ឯកឧត្តម អ៊ុ រាត្រី បញ្ជាដាច់ណាត់ឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យពង្រឹងសន្តិសុខ និងត្រៀមរៀបចំយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” គាំទ្រមន្ទីរពេទ្យគន្ធបុប្ផា
AKP បន្ទាយមានជ័យ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យវាយតម្លៃការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងត្រៀមលក្ខណៈសម្បត្តិសម្រាប់យុទ្ធនាការសប្បុរសធម៌ជាតិ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គណៈអភិបាលរងខេត្ត ក៏ដូចជាមន្ទីរ អង្គភាពពាក់ព័ន្ធ និងអភិបាលក្រុង-ស្រុកទូទាំងខេត្ត។

ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ឯកឧត្តម អ៊ុ រាត្រី បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋ។ ជាពិសេស ឯកឧត្តមបានសង្កត់ធ្ងន់លើប្រតិបត្តិការបង្ក្រាប និងត្រួតពិនិត្យទីតាំងសង្ស័យដែលលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលនៅសេសសល់ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។

បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យអាជ្ញាធរក្រុង-ស្រុកមន្ទីរអង្គភាពបន្តដោះស្រាយរាល់សំណូមពរ និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា រួមទាំងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាសាធារណៈឱ្យកាន់តែមានល្បឿន និងតម្លាភាព។

ងាកទៅកាន់ការងារសង្គមវិញ ឯកឧត្តម អ៊ុ រាត្រី បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្ត ចូលរួមគាំទ្រយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅពេញមួយខែមិថុនា (ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣០)។ យុទ្ធនាការនេះរៀបចំឡើងដោយមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលបំណងអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា និងដើម្បីធានានិរន្តរភាពនៃបេសកកម្មមនុស្សធម៌របស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការសង្គ្រោះជីវិតទារក និងកុមារនៅកម្ពុជា។

ឯកឧត្តមបានមានប្រសាសន៍ថា ការចូលរួមបរិច្ចាគ ទោះតិចក្តី ឬច្រើនក្តី គឺជាការបង្ហាញពីទឹកចិត្តស្រលាញ់ និងស្មារតីសាមគ្គីភាព “ខ្មែរជួយខ្មែរ” ដើម្បីផ្តល់ក្តីសង្ឃឹម និងឱកាសរស់រានមានជីវិតដល់កុមារកម្ពុជាយើង»។

ដើម្បីឱ្យយុទ្ធនាការនេះកាន់តែផុសផុល រដ្ឋបាលខេត្តបន្ទាយមានជ័យក៏បានរៀបចំកម្មវិធី “ជិះកង់ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់សប្បុរសជន និងមហាជនទាំងអស់ សូមចូលរួមឱ្យបានច្រើនកុះករ ដើម្បីរួមចំណែកជោគជ័យក្នុងបេសកកម្មដ៏ថ្លៃថ្លានេះ៕
ដោយ ឈុន សារ៉ាត





