លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាពអញ្ជើញប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាចំនួន៦៩០០នាក់ នៅក្នុងស្រុកប្រាសាទបល្ល័ង្ក
AKP កំពង់ធំ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦--លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្កបានអញ្ជើញជួបសំណេះសំណាល និងប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ចំនួន៦៩០០នាក់មកពីឃុំទាំង៧ក្នុងស្រុកប្រាសាទបល្ល័ង្កខេត្តកំពង់ធំ។

ក្នុងឱកាសនោះលោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាពបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះបងប្អូនសមាជិកសមាជិកាបក្សទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។

ដើម្បីពង្រឹងប្រសិទ្ធភាពការងារបក្សឱ្យកាន់តែប្រសើរឡើង លោកអ្នកឧកញ៉ា បណ្ឌិត បានផ្តល់ការណែនាំ និងដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រសំខាន់ៗដល់ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង៧ ក៏ដូចជាគណៈកម្មាធិការគណបក្សស្រុក និងឃុំត្រូវយកចិត្តទុកដាក់អនុវត្តតាមទិសដៅការងារដែលគណបក្សបានដាក់ចេញឱ្យមានប្រសិទ្ធភាព និងស័ក្កិសិទ្ធិភាព ជាពិសេសទាំងសមាសភាពក្រុមការងារចុះមូលដ្ឋានស្រុកក៏ដូចជាសមាសភាពក្រុមការងារគណបក្សស្រុក-ឃុំ ត្រូវយកចិត្តទុកដាក់ខ្ពស់ និងត្រូវចុះសួរសុខទុក្ខ ជួយឧបត្ថម្ភគាំទ្រដល់គ្រួសារដែលជួបការលំបាក ឬគ្រួសារដែលមានសមាជិកទទួលមរណៈភាព ព្រមទាំងត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ “រក្សាចាស់ បង្កើនថ្មី”ដើម្បីកៀរគរកម្លាំងសាមគ្គីបន្ថែម ក្នុងស្មារតីបម្រើជាតិ និងប្រជាជន ហើយត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨ខាងមុខ។

លោកអ្នកឧកញ៉ា បណ្ឌិត ក៏បាននាំយកនូវអំណោយមួយចំនួនចែកជូនដល់ថ្នាក់ដឹកនាំគណបក្សស្រុក-ឃុំ កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យនិងប្រជាពលរដ្ឋដែលបានចូលរួមទាំង៦៩០០ផងដែរ សរុបប្រមាណ៥២០លានរៀល៕

ដោយ ស៊ុម វណ្ណា





