រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៖ ការបណ្តុះកុមារឱ្យមានចំណេះដឹង មានវិន័យ មានសីលធម៌ និងមានស្មារតីរួបរួមសាមគ្គី គឺជាការវិនិយោគដ៏សំខាន់សម្រាប់ថ្ងៃអនាគត
AKP ភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងបញ្ជាក់ថា ក្នុងបរិបទពិភពលោក បច្ចុប្បន្ន ដែលនៅតែមានការប្រឈម និងភាពមិនប្រាកដប្រជា ការបណ្តុះកុមារឱ្យមានចំណេះដឹង មានវិន័យ មានសីលធម៌ និងមានស្មារតីរួបរួមសាមគ្គី គឺជាការវិនិយោគដ៏សំខាន់សម្រាប់ថ្ងៃអនាគត ហើយកុមារដែលមានចំណេះដឹង និងគុណធម៌ល្អ នឹង ក្លាយទៅជាខែលការពារជាតិដ៏រឹងមាំបំផុត។ ការថ្លែងបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញបិទមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ ក្រសួងព័ត៌មាន ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ លោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បី សន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិល្បករ សិល្បការិនី អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងកុមារជាច្រើនរូប នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នៅសាលចតុម្មុខមង្គល ទីស្តីការការក្រសួងព័ត៌មាន។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា មហោស្រព ចម្រៀងកុមារក្នុងឱកាសឆ្នាំនេះ ត្រូវបានរៀបចំឡើងក្រោម ប្រធានបទ«កុមារជាគ្រាប់ពូជសន្តិភាព ការរៀនសូត្រជាអាវុធ និងខែលការពារជាតិ» ដែលមានអត្ថន័យជ្រាលជ្រៅ និង មានតម្លៃអប់រំខ្ពស់។ ឯកឧត្ដមរដ្ឋមន្រ្ដីលើកឡើងថា ប្រធានបទនេះបានបញ្ជាក់ថា កុមារគឺជា អនាគតនៃជាតិ និងជាកម្លាំងស្នូលសម្រាប់ការអភិវឌ្ឍប្រទេសជាតិឱ្យមានសន្តិភាព ស្ថិរភាព និងចីរភាព។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះការរៀបចំមហោស្រពនេះ ដែលមិនត្រឹមតែជាវេទិកាបង្ហាញទេពកោសល្យរបស់កុមារ តាមរយៈសិល្បៈតន្ត្រី និងចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបណ្តុះគំនិត ដល់កុមារជំនាន់ក្រោយឱ្យមានសីលធម៌រស់នៅល្អ និងមានស្មារតីស្នេហាជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ ចំពោះការតាក់តែងនិពន្ធបទចម្រៀងដែលមានចំណងជើងថា «សោកនាដកម្មប្រាសាទព្រះវិហារ» សម្រាប់ច្រៀងរួមគ្នា ដែល បានបង្ហាញឱ្យកុមារយល់ដឹងអំពីប្រវត្តិសាស្ត្រជាតិ បណ្តុះកុមារ ឱ្យមានស្មារតីស្នេហាជាតិ និងក្លាហានការការពារបេតិកភណ្ឌជាតិ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា នេះបង្ហាញថា សិល្បៈអាចក្លាយជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការបញ្ជូនសារ និងអប់រំសង្គមជាតិ ជាពិសេសចំពោះកុមារ។

ឯកឧត្តម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ក៏បានថ្លែអនូវការអបអរសាទរ និង លើកទឹកចិត្តដល់ក្មួយៗកុមារទាំងអស់ ដែលបានចូលរួមក្នុង មហោស្រពនេះបើទោះបីជាក្រុមណាមិនទទួលបានតំណែង ជ័យលាភីក៏ដោយ ក៏ការចូលរួមរបស់ក្មួយៗ គឺជាជ័យជម្នះដ៏មានតម្លៃរួចទៅហើយ។ ឯកឧត្ដមរដ្ឋមន្រ្ដីក៏សូមជំរុញឱ្យក្មួយៗបន្តខិតខំរៀនសូត្រ អភិវឌ្ឍន៍ខ្លួន និងរក្សាទុកនិងពង្រីកទេពកោសល្យនេះឱ្យកាន់តែរីកចម្រើនធំធាត់។

តាមរបាយការណ៍បញ្ជាក់របស់ លោកជំទាវ នង ធួក អនុរដ្ឋលេខាធិការ និងជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការមហោស្រពតន្ត្រី និងចម្រៀង កុមារពានរង្វាន់ក្រសួងព័ត៌មានឆ្នាំ២០២៦ បានឱ្យដឹងថា មហោស្រពចម្រៀងកុមារនេះ បានប្រារព្ធពិធីបើកកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ទទួលបានការចូលរួមពីសាលាបឋមសិក្សាចំនួន ១៧សាលា ដែលមកពីរាជធានីភ្នំពេញ ចំនួន១៣ សាលា មានបេក្ខជន ២៦ក្រុម និងមកពីខេត្តកណ្តាល ចំនួន២សាលា មានបេក្ខជនចំនួន២ក្រុម មកពីខេត្តកំពង់ធំ ចំនួនមួយសាលា មានបេក្ខជនចូលរួមចំនួន១ក្រុម និងមកពីខេត្តសៀមរាបចំនួន ១សាលា មានបេក្ខជនចំនួន២ក្រុម ហើយសរុមទាំងអស់មាន ៣១ក្រុមប្រកួត។ ក្នុងមួយក្រុមៗ គណៈកម្មការតម្រូវឱ្យតាក់តែងចម្រៀងចំនួន២បទ យកមកប្រកួតប្រជែង។ លោកជំទាវបានបញ្ជាក់ទៀតថា បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បេក្ខភាពទាំង៥ក្រុម បានឈានចូលមកប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងនោះជ័យលាភីលេខ១ បានទៅលើក្រុមមកពីសាលាបឋមសិក្សា មីគីវ៉េដង្កោក្រុម១, ជ័យលាភីលេខ២ បានទៅលើក្រុមមកពីសាលាបឋមសិក្សាមីគីវ៉េពោធិ៍សែនជ័យ, ជ័យលាភីលេខ ៣ បានទៅលើក្រុមមកពីសាលាបឋមសិក្សាវត្ត រាជបូណ៏ក្រុម២, លេខ៤ ក្រុមមកពីសាលាដុនបុស្កូក្រុម១ និង លេខ៥ បានទៅលើសាលាបឋមសិក្សាចតុមុខក្រុម៣៕

ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា





