងផ្នែកខាតបង់លាយឡំគ្នា មិនមែនមានលក្ខណៈតែម្ខាង ទៅតាមអ្វីដែលបានលើកឡើងតៗគ្នាមកនោះឡើយ។ ដូច្នេះប្រសិនបើពិនិត្យមើលរូបភាពរួមទាំងមូល គឺមិនមែនប្រទេសសៀមចាញ់ប្រៀបទាំងអស់ ដូចដែលយើងធ្លាប់ជឿតាមគ្នាមកនោះទេ ព្រោះនៅក្នុងផ្នែកមួយទៀត ត្រូវដឹងថាមន្ត្រីខណ្ឌសីមា រួមទាំងក្រុមជាងវាស់វែងរបស់សៀមនាពេលនោះ មិនមែនជាអ្នកដែលខ្វះចំណេះដឹង រហូតដល់មិនមានការយល់ដឹងនៅក្នុងរឿងខណ្ឌសីមាព្រំដែននោះឡើយ។ នេះដោយសារតែយើងតែងតែបង្កើតការស្រមៃចេញពីការជឿជាក់ថា បារាំងមានអំណាចខ្លាំងជាងសៀមនៅក្នុងយុគសម័យអាណានិគម ទើបអាចកេងប្រវ័ញ្ចយកប្រៀបមកលើសៀមបានទាំងអស់ ទាំងដែលការជឿបែបនោះអាចនឹងមិនមែនជាការពិត រហូតក្លាយទៅជាបញ្ហានយោបាយនៅក្នុងពេលបច្ចុប្បន្ន។
សម្រាប់ប្រធានបទនេះ ខ្ញុំចង់សុំការអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រី សាកសួរអ្នកចេះដឹងដែលមានភាពស្មោះត្រង់ក្នុងវិជ្ជាជីវៈ និងជាអ្នកជំនាញពិតប្រាកដ ដែលអាចនឹងមិនមែនជាអ្នកនយោបាយដូចជា រដ្ឋមន្ត្រីក្រសួងការបរទេសបច្ចុប្បន្ន ដែលពេលខ្លះលោកអាចនឹងត្រូវលាក់ចំណេះដឹងពាក់ព័ន្ធនឹងរឿងខ្សែបន្ទាត់ព្រំដែន ដើម្បីកុំឱ្យមានទំនាស់ជាមួយនាយករដ្ឋមន្ត្រី។ ខ្ញុំសង្ឃឹមថា ខ្លឹមសារទាំងអស់ដែលបានសរសេរជូននាយករដ្ឋមន្ត្រីបែបនេះ លោកនឹងមិនខឹងសម្បារ និងមិនលើកឡើងតែពីការបដិសេធនោះទេ។ ព្រោះខ្ញុំមិនចង់ឃើញ ប្រទេសថៃត្រូវបានជំរុញឱ្យទៅស្ថិតនៅក្នុងជ្រុងដែលចាញ់ប្រៀប ហើយក៏មិនចង់ឃើញនាយករដ្ឋមន្ត្រី ដើរចូលទៅជាប់ «អន្ទាក់នៃជម្លោះ» ដូចដែលរដ្ឋាភិបាលថៃនៅក្នុងឆ្នាំ ២០១១ ធ្លាប់ជួបប្រទះបញ្ហានេះម្តងហើយ ដែលកាលនោះវាបានបញ្ចប់ទៅដោយសាលដីការបស់តុលាការពិភពលោកនៅក្នុងឆ្នាំ២០១៣ ដែលមានន័យស្មើនឹងការចាញ់ក្តីនៅក្នុងតុលាការពិភពលោកជាលើកទី២។ ក្រៅពីនេះ ខ្ញុំនៅតែបញ្ជាក់ថា មតិយោបល់នៅក្នុងរឿងផែនទី និងព័ត៌មានដែលបានជម្រាបជូនខាងលើ គឺមិនមានប្រធានបទនយោបាយណាមួយបង្កប់លាក់លៀមឡើយ។ ព័ត៌មានខាងលើអាចបញ្ជាក់ពីភាពត្រឹមត្រូវតាមផ្លូវច្បាប់អន្តរជាតិបានពិតប្រាកដ ដែលខ្ញុំជឿជាក់ថា មន្ត្រីរាជការដែលនៅតែ «ស្មោះត្រង់ និងមានវិជ្ជាជីវៈខ្ពស់» នៅក្នុងនាយកដ្ឋានសន្ធិសញ្ញា និងច្បាប់ របស់ក្រសួងការបរទេស និងនាយកដ្ឋានផែនទីយោធា ក៏អាចបញ្ជាក់ពីមតិយោបល់បែបនេះបានដូចគ្នាដែរ។ ចុងក្រោយនេះ ការប្រកាសរបស់នាយករដ្ឋមន្ត្រីឱ្យប្រើប្រាស់ផែនទីផ្សេងទៀត ដែលមិនមែនជាផែនទីខណ្ឌសីមានោះ អាចនឹងក្លាយជាច្រកផ្លូវឱ្យរដ្ឋាភិបាលកម្ពុជាយកមកធ្វើជាប្រធានបទក្នុងការស្នើសុំមតិយោបល់ទៅកាន់តុលាការពិភពលោកម្តងទៀត ដោយសារតែសាលដីការបស់តុលាការពិភពលោកក្នុងឆ្នាំ1962 នោះ មានផ្នែកដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយប្រធានបទរឿងផែនទីខណ្ឌសីមា។ ទោះបីជារដ្ឋាភិបាលថៃបញ្ជាក់ថា ប្រទេសថៃមានសិទ្ធិក្នុងការមិនព្រមទទួលយកអំណាចរបស់តុលាការពិភពលោកក៏ដោយ។ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង យើងបានទទួលយកអំណាចរបស់តុលាការពិភពលោករួចទៅហើយ ទាំងនៅក្នុងឆ្នាំ1962 និង2013 ហេតុដូច្នេះ បញ្ហានេះអាចធ្វើឱ្យថៃត្រូវត្រឡប់ទៅកាន់ តុលាការពិភពលោកម្តងទៀតបានដោយមិនពិបាកឡើយ។
សូមជូនព័ត៌មាននេះដល់នាយករដ្ឋមន្ត្រី ដើម្បីជ្រាប និងពិចារណា ដោយក្តីបារម្ភបំផុត ព្រោះខ្ញុំមិនចង់ឃើញលោកត្រូវបានគេអូសទាញឱ្យចូលទៅក្នុង «អន្ទាក់ច្បាប់» នៃបញ្ហាក្នុងរឿងផែនទីខណ្ឌសីមា ដោយគ្មានការជំទាស់ពីភាគីអ្នកច្បាប់ និងអ្នកជំនាញនោះឡើយ៕
ដោយ៖ ជឹម ណារី





